ជំនួយវ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់ប្រទេសចិនទៅកាន់ទ្វីបអាហ្រ្វិក ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគរាតត្បាត

បរទេស៖ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បាននិយាយថា បើទោះបីជាប្រទេស​ចិន និងអាហ្រ្វិកនៅឆ្ងាយពីគ្នាក៏ដោយ ប៉ុន្តែប្រទេសចិននៅតែផ្តល់ជំនួយវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទៅកាន់ទ្វីបអាហ្រ្វិកក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគរាតត្បាត ដោយលោកបានបញ្ជាក់សារជាថ្មីពីការប្តេជ្ញាចិត្តរបស់ចិនចំពោះការផ្តល់វ៉ាក់សាំងដល់បណ្តាប្រទេសនៅអាហ្វ្រិក។
លោក វ៉ាង បានធ្វើការកត់សម្គាល់ខាងលើនេះនៅក្នុងអំឡុងពេលសន្និសីទសារព័ត៌មានរួមគ្នាមួយជាមួយរដ្ឋមន្ត្រីការបរទេសសេណេហ្គាល់ លោក Aissata Tall Sall បន្ទាប់ពីធ្វើជាប្រធានសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី៨ នៃវេទិកាស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក (FOCAC)។
ឆ្លើយតបនឹងសំណួរអំពីការពិចារណា និងវិធានការជាក់លាក់របស់ចិនក្នុងការផ្តល់ជំនួយវ៉ាក់សាំងថ្មីរបស់ខ្លួនទៅកាន់ទ្វីបអាហ្រ្វិកនោះ លោក វ៉ាង បាននិយាយថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានប្រកាសថា ប្រទេសចិននឹងផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ១ប៊ីលានដូសបន្ថែមទៀតដល់អាហ្វ្រិក ដែលក្នុងនោះវ៉ាក់សាំងចំនួន ៦០០លានដូសគឺជាការបរិច្ចាគ និង ៤០០លានដូសនឹងត្រូវបានផ្តល់ជូនតាមរយៈមធ្យោបាយនានា ដូចជាការផលិតរួមគ្នាដោយសហគ្រាសចិន និងបណ្តាប្រទេសនៅអាហ្វ្រិកដែលពាក់ព័ន្ធជាដើម។
លោកបាននិយាយថា វិធានការដ៏សំខាន់នេះឆ្លើយតបទៅនឹងកង្វល់ដ៏ធំបំផុតរបស់បណ្តាប្រទេសនៅអាហ្វ្រិកនាពេលបច្ចុប្បន្ននវ ហើយត្រូវបានកោតសរសើរយ៉ាងខ្លាំងពីបណ្តាមេដឹកនាំ និងអ្នកតំណាងអាហ្រ្វិក ដោយលោកបាននិយាយបន្ថែមថា ប្រទេសចិនតែងតែគោរពការសន្យារបស់ខ្លួន និងចូលរួមកិច្ចពិភាក្សាជានិច្ច។
រហូតមកដល់ពេលនេះ ប្រទេសចិនបានផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាង ១,៨ប៊ីលានដូសហើយដល់ជាង ១២០ប្រទេស និងអង្គការអន្តរជាតិ ដែលក្នុងនោះមានប្រមាណ ១៨០លានដូសត្រូវបានផ្តល់ទៅឱ្យទ្វីបអាហ្រ្វិក៕ (ប្រភព People’s Daily ) by AKP
អត្ថបទដែលជាប់ទាក់ទង