ព្រឹកស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១១និងផ្លូវក្នុងខេត្តព្រៃវែង តម្លៃជិត ១០០លានដុល្លារ

សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ស្អែកនេះ នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ ១១ និងផ្លូវក្នុងក្រុងព្រៃវែងប្រវែងជិត ១០០ គីឡូម៉ែត្រ​ ។
ពិធី សម្ពោធនេះ នឹងរៀបចំធ្វើនៅភូមិបារាយណ៍កើត សង្កាត់បារាយណ៍ ក្រុងព្រៃវែង ខេត្តព្រៃវែង ។
ផ្លូវជាតិ​លេខ១១ តភ្ជាប់រវាង​ខេត្តព្រៃវែងត្រង់​ចំណុចប្រសព្វផ្លូវជាតិលេខ​១ (អ្នកលឿង) និងខេត្ត​ត្បូងឃ្មុំ ត្រង់ចំណុចប្រសព្វផ្លូវជាតិលេខ៧ (ថ្នល់​ទទឹង)។ ផ្លូវនេះ​មានប្រវែង​សរុប ៩៦គីឡូ ម៉ែត្រ ក្នុងនោះ​រួមមាន៖ ផ្លូវមេប្រវែង ៨៦,៨០៨ គីឡូម៉ែត្រ និងផ្លូវក្នុងក្រុងព្រៃវែងប្រវែង ៩,១៩៤ គីឡូ​ម៉ែត្រ ចាប់ពីអ្នកលឿងចំណុចប្រសព្វផ្លូវជាតិលេខ១ ស្ថិតនៅភូមិលេខ៤ ឃុំ ព្រែកខ្សាយ-ខ ស្រុកពាមរក៍ ខេត្តព្រៃវែង ដល់ថ្នល់ទទឹង ចំណុច ប្រសព្វ​ផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ក្រាលបេតុងកៅស៊ូ AC កម្រាស់ ៥សង់ទីម៉ែត្រ ទទឹងតួផ្លូវ ១១ ម៉ែត្រ និងបំពាក់ដោយស្លាកសញ្ញាចរចរណ៍ គូសគំនូស ចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិ ភាពតាមដងផ្លូវផងដែរ។
កំណាត់ផ្លូវលេខ ១១ ជាផ្លូវសេដ្ឋកិច្ចសំខាន់មួយ ដើម្បី​សម្រួល​ដល់ការ​ធ្វើចរាចរណ៍​បន្ថែមទៀត​រវាង​ខេត្តព្រៃវែង និង​ខេត្តត្បូងឃ្មុំ។ ផ្លូវនេះ​សាង សង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន (CRBC) ដោយចំណាយទឹកប្រាក់ចំនួនជិត ១០០លានដុល្លារអាមេរិក( ៩៨, ៣៨៨, ០០០ដុល្លារ​អាមេរិក) ជាហិរញ្ញប្បទានពីសាធារណរដ្ឋប្រជាមានិតចិន ចំណាយរយៈពេលសាងសង់​ចំនួន​៤៤ខែ គិតចាប់​ពីខែធ្នូ ឆ្នាំ​២០១៧ និង​​បញ្ចប់​នៅចុងឆ្នាំ​២០២០៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង