ជម្រុញការលើកប៉ាណូ បោះបង្គោល ដាំឈើឫស្សីឡើងវិញ លើដីព្រៃលិចទឹកតំបន់៣ បឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖ ប្រតិភូអន្តរក្រសួងដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ រដ្ឋបាលខេត្តបន្ទាយមានជ័យ ក៏ដូចជាជំនាញពាក់ព័ន្ធបានឯកភាពគ្នាលើការជម្រុញអោយលើកប៉ាណូ បោះបង្គោល ដាំឈើឫស្សីឡើងវិញលើដីព្រៃលិចទឹកតំបន់៣ បឹងទន្លេសាប ដែលគេរំលោភយក ហើយត្រូវរឹបអូសយកមកវិញនិងដែលអភិរក្សបាននៅភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។
ស្មារតីខ្លឹមសារនេះ បានអោយដឹងកាលពីកិច្ចប្រជុំមួយកាលពីរសៀលដល់ល្ងាចថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ នាសាលប្រជុំធំសាលាខេត្តបន្ទាយមានជ័យ ។
សូុមបញ្ជាក់ថា ប្រតិភូអន្តរក្រសួងដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រួមមានឯកឧត្តម វ៉េង សុខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយម ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងខេមរភូមិននិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានបន្តចុះបេសកម្មនៅខេត្តបន្ទាយមានជ័យ ក្នុងបំណងបន្តអនុវត្តនូវបទបញ្ជាររបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាលខេត្តទាំង៥ ជាប់តំបន់ទំនាបព្រៃលិចទឹក និងបឹងទន្លេសាប ទប់ស្កាត់ និងបង្រ្កាបជាបន្ទាន់ ចំពោះការលួចកាប់ព្រៃលិចទឹក និងវាទទីយកដីនៅតាមបឹងទន្លេសាប។
ប្រតិភូបានចុះទៅទីតាំងដើម្បីពិនិត្យស្ថានភាពនិងធ្វើការងារបច្ចេកទេស ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រិត្យលេខ១៩៧ អនក្រ.បក ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១១ ស្តីពីការកំណត់ដែនព្រៃលិចទឹកក្នុងតំបន់៣បឹងទន្លេសាបមានចំនួន ៦៤៧.៤០៦ហិចតា ស្ថិតនៅក្នុងខេត្តទាំង៦ជុំវិញបឹងទន្លេសាប ( ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តកំពង់ធំ ) ។
ក្នុងនោះនៅភូមិសាស្ត្រខេត្តបន្ទាយមានជ័យ មានទំហំដី១២.២៩៧ហិចតា និងមាន៤៨ ចំណុចនិយាមការ ស្ថិតនៅក្នុងឃុំប្រាសាទនិងភ្នំលៀបស្រុកព្រះនេត្រព្រះ និងឃុំសំបួរ ស្រុកមង្គលបូរី ការស្រាវជ្រាវបឋមរបស់មន្ទូីរកសិកម្មខេត្ត រកឃើញការទន្ទ្រានចាស់លើដីព្រៃលិចទឹក តំបន់៣ ចំនួន ១១ទីតាំង ស្មើទំហំ ៥.៣៥០ហិចតា លើដីសរុប ១២.២៩៧ហិចតា គឺនៅឃុំប្រាសាទ ៣ទីតាំង ស្មើនឹង ៦៥០ហិចតា នៅឃុំភ្នំលៀប ៨ទីតាំង ស្មើនឹង៤.៧០០ហិចតា ។ ក្រោយទទួលបទបញ្ជាសម្តេចតេជោ ក្រុមចម្រុះខេត្តបានចុះពិនិត្យ និងយោងតាមរបាយការណ៍របស់កងរាជអាវុធហត្ថខេត្ត បានរកឃើញនៅចំណុចទាំង៣ខាងលើ ថាមានការរំលោភចូលអាស្រ័យផលពីពលរដ្ឋចំនួន ៤៣៩នាក់(ពលរដ្ឋក្នុងមូលដ្ឋាន ៤១៩នាក់) អស់ផ្ទៃដីប្រមាណ ៧.៨៣៤,២៤ហិចតា ឆ្នាំ២០១០-២០១១ ត្រូវបានបោះបង្គោលកំណត់ព្រំដីតំបន់ ថ្នាក់ជាតិបាន ១១បង្គោល និងថ្នាក់ខេត្តបាន ១៥បង្គោល ។
ព្រៃលិចទឹកតំបន់បី ដែលនៅក្នុងភូមិសាស្ត្រឃុំភ្នំលៀប ឃុំប្រាសាទ ក្នុងស្រុកព្រះនេត្រព្រះ និងឃុំសំបួរ ក្នុងស្រុកមង្គលបូរី មានផ្ទៃដីទំហំ មានចំនួន ១២.២៩៧ហិចតា ក្នុងនោះរដ្ឋបាលខេត្តបានបង្កើតក្រុមការងារចម្រុះពិនិត្យនិងស្រាវជ្រាវការទន្ទ្រានដីព្រៃលិចទឹកនោះ ៤ក្រុម ជំនួយការណ៍បានចេញលិខិតសជណ ស្តីពីការចុះទប់ស្កាត់ និងបង្ក្រាបការរុករានទន្ទ្រាន កាន់កាប់អាស្រ័យផលនៅភូមិសាស្ត្រទាំង៣ឃុំនៃ២ស្រុក ក្រុមការងារចម្រុះដឹកនាំដោយឯកឧត្តម អ៊ុំ រាត្រី និងឯកឧត្តម លាង មុន្នីរឹទ្ធ រដ្ឋលេខាធីការក្រសួងរៀបចំដែនដី បានចុះពិនិត្យទូតាំងជាក់ស្តែង ។
ក្រុមការងារបច្ចេកទេសបានស្វែងរកនិងផ្ទៀងផ្ទាត់បង្គោលតំបន់៣ ភូមិសាស្ត្រខេត្តចំនួន ២៦បង្គោល គឺត្រឹមត្រូវតាមនិយាមក្នុងអនុក្រឹត្យលេខ១៩៧អនក្រ.បកចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១១ ក្នុងនោះ បង្គោលខ្លះរក្សាទ្រង់ទ្រាយដើម ខ្លះដួល ទ្រេត រលំ ខ្លះខុសទីតាំង ខ្លះបាត់និងខ្លះចូលមិនដល់ ខេត្តក៏លើកឡើងពីទិសដៅបន្ត ការស្នើសុំគោលការណ៍ណែនាំអនុវត្តបន្តចំនួន ៨ចំណុច ឆ្លងកាត់ការពិភាក្សា ពិគ្រោះយោបល់ អំពីវឌ្ឍនភាពការងារ ក្នុងការពិនិត្យ ស្រាវជ្រាវ និងវិធានការចំពោះមុខ ដែលត្រូវអនុវត្តឱ្យមានប្រសិទ្ធភាព និងតម្លាភាពនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ក៏បានដាក់ចេញផែនការ និងវិធានការ ចំនួន ៧ចំណុចដូចខាងក្រោម៖
១. ជូនរដ្ឋបាលខេត្តបន្ទាយមានជ័យចេញលិខិតណែនាំដល់អាជ្ញាធរស្រុក ឃុំ បញ្ចប់ការពិនិត្យបញ្ជាក់ លើលិខិតសុំកាន់កាប់ដី និងលិខិតផ្ទេរសិទ្ធិកាន់កាប់ដី ក្នុងដែនព្រៃលិចទឹក ព្រមទាំងចេញលិខិតបដិសេធ លើរាល់លិខិតដែលបានចេញរួចពីពេលមុន។
២. ជូនរដ្ឋបាលខេត្តបន្ទាយមានជ័យ ចាត់វិធានការបញ្ឈប់ការចូលទន្ទ្រានដី ដែនព្រៃលិចទឹកបន្តទៀត ធ្វើអត្តសញ្ញាណអ្នកដែលបានចូលទន្ទ្រាន ដើម្បីធ្វើការដកហូតដី និងចាត់វិធានការតាមផ្លូវច្បាប់ ដោយត្រូវកសាងអង្គហេតុ និងដាក់បណ្តឹងអាជ្ញាទៅតុលាការ។
៣. ទន្ទឹមនឹងវិធានការផ្លូវច្បាប់ ជនល្មើសត្រូវដាំដើមឈើឡើងវិញ លើផ្ទៃដីដែលបានទន្ទ្រាន។
៤. កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចាត់កម្លាំងចុះល្បាតតាមគោលដៅ ដើម្បីទប់ស្កាត់ការទន្ទ្រាន ដីព្រៃលិចទឹក និងអនុវត្តវិធានការច្បាប់។
៥. ជូនក្រសួងធនធានទឹក និងឧតុនិយម ទទួលបន្ទុកដាំបង្គោលព្រំដែនព្រៃលិចទឹក ដែលខ្វះ និងដែលបានដួលរលំ និងដាក់ពាក្យសុំចុះបញ្ជីដីរដ្ឋ នូវដីព្រៃលិចទឹកតំបន់ទន្លេសាប។
៦. ចំពោះប្រជាពលរដ្ឋ ដែលបានដាំដំណាំ ពិសេសដំណាំស្រូវ ទុកពេលឱ្យប្រមូលផល រួចស្នើឱ្យធ្វើលិខិតទទួលកំហុស និងប្រគល់ដីព្រៃលិចទឹកជូនរដ្ឋវិញ។
៧. ការដាំដើមឈើឡើងវិញ ផ្តល់អាទិភាពលើការដាំដើមឫស្សី។
សូមបញ្ជាក់ថា នៅមុនឱកាសដឹកនាំកិច្ចប្រជុំ ប្រតិភូដែលដឹកនាំដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក៏បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងដីដែលត្រូវបានទន្ទ្រាន ក្នុងដែនព្រៃលិចទឹកតំបន់បឹងទន្លេសាប (តំបន់៣) ចំណុចឃុំភ្នំលៀប ស្រុកមង្គលបូរី នៃខេត្តបន្ទាយមានជ័យរួចហើយផងដែរ៕