ឯកឧត្តម ម៉ែន វិបុល អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត

ខេត្តស្វាយរៀង៖ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត អគាររដ្ឋបាលសង្កាត់ និងអគារប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បាវិត ក្រុងបាវិត ក្រោមអធិបតីភាព ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។

អញ្ជើញចូលរួមក្នុងពិធីនេះ មាន ឯកឧត្តម គឹម ធា សមាជិកព្រឹទ្ធសភាមណ្ឌលភូមិភាគទី៦ ឯកឧត្ដមមេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងគណៈប្រតិភូអមដំណើរ ឯកឧត្តមអភិបាលរងខេត្ត ឯកឧត្តម ប្រធានសាលាដំបូងខេត្ត ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកមេបញ្ជការកងកម្លាំងទាំងបី លោកប្រធានមន្ទីរនានាជុំវិញខេត្ត ឯកឧត្តម លោកជំទាវ លោកឧកញ៉ា ជាសប្បុរជន ក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង មន្ត្រីរាជការ កងកម្លាំង និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

មានប្រសាសន៍ទៅកាន់ពិធីនេះ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្ដម នាយឧត្ដមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលកន្លងមក ឯកឧត្ដមតែងតែជួយឧបត្ថម្ភគាំទ្រដល់ដំណើរការកសាងសមិទ្ធផលនានាក្នុងខេត្តស្វាយរៀង រួមទាំងហេដ្ឋារចនាសម្ព័ន្ធកងរាជអាវុធហត្ថនៅក្នុងខេត្ត ទាំងនេះ គឺពិតជាការសរបញ្ជាក់ឲ្យឃើញពីការគិតគូរយកចិត្តទុកដាក់បំផុតរបស់ ឯកឧត្ដមក្នុងការគាំទ្រ និងលើកទឹកចិត្តចំពោះកងកម្លាំងកងរាជអាវុធហត្ថមូលដ្ឋានឲ្យកាន់តែខិតខំប្រតិបត្តិការរក្សាសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរថែមទៀត ។

ទន្ទឹមនេះ សមិទ្ធផលនៅថ្ងៃនេះ គឺជាហេដ្ឋារចនាសម្ព័ន្ធផ្នែករឹងថ្មីមួយទៀត នៅក្នុងវិស័យសន្តិសុខ ក៏ដូចជានៅក្នុងវិស័យរដ្ឋបាលមូលដ្ឋានរបស់យើង បន្ថែមពីលើសមិទ្ធផលផ្សេងៗទៀត ដែលយើងបានខិតខំកសាងបាន កន្លងមកបម្រើឲ្យផលប្រយោជន៍ និងសេចក្ដីត្រូវការនូវមូលដ្ឋាន ។ បើទោះបីជាប្រទេសជាតិ ក៏ដូចជាខេត្តស្វាយរៀងរបស់យើង បានជួបប្រទះនូវបញ្ហាប្រឈម នៃវិបត្តិជំងឺកូវីដ-១៩ ដែលធ្វើឲ្យមានផលប៉ះពាល់ដល់វិស័យសេដ្ឋកិច្ច សង្គម ជីវភាព និងសុខុមាលភាពប្រជាពលរដ្ឋយ៉ាងណាក៏ដោយ អាស្រ័យដោយប្រទេសជាតិរបស់យើង ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យច្បាស់លាស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ការអភិវឌ្ឍនៅតែបោះជំហានរីកចម្រើនទៅមុខជានិច្ច។

ឯកឧត្តមបន្តថា ជាក់ស្ដែងគម្រោងពង្រីកច្រាំងទន្លេវ៉ៃគោ គម្រោងពង្រីកផ្លូវនៅក្រុងស្វាយរៀង រួមនិងគម្រោងស្ដារ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានានៅមូលដ្ឋាន យើងនៅតែបន្តការងារ ស្ថាបនា ហើយមានគម្រោងជាច្រើនទៀតដែលនឹងត្រូវអនុវត្តនាពេលខាងមុខ ជាពិសេសការសាងសង់អគារមន្ទីរពេទ្យបង្អែក ស្រុករមាសហែក ក្រោមការផ្ដួចផ្ដើម និងឧបត្ថម្ភគាំទ្រ ពីឯកឧត្ដមនាយឧត្ដមសេនីយ៍មេបញ្ជាការ និងការចូលរួមវិភាគទានពីសប្បុរសជនទាំងក្នុង និងក្រៅខេត្ត ហើយដែលខ្ញុំ រួមនិងឯកឧត្ដមនាយឧត្ដមសេនីយ៍ ក៏បានចូលរួមក្នុងពិធីបញ្ចុះបឋមសិលាចាប់ផ្ដើមដំណើរការសាងសង់កាលពីម្សិលមិញ ផងដែរ ។

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរៈភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានថ្លែងប្រាប់កងកម្លាំងទាំងអស់នៅក្នុងខេត្តស្វាយរៀងឲ្យពង្រឹងសន្តិសុខនៅតាមបន្ទាត់ព្រំដែន ឈរលើមូលដ្ឋាន សន្តិភាព មិត្តភាព សហប្រតិបត្តិការនិងការអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ ដើម្បីរក្សាបានសន្តិសុខជាតិកាន់តែល្អប្រសើរ។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងកោតសរសើរដល់កងរាជអាវុធហត្ថខេត្តស្វាយរៀងដែលបានបំពេញភារកិច្ចនិងតួនាទីបានល្អប្រសើរ ឈរលើការសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងការអនុវត្តច្បាប់យ៉ាងត្រឹមត្រូវជាពិសេសបានកសាងអាគារទីបញ្ជាការមូលដ្ឋាននៅតាមបណ្ដាស្រុក ក្រុង មានកន្លែងធ្វើការសមរម្យដែលបានផ្ដល់ទំនុកចិត្តដល់ប្រជាពលរដ្ឋក្នុងការពឹងពាក់ឱ្យសមត្ថកិច្ចកងរាជអាវុធហត្ថចុះអន្តរាគមន៍ពាក់ព័ន្ធទៅនឹងការបង្ក្រាបបទល្មើសផ្សេងៗផងដែរ។

ឯកឧត្តមបន្តថា គ្មានការលំបាកណាដែលយើងមិនអាចធ្វើបាននោះទេ ព្រោះពួកយើងបានឆ្លងកាត់ នូវបទពិសោធន៍និងការដឹកនាំបានល្អគ្រប់ថ្នាក់ ជាពិសេសយើងមានមគ្គុទេសក៍ដ៏ឆ្នើមគឺសម្ដេចអគ្គមហាសេនា​បតី​តេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាដែលបានស្វែងរកសន្តិភាពជូនជាតិមាតុភូមិនិងប្រែក្លាយប្រទេសកម្ពុជាពីចំណុចសូន្យឲ្យមានការអភិវឌ្ឍលើគ្រប់វិស័យ។

សូមបញ្ជាក់ថានៅក្នុងពិធីនេះដែរលោកនាយឧត្តមសេនីយ៍ សៅ សុខា បានឧបត្ថម្ភថវិកាដល់ យោធាការពារព្រំដែន ប៉ុស្តិនគរបាលរដ្ឋបាលក្រុង កម្លាំងកងរាជអាវុធហត្ថក្រុង និងសាលាសង្កាត់បាវិត សរុបថវិកា ២០លានរៀល ៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង