សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញអមដំណើរសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលគោរពព្រះវិញ្ញាណក្ខន្ធ ព្រះសព សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ នៅទីតម្កល់ព្រះសព ស្ថិតនៅព្រះដំណាក់

ភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ២កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញអមដំណើរសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលគោរពព្រះវិញ្ញាណក្ខន្ធ ព្រះសព សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ នៅទីតម្កល់ព្រះសព ស្ថិតនៅព្រះដំណាក់ តាមបណ្ដោយផ្លូវសម្តេចប៉ាន់ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានយាងចូលព្រះទិវង្គតនៅថ្ងៃអាទិត្យ ៩រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ កាលពីវេលាម៉ោង៩និង៤០ព្រឹក នៅសាធារណរដ្ឋបារាំង ត្រូវនឹងម៉ោង៣និង៤០នាទីរសៀល ម៉ោងនៅព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះជន្មាយុ៧៧ព្រះវស្សា ដោយព្រះរោគាពាធ។ ព្រះសពព្រះអង្គត្រូវបានដង្ហែរពីសាធារណបារាំងតាមយន្តហោះពិសេសមកដល់មាតុប្រទេសកាលពីព្រឹកថ្ងៃទី៥ ខែវិច្ឆិកា។

រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី៨ ខែវិច្ឆិកា ជាថ្មីកាន់ព្រះមរណទុក្ខផ្លូវការនៃការយាងចូលព្រះទិវង្គតរបស់សម្ដេចក្រុមព្រះ។ សម្ដេចក្រុមព្រះនរោត្តម នរោត្តម រណឬទ្ធិ ជាអតីតនាយករដ្ឋមន្ត្រីទី១នីតិកាលទី១ នៃរដ្ឋសភា ជាអតីតប្រធានរដ្ឋសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជាអតីតប្រធានគណបក្សហ៊្វិនស៊ិនប៉ិច មុនចូលព្រះទិវង្គត។ ព្រះសពព្រះអង្គត្រូវតម្កល់ធ្វើព្រះពិធីបុណ្យរយៈពេល៣ថ្ងៃមុននឹងប្រារព្ធព្រះពិធីរំលាយព្រះសពនៅមុខវត្តបុទមវត្តី រាជធានីភ្នំពេញ៕







