អង្គការអន្តរជាតិភាពជាដៃគូនៃការគ្រប់គ្រងបរិស្ថានសមុទ្រអាស៊ីបូព៌ា ហៅកាត់ PEMSEA បានឯកភាពគ្នាលើផែនទីរួមមួយ ក្នុងការគ្រប់គ្រង និងការពារអភិរក្សសមុទ្រនៅ ក្នុងតំបន់អាស៊ីបូព៌ា

ខេត្តព្រះសីហនុ៖ រដ្ឋមន្ត្រីនៃអង្គការអន្តរជាតិភាពជាដៃគូនៃការគ្រប់គ្រងបរិស្ថានសមុទ្រអាស៊ីបូព៌ា ហៅកាត់ PEMSEA បានឯកភាពគ្នាលើផែនទីរួមមួយ ក្នុងការគ្រប់គ្រង និងការពារអភិរក្សសមុទ្រនៅ ក្នុងតំបន់អាស៊ីបូព៌ា ដើម្បីធានាឱ្យមានចីរភាពពីការគ្រប់គ្រងអភិរក្សតំបន់ឆ្នេរ ក៏ដូចជាពង្រឹងទៅលើសុខុមាលភាពសមុទ្រ និងចរន្តនៃសេដ្ឋកិច្ច។
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា រដ្ឋមន្ត្រីនៃសមាជិក​​របស់​PEMSEAដែលមានចំនួន ១១ប្រទេស បានពិនិត្យ និងឯកភាពទៅលើការគ្រប់គ្រងតំបន់ឆ្នេរ ការអភិវឌ្ឍន៍នៅតាមតំបន់ឆ្នេរដោយចីរភាព ការគាំពារសុខុមាលភាព របស់ប្រជាពលរដ្ឋដែលពាក់ព័ន្ធទៅនឹងការ បង្កើតសមត្ថភាពរបស់ពួកគាត់ ដែលបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជាបង្កើតទៅនឹងប្រាក់ចំណូលរបស់ពួកគេ ព្រមទាំងផែនការសកម្មភាពផ្សេងៗដែលបានកំណត់ទិសដៅចាប់ពីពេលនេះរហូតដល់ឆ្នាំ២០៣០ ដើម្បីធានា ឱ្យមានចីរភាពពីការគ្រប់គ្រងអភិរក្សតំបន់ឆ្នេរ។
ក្រសួងបរិស្ថានកម្ពុជា និងរដ្ឋបាលក្រុងព្រះសីហនុ បានរៀបចំធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតសមុទ្រលើកទី៧ កាល ពីថ្ងៃទី១-២ ខែធ្នូ ឆ្នាំ២០២១ ដោយផ្តោតលើប្រធានបទ «បង្កើតទសវត្សរ៍ថ្មីនៃសុខុមាល ភាពសមុទ្រ មនុស្ស និងសេដ្ឋកិច្ច» ដោយមានការចូលរួមផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូ Zoomពីសមា​ជិកអង្គការ PEMSEA ទាំង១១ប្រទេស ក្នុងគោលបំណងលើកកម្ពស់ជីវភាព និងសេដ្ឋកិច្ចខៀវ​ប្រកបដោយនិរន្តរភាព។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំនេះ ឯកឧត្តម នេត្រ ភក្រ្តា បានបញ្ជាក់ថា ប្រទេសទាំង​១១ នៃសមាជិកអង្គការ PEMSEA បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមដែលគេហៅសេចក្តីថ្លែងការណ៍ របស់រដ្ឋមន្រ្តីនៃអង្គការ PEMSEAនៅក្នុងមហាសន្និបាទនេះ ដើម្បីបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់បណ្តាប្រទេសជាសមាជិកនៅក្នុងការការពារ អភិរក្សសមុទ្រដែលជាអាយុជីវិតរបស់ប្រជាពលរដ្ឋរាប់​រយលាននាក់នៅក្នុងតំបន់។ ជាមួយគ្នានេះ ក៏បានកំណត់ផែនការ យុទ្ធសាស្រ្តដើម្បីធ្វើយ៉ាងណា រៀបចំការអភិរក្ស និងការពារឱ្យបានល្អប្រសើរទាំងប្រព័ន្ធអេកូឡូស៊ី និងប្រព័ន្ធបរិស្ថាន។
ឯកឧត្តមរដ្ឋលេខាធិការ បាន បញ្ជាក់បន្ថែមថា ចំពោះការអនុម័តលើសេចក្តីសម្រេចនានា ក៏ដូចជាសេចក្តីប្រកាសនៅទីក្រុងព្រះសីហនុដោយរដ្ឋមន្រ្តីរបស់ PEMSEAនៅក្នុងកិច្ចប្រជុំលើកទី៧នេះ គឺជាផ្នែកមួយនៃការដើរទន្ទឹមគ្នានឹងផែនការអភិរក្ស និងការអនុវត្តខេត្តនៅជាប់សមុទ្រសំដៅធ្វើយ៉ាងណាឱ្យខេត្តទាំងអស់នេះមានសេដ្ឋកិច្ចខ្ពស់ ហើយទាក់ទាញភ្ញៀវទេសចរ។
ឯកឧត្តម មានប្រសាសន៍ថា « រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន រួមទាំងរដ្ឋបាលខេត្តថ្នាក់ក្រោមជាតិ បានរៀបចំអនុវត្តគម្រោងការពារ និងអភិរក្សសមុទ្រ និងតំបន់ជុំវិញ ដើម្បីអាចទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគកាន់តែច្រើន។ ចំពោះវិធានការការពារ បរិស្ថាន ក៏មានកម្រិតខ្ពស់ ដោយបច្ចុប្បន្ន ខេត្តព្រះសីហនុមានអាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន២កន្លែងកំពុងដំណើរការ និងអាងប្រព្រឹត្តកម្មទឹកមួយទៀតកំពុងសាងសង់ ដើម្បីជួយដល់ការគ្រប់គ្រងបរិស្ថានកាន់តែល្អប្រសើរថែមទៀត»។ ឯកឧត្តម បន្តថា «ចំពោះឆ្នេរសមុទ្រយើង គឺគ្រប់គ្រងបានល្អ យើងបានកាត់បន្ថយការបំពុល ពិសេសការបំពុលដោយប្លាស្ទិកតែម្តង។ទាំងនេះគឺជាគោលការណ៍របស់អង្គការ PEMSEA ដែលផ្តោតសំខាន់ទៅលើការបំពុលបរិ​ស្ថានសមុទ្រ ដូចជាការបំពុលដោយបា្លស្ទិក ការនេសាទហួសកម្រិតលើធនធាន និងរួមទាំងការ ប៉ះពាល់ផ្សេងៗទៀត។
គួរបញ្ជាក់ថា មហាសន្និបាតសមុទ្រអាស៊ីបូព៌ា ត្រូវបានរៀបចំឡើងរៀង រាល់ ៣ឆ្នាំម្តងដោយមានការចូលរួមពីប្រទេសជាសមាជិកនៃអង្គការ PEMSEA ដែលមានចំនួន១១ប្រទេស មានដូចជា៖ កម្ពុជា សិង្ហបុរី ឡាវ ហ្វីលីពីន ឥណ្ឌូនេស៊ី វៀតណាម ទីម័រខាងកើត ចិន កូរ៉េខាងត្បូង កូរ៉េខាងជើង ជប៉ុន ព្រមទាំងមានអង្គការដៃគូជាច្រើនទៀត៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង