សម្តេចតេជោ ឆ្លើយតបអាមេរិកចំពោះការរឹតត្បិតការលក់ដូរអាវុធ និងសម្ភារៈយោធាដល់កម្ពុជា
កម្ពុជា “ខ្ញុំឆ្លៀតយកឱកាសនេះ សូមអរគុណចំពោះសហរដ្ឋអាមេរិក ដោយសារការសម្រេចរបស់សហរដ្ឋអាមេរិកលើបម្រាមការលក់ដូរអាវុធ និងសម្ភារៈយោធាមកកម្ពុជានាពេលនេះ គឺបានឆ្លុះបញ្ចាំងពីភាពត្រឹមត្រូវនៃការសម្រេចចិត្តរបស់ខ្ញុំកាលពីឆ្នាំ ១៩៩៤។ នៅពេលនោះ ខ្ញុំបានធ្វើការសម្រេចចិត្ត ដោយមិនធ្វើការផ្លាស់ប្តូរប្រព័ន្ធអាវុធកម្ពុជាដែលមានពេលនោះ ទៅទិញប្រព័ន្ធអាវុធអាមេរិក។ ខ្ញុំសូមដាក់ចេញបទបញ្ជាដល់អង្គភាពប្រដាប់អាវុធទាំងអស់ ឱ្យធ្វើការត្រួតពិនិត្យឡើងវិញជាបន្ទាន់អំពីអាវុធ និងសម្ភារៈយោធា ដែលកម្ពុជាមានបច្ចុប្បន្ន ហើយត្រូវប្រមូលអាវុធ និងសម្ភារៈយោធាអាមេរិកទាំងអស់ ប្រសិនបើមាន យកទៅរក្សាទុកក្នុងឃ្លាំង ឬយកទៅកំទេចចោល តាមការជាក់ស្តែង។ តាមចំណាំរបស់ខ្ញុំ អ្នកដែលធ្លាប់ប្រើប្រព័ន្ធអាវុធអាមេរិកជាច្រើនបានចាញ់សង្រ្គាម ដូចជាក្នុងរបបសាធារណខ្មែររបស់ លន់ នល់ ដែលពេលនោះបានប្រើប្រព័ន្ធអាវុធអាមេរិក និងបាននាំចូលអាវុធជាច្រើនមកកម្ពុជា ហើយធ្វើឱ្យកម្ពុជាជាប់បំណុលខ្មៅនេះ រហូតមកដល់បច្ចុប្បន្ននេះ។ ថ្មីៗនេះទៀតសោត គឺអ្នកប្រើប្រព័ន្ធអាវុធអាមេរិកក៏បានចាញ់សង្រ្គាមនៅអាហ្គានីស្ថាន។ ខ្ញុំមានជំនឿលើភាពក្លាហាន ព្រមទាំងស្មារតី និងទឹកចិត្តប្រយុទ្ធរបស់យុទ្ធជនក្នុងសមរភូមិ ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា ជាជាងលើអាវុធតែមួយមុខ។ ជាថ្មីម្តងទៀតខ្ញុំសូមអរគុណសហរដ្ឋអាមេរិក ដែលបានជួយបញ្ជាក់ថាការសម្រេចចិត្តរបស់ខ្ញុំមិនយល់ព្រមទិញអាវុធពីអាមេរិកពិតជាត្រឹមត្រូវសម្រាប់នយោបាយការពារជាតិរបស់កម្ពុជាហើយវាក៍ជាសារព្រមានមួយប្រាប់ទៅខ្មែរដែលគ្រប់គ្រងរាជរដ្ឋាភិបាលជំនាន់ក្រោយឱ្យបានជ្រាបថាបើចង់មានឯករាជ្យភាពលើវិស័យការពារជាតិ សូមកុំប្រើប្រាស់អាវុធរបស់អាមេរិក”៕