Detail Top Banner

រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ជូនក្រុមប្រឹក្សារាជធានីភ្នំពេញ ពីការឡើងថ្លៃសំរាម សំណល់រឹង

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ជូនក្រុមប្រឹក្សារាជធានីភ្នំពេញ ពីការឡើងថ្លៃសំរាម សំណល់រឹងនៅក្នុងរាជធានីភ្នំពេញ ខណៈដែលមានក្រុមហ៊ុនប្រមូលនិងដឹកជញ្ជូនសំរាម និងសំណល់រឹងចំនួន៣​បាននិងកំពុងប្រកួតប្រជែងគ្នាក្នុងការប្រមូលសំរាមនេះ ហើយឃើញថាសេវានេះបានលក្ខណៈល្អប្រសើរជាងមុនផងដែរនោះ។

ការបញ្ជាក់បែបនេះរបស់រដ្ឋបាលរាជធានីភ្នំពេញបានធ្វើឡើង ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣១ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមាន ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក មាន ចាន់យ៉ាដា អភិបាលរងរាជធានី តំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អមដោយអភិបាលរងរាជធានីភ្នំពេញចំនួន ៣នាក់ទៀត។

លោក ហុក ហួរលីម នាយករដ្ឋបាលរាជធានីភ្នំពេញស្តីទី ក្នុងកិច្ចប្រជុំនេះបានមានប្រសាសន៍បញ្ជាក់ថា ៖ ការអនុវត្តតារាងកម្រៃសេវាប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹងឆ្នាំ២០០៣ មិនអាចឆ្លើយតបទៅ នឹងកំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ កំណើនសន្ទស្សន៍ថ្លៃទំនិញ និងជីវភាពរស់នៅ នាពេលបច្ចុប្បន្នពិសេស​មិនមានលទ្ធភាពទូទាត់ថ្លៃសេវាជូនប្រតិបត្តិករថ្មីទាំង៣ (ដែលប្រើប្រាស់រថយន្តដឹកសំរាម រថយន្ត​បោសថ្នល់ រថយន្តបាញ់លាងសម្អាតថ្នល់ និងឧបករណ៍សម្ភារៈថ្មីៗ ព្រមទាំងប្រាក់បៀវត្សបុគ្គលិក កម្មករ ដែលមានតម្លៃខ្ពស់ជាងមុន) ព្រមទាំងការចំណាយរដ្ឋបាលរបស់សហគ្រាសគ្រប់គ្រងសំរាម សំណល់រឹង តាមទីប្រជុំជនក្នុងរាជធានីភ្នំពេញ និងការរៀបចំទីលានទុកដាក់សំរាមសុវត្ថិភាព។

ដូច្នេះហើយ រដ្ឋបាល រាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងលេខ០៩០/២១ សជណ.ស ចុះថ្ងៃទី​២២ ខែតុលា ឆ្នាំ២០២១ ស្ដីពីការដាក់ឱ្យអនុវត្តតារាងកម្រៃសេវាគ្រប់គ្រងសំរាម សំណល់រឹង (ថ្មី) នៅរាជធានីភ្នំពេញ ដើម្បីធានា ប្រក្រតីភាពនៃប្រតិបត្តិការថ្មី និងឱ្យត្រូវតាមការអភិវឌ្ឍរាជធានីភ្នំពេញ នាពេលបច្ចុប្បន្ន។

ពាក់ព័ន្ធនឹងបញ្ហាខាងលើ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ក៏បានលើកឡើងផងដែរ​ថា ពីមុនប្រជាពលរដ្ឋមួយចំនួន មិនបានបង់ថ្លៃសំរាមឲ្យក្រុមហ៊ុនប្រមូលសំរាមនោះទេ ដោយពួកគាត់លើក​ហេតុផលថា ការប្រមូលសំរាមមិនស្អាតទុកឲ្យស្អុយរយៈពេលច្រើនថ្ងៃ ដែលធ្វើឲ្យពួកគាត់មិនអាចទទួលយកបាន ហើយគាត់ក៏មិនបានបង់ថ្លៃសេវាប្រមូលសំរាមនោះដែរ តែមកដល់ពេលនេះ ពោលគឺក្រោយពីមានក្រុមហ៊ុន៣ ប្រកួតប្រជែងលើការប្រមូលសំរាមនេះ ឃើញថាការប្រមូលការដឹកជញ្ជូនសំរាមសំណល់រឹង គឺមានភាពល្អប្រសើរជាងមុន។ ទន្ទឹមនឹងនេះផងដែរ ដើម្បីឱ្យសេវានេះកាន់តែល្អប្រសើរ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានដំឡើងថ្លៃប្រមូលសំរាមនេះ តែត្រូវបានបងប្អូនប្រជាពលរដ្ឋមួយចំនួនមានភាពរអ៊ូរទាំ ។

លោកបញ្ជាក់ថា ធាតុពិត មិនមានការឡើងថ្លៃនោះទេ បើគិតពីតម្លៃនៃការប្រមូលសំរាមសម្រាប់ផ្ទះល្វែងមួយម៉ឺនរៀលនេះ ដូចជាមិនថ្លៃនោះទេ ដោយតារាងកម្រៃសេវាប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹងឆ្នាំ២០០៣ តម្លៃផ្ទះល្វែងមិនធ្វើអាជីវកម្មតម្លៃ៤០០០រៀលកាលនោះ គឺយើងអាចទិញគុយទាវហូបបាន១ចាន តែពេលនេះមិនអាចទិញគុយទាវបាន១ចានទេ លុះត្រាតែ១ម៉ឺនរៀលទើបទិញ​ហូប​បាន។ លោកក៏បានបញ្ជាក់បន្ថែមទៀតថា ការប្រមូលសំរាមនិងសំណល់រឹងនៅរាជធានីភ្នំពេញទៅលើការដំឡើងថ្លៃសំរាមថ្មីនេះ យើងប្រមូលបានថវិកាច្រើនជាមុនក៏ពិតមែន តែក៏មិនគ្រប់ចំនួនត្រូវបង់ ឲ្យទៅក្រុមហ៊ុនប្រមូលសំរាមទាំង៣នោះនៅឡើយដែរ ។ លោកសូមអោយបងប្អូនប្រជាពលរដ្ឋចូលរួមដើម្បីធ្វើឲ្យភ្នំពេញយើងមានអនាម័យនិងបរិស្ថានល្អ។ លោក មាន ចាន់យ៉ាដា នៅក្នុងឱកាសនោះ ក៏បានលើកឡើងពីសកម្មភាពការងារជាច្រើនក្រោមការដឹកនាំរបស់អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដោយឯកឧត្តម ឃួង ស្រេង បានជំរុញឲ្យអាជ្ញាធររាជធានី អាជ្ញាធរខណ្ឌធ្វើការដោះស្រាយនូវទំនាស់ផ្សេងៗនៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ពោលគឺ យ៉ាងហោចណាស់ ក៏ត្រូវដោះស្រាយទំនាស់ឲ្យបានយ៉ាងតិច២រឿងក្នុងមួយសប្តាហ៍ ហើយការដោះស្រាយទំនាស់ទាំងនោះត្រូវដោះស្រាយឲ្យបានចប់ នៅក្នុងត្រីមាសទី១ ឆ្នាំ ២០២២ ឯកឧត្តមបន្តថា បញ្ហាការបង្ការនិងទប់ស្កាត់នូវជំងឺកូវីដ-១៩ ក៏ជាបញ្ហាដែលអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញជំរុញឲ្យអាជ្ញាធរនិងកម្លាំងពាក់ព័ន្ធធ្វើការទប់ស្កាត់អោយកាន់តែខ្លាំងក្លាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង