មហាមិត្តចិន នឹងធ្វើឱ្យកម្ពុជាអស់កង្វល់រឿងរកវ៉ាក់សាំង ដោយមហាមិត្តប្រកាសគាំទ្រឱ្យមានការបង្កើត រោងចក្រផលិតវ៉ាក់សាំងកូវីដ-១៩ របស់ចិននៅក្នុងប្រទេសកម្ពុជា

ភ្នំពេញ៖ ក្នុងកិច្ចជំនួបរវាងលោក វ៉ាង យី សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេស​ចិន និងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដែលបានធ្វើឡើងនាថ្ងៃទី៥ ខែធ្នូកន្លងទៅនេះ បាននាំមកនូវដំណឹងដ៏រំភើបរីករាយមួយសម្រាប់ប្រជា​ជនកម្ពុជា ពោលគឺប្រទេសចិនប្រកាសគាំទ្រឱ្យមានការបង្កើត រោងចក្រផលិតវ៉ាក់សាំងកូវីដ-១៩ របស់ចិននៅក្នុងប្រទេសកម្ពុជា។
ដោយឡែក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងថា ក្រោយពេលមានរោងចក្រផលិត វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅកម្ពុជា នឹងធ្វើឱ្យកម្ពុជាអស់កង្វល់រឿងរកវ៉ាក់សាំង ពោលគឺកម្ពុជាមានលទ្ធភាព ដើម្បីទិញវ៉ាក់សាំងដែលផលិតនៅក្នុងរោងចក្រ ដែលផលិតនៅកម្ពុជាដើម្បីចាក់នៅក្នុងប្រទេសខ្លួន​ឯង​ផង ហើយកម្ពុជា ក៏មានលទ្ធភាពដើម្បីចែកចាយវ៉ាក់សាំងនេះ ទៅកាន់ប្រទេសដទៃតាមរយៈនៃការបញ្ជាទិញរបស់ប្រទេសដទៃ។
ដូចអ្វីដែលយើងទាំងអស់គ្នាបានដឹងស្រាប់ហើយថា គិតមកទល់បច្ចុប្បន្ននេះ ប្រទេសចិនជាអ្នកចែកចាយ​វ៉ាក់​សាំងកូវីដ-១៩ ច្រើនបំផុតចំពោះពិភពលោក មិនថាតាមរយៈយន្តការ COVAX ការផ្តល់ជំនួយផ្ទាល់ ឬការបញ្ជាទិញក្តី។ យើងឃើញថាប្រទេសកំពុងអភិវឌ្ឍន៍ស្ទើរតែទាំងអស់ សុទ្ធតែបានប្រើវ៉ាក់សាំងកូវីដ-១៩ របស់ចិន សម្រាប់ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសគឺប្រទេសកម្ពុជា រាប់តាំងពីការសម្រេច​ចិត្តយកប្រទេសចិន ធ្វើជាបង្អែកផ្នែកយុទ្ធសាស្ត្រ ក្នុងការផ្គត់ផ្គង់វ៉ាក់សាំងដល់កម្ពុជាមក អត្រាចាក់​វ៉ាក់​សាំងរបស់កម្ពុជា មានរហូតដល់ទៅជិត ៨៩ភាគរយ ដែលជាអត្រាខ្ពស់ជាងប្រទេសអភិវឌ្ឍន៍ជាច្រើន។
បច្ច័យសំខាន់មួយចំនួនជាកម្លាំងជំរុញឱ្យប្រទេសទាំងពីរចិន និងកម្ពុជា ឈានដល់កិច្ចសហប្រតិបត្តិការផ្នែកផលិតវ៉ាក់សាំង។ ទីមួយគឺការជឿទុកចិត្ត និងការគាំទ្ររបស់រដ្ឋាភិបាលកម្ពុជា ចំពោះវ៉ាក់សាំងកូវីដ​-​១៩ របស់ប្រទេសចិន។ យើងអាចប្រមើលបានថា បន្ទាប់ពីវ៉ាក់សាំងកូវីដ-១៩ របស់ចិន ត្រូវបានផលិតឡើងនៅក្នុងប្រទេសកម្ពុជា មិនថាការទប់ស្កាត់វីរុសកូវីដ-១៩ ដែលកំពុងឆ្លងរាលដាល ឬវីរុសបំប្លែងថ្មីក្តី កម្ពុជានឹងអាចទទួលបានវ៉ាក់សាំងយ៉ាងទាន់ពេលវេលា និងបរិមាណគ្រប់គ្រាន់សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។
ជាការកត់សម្គាល់ ប្រទេសទាំងពីរកម្ពុជា និងចិនគឺមានទស្សនៈសកលរួម និងនយោបាយការទូតប្រហាក់ប្រហែលគ្នា ពោលគឺជ្រោងទង់ពហុភាគីនិយម។ អាស្រ័យហេតុនេះ តាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីវ៉ាក់សាំងកូវីដ-១៩ ត្រូវបានផលិតឡើងនៅប្រទេសកម្ពុជា ក្រៅអំពីការប្រើប្រាស់សម្រាប់ចាក់ជូនប្រជាពលរដ្ឋ កម្ពុជាក៏អាចក្លាយជាអ្នកផ្គត់ផ្គង់វ៉ាក់សាំងជូនប្រទេស ដែលមានតម្រូវការផងដែរ នេះក៏ជាបច្ច័យដ៏សំខាន់មួយទៀត ដែលជំរុញឱ្យប្រទេសទាំងពីរ ឈានដល់កិច្ចសហប្រតិបត្តិការផ្នែកផលិតវ៉ាក់សាំងផងដែរ។
«មិត្តល្អជួយគ្នាក្នុងគ្រាអាសន្ន» នេះជាទស្សនវិជ្ជាមួយ ដែលថ្នាក់ដឹកនាំ​ចិន និងកម្ពុជាតែងប្រតិបត្តិជានិច្ច។ សុភាសិតចិនមួយឃ្លាបានពោល​ថា៖ «បានអ្នកយល់ចិត្តគ្នា ទោះពិសាស្រាជាមួយគ្នាមួយពាន់ពែងក៏យល់​ថា​តិច តែបើសម្តីមិនត្រូវគ្នាទោះជាកន្លះម៉ាត់ក៏ច្រើនដែរ»។ ការពិតក្នុងប្រវត្តិសាស្ត្របានបង្ហាញថា ចិននិងកម្ពុជាជាអ្នកយល់ចិត្តគ្នាយ៉ាងពិតប្រាកដ មិនថាការប្រាស្រ័យទាក់ទងគ្នា កាលពីជាងពីរពាន់ឆ្នាំមុន ឬចាប់ពីការបង្កើតទំនាក់ទំនងការទូតជាមួយគ្នានោះទេ ប្រទេសទាំងពីរមានទំនុកចិត្តខ្ពស់ចំពោះគ្នា ពួតដៃគ្នាជម្នះឧបសគ្គ ដើរឆ្ពោះទៅរកវិបុលភាពនិងការអភិវឌ្ឍរួម ដែលបានក្លាយជាគំរូមួយនៃកិច្ចសហប្រតិបត្តិការ មេត្រីភាពរវាងប្រទេសនិងប្រទេស។
ចំណងមិត្តភាពរវាងប្រទេសទាំងពីរចិន និងកម្ពុជា បានឆ្លងកាត់ការពិសោធន៍នៃប្រវត្តិសាស្ត្រ ពោលគឺពេលវេលារឹតតែយូររឹតតែរឹងមាំ។ មិនថាកង់ប្រវត្តិសាស្ត្ររំកិលទៅមុខប៉ុន្មានជុំទៀត មិនថាប្រឈមនឹងបញ្ហាបែបណា មិនថាមានបុគ្គលពុតត្បុតមកញុះញង់ បំបែកបំបាក់យ៉ាង​ណាក្តី ក៏មិនអាចធ្វើឱ្យរង្គោះរង្គើទំនាក់ទំនងដ៏ស្អិតល្មួត បេះមិនចេញរវាងចិន និងកម្ពុជាដែរ ដូចការលើកឡើងរបស់អ្នកនាំពាក្យ នៃក្រសួងការបរទេសចិន ដែលបានថ្លែងក្នុងសន្និសីទកាសែតថា៖ «ចំណងមិត្តភាពរវាងចិន និងកម្ពុជារឹងជាងដែក មាំជាងដែកថែប!»។
សរុបសេចក្តីមក យើងអាចជឿជាក់យ៉ាងមុតមាំថា ចំណងភាតរភាពរវាងចិន និងកម្ពុជា គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការឈានទៅរកការរួមគ្នា កសាងសហគមន៍រួមវាសនាចិន-កម្ពុជា៕ by fn
អត្ថបទដែលជាប់ទាក់ទង