សំណង់មន្ទីរពេទ្យពហុជំនាញភ្នំពេញនឹងត្រូវសាងសង់ឡើងកំពស់២៦ជាន់ ដោយប្រើប្រាស់ពេលនៃការសាងសង់ប្រមាណ៤ទៅ៥ឆ្នាំ

ភ្នំពេញ៖ សំណង់មន្ទីរពេទ្យពហុជំនាញភ្នំពេញ ដែលមានទីតាំងនៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករានឹងត្រូវសាងសង់ឡើងកំពស់ ២៦ជាន់ ក្រោមដី៣ជាន់ និងអាចដាក់គ្រែសំរាកពិនិត្យព្យាបាលអ្នកជំងឺបានពី ១៥០ទៅ ២០០គ្រែ ដែលគ្រោងសាងសង់ឲ្យរួចរាល់ក្នុងរយៈពេលពី ៤ទៅ៥ឆ្នាំ ។

សំណង់មន្ទីរពេទ្យពហុជំនាញភ្នំពេញ បានធ្វើពិធីក្រុងពាលី នឹងបញ្ចុះបឋមសិលាតាមបែបសាសនាដើម្បី​សុំ​ម្ចាស់ទឹកម្ចាស់ដី​សុំ​សេចក្តីសុខសេចក្តីចំរើន បើកការដ្ឋានសាងសង់ នៅរសៀលថ្ងៃទី៦ធ្នូនេះ ក្រោមវត្តមានឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ដោយមានលោកវេជ្ជបណ្ឌិត ឈុន ឡាយ ជាតំណាងមន្ទីរពេទ្យពហុជំនាញភ្នំពេញនេះ។

បើតាមអ្នកគ្រប់គ្រងមន្ទីរពេទ្យពហុជំនាញភ្នំពេញនេះបានគូសបញ្ជាក់ថា ដោយមានការផ្តល់ការគាំទ្រ និងលើកទឹកចិត្តពីសំណាក់ លោកឃួង ស្រេង និងលោកស្រីបានធ្វើឲ្យគំរោងសាងសង់មន្ទីរពេទ្យពហុជំនាញ ភ្នំពេញនាពេលនេះ ចេញជារូបរាងដើម្បីបំរើសេវាសុខាភិបាលជូនប្រជាពលរដ្ឋដោយបំពាក់ឧបករណ៏វេជ្ជសាស្ត្រទំនើបទាន់សម័យ និងគ្រប់ជំនាញ។

លោកតំណាងមន្ទីរពេទ្យបញ្ជាក់ទៀតថា សំណង់មន្ទីរពេទ្យ​ពហុ​ជំនាញភ្នំពេញនេះ សាងសង់មានកំពស់ ២៦ជាន់ ក្រោមដី៣ជាន់និងអាចដាក់គ្រែសំរាកពិនិត្យព្យាបាលអ្នកជំងឺបានពី ១៥០ទៅ ២០០គ្រែ និងគ្រោងសាងសង់ឲ្យរួចរាល់ក្នុងរយៈពេលពី ៤ទៅ ៥ឆ្នាំ ដែលជាពេទ្យឯកជនដែលបំរើសេវាសុខភាពដូចពេទ្យរដ្ឋដែរ ដោយគិតទៅលើការជួយសង្គ្រោះប្រជាពលរដ្ឋដែលខ្វះខាតជាចំបង។

សូមបញ្ជាក់ថា សម្រាប់ក្របខណ្ឌ័រាជធានីភ្នំពេញ គណៈអភិបាលរាជធានីភ្នំពេញរួមនឹងអង្គភាពជំនាញ បានដំណើរការបង្ខិតសេវាសុខាភិបាល ពង្រឹងនិង ពង្រីកយន្តការនៃការផ្តល់សេវាផ្នែករដ្ឋ ព្រមទាំងបង្កលក្ខណៈងាយស្រួលដល់ការចូលរួមរបស់សេវាសុខាភិបាលឯកជន ក្នុងនោះគិតត្រឹមឆ្នាំ២០២១នេះ នៅរាជធានីភ្នំពេញមានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិចំនួន៧ មន្ទីរពេទ្យ បង្អែកចំនួន១ មន្ទីរពេទ្យថ្នាក់ស្រុកចំនួន៧ មណ្ឌលសុខភាពចំនួន៤៣ ប៉ុស្តិ៍សុខភាពចំនួន៧ ដែលជាសេវាគ្រប់គ្រងដោយរដ្ឋ ព្រមទាំងមានមូលដ្ឋានសុខាភិបាល ឯកជនចំនួន ២ ៧៥៧ទីតាំងបន្ថែមទៀតកំពុងផ្តល់សេវាពិនិត្យពិគ្រោះនិងព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។

ក្នុងដំណាក់កាលការរីករាលដាលនៃជំងឺកូវីដ-១៩ អាជ្ញាធររាជធានីភ្នំពេញដែលដឹកនាំដោយឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ រួមនឹងកងកំលាំងប្រដាប់អាវុធ មន្ត្រីរាជការ រួមនឹងអង្គភាពជំនាញបានខិតខំប្រឹងប្រែងយ៉ាងពេញទំហឹងដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ក្នុងរាជធានីភ្នំពេញតាមរយៈការអនុវត្តវិធានចំបងៗ របស់ក្រសួងសុខាភិបាល និងតាមអនុសាសន៏ដ៏ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជាដើម្បី បំរើសុខមាភាពរបស់ប្រជាពលរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង