Detail Top Banner

សម្តេចតេជោ បញ្ជាដល់អង្គភាពប្រដាប់អាវុធទាំងអស់ ត្រួតពិនិត្យមើលឡើងវិញជាបន្ទាន់អំពីអាវុធយោធា និងត្រូវប្រមូលទុកក្នុងឃ្លាំង ឬដុតចោលបើជារបស់អាម៉េរិក

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាដល់អង្គភាពប្រដាប់អាវុធទាំងអស់ ឱ្យធ្វើការត្រួតពិនិត្យឡើងវិញជាបន្ទាន់អំពីអាវុធ និងសម្ភារៈយោធា ដែលកម្ពុជាមានបច្ចុប្បន្ន ហើយត្រូវប្រមូលអាវុធ និងសម្ភារៈយោធាអាមេរិកទាំងអស់ ប្រសិនបើមាន យកទៅរក្សាទុកក្នុងឃ្លាំង ឬយកទៅកំទេចចោល តាមការជាក់ស្តែង។

តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក សម្តេចតេជោ នារសៀលថ្ងៃនេះ បានលើកឡើងថា « កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ សហរដ្ឋអាមេរិកបានសម្រេចអំពីការរឹតត្បិតការលក់ដូរអាវុធ និងសម្ភារៈយោធាដល់កម្ពុជា។ ខ្ញុំឆ្លៀតយកឱកាសនេះ សូមអរគុណចំពោះសហរដ្ឋអាមេរិក ដោយសារការសម្រេចរបស់សហរដ្ឋអាមេរិកលើបម្រាមការលក់ដូរអាវុធ និង សម្ភារៈយោធាមកកម្ពុជានាពេលនេះ គឺបានឆ្លុះបញ្ចាំងពីភាពត្រឹមត្រូវនៃការសម្រេចចិត្តរបស់ខ្ញុំ កាលពីឆ្នាំ ១៩៩៤ ដែលនៅពេលនោះ ខ្ញុំបានធ្វើការសម្រេចចិត្ត ដោយមិនធ្វើការផ្លាស់ប្តូរប្រព័ន្ធអាវុធកម្ពុជាដែលមានពេលនោះ ទៅទិញប្រព័ន្ធអាវុធអាមេរិក។

ទន្ទឹមនឹងនេះ ខ្ញុំសូមដាក់ចេញបទបញ្ជាដល់អង្គភាពប្រដាប់អាវុធទាំងអស់ ឱ្យធ្វើការត្រួតពិនិត្យឡើងវិញជាបន្ទាន់អំពីអាវុធ និងសម្ភារៈយោធា ដែលកម្ពុជាមានបច្ចុប្បន្ន ហើយត្រូវប្រមូលអាវុធ និងសម្ភារៈយោធាអាមេរិកទាំងអស់ ប្រសិនបើមាន យកទៅរក្សាទុកក្នុងឃ្លាំង ឬយកទៅកំទេចចោល តាមការជាក់ស្តែង។

តាមចំណាំរបស់ខ្ញុំ អ្នកដែលធ្លាប់ប្រើប្រព័ន្ធអាវុធអាមេរិកជាច្រើន បានចាញ់សង្រ្គាម ដូចជាក្នុងរបប​សាធារណខ្មែររបស់ លន់ នល់ ដែលពេលនោះបានប្រើប្រព័ន្ធអាវុធអាមេរិក និងបាននាំចូលអាវុធជាច្រើន​មក​កម្ពុជា ហើយធ្វើឱ្យកម្ពុជាជាប់បំណុលខ្មៅនេះ រហូតមកដល់បច្ចុប្បន្ននេះ។ ថ្មីៗនេះ ទៀតសោត គឺ អ្នកប្រើប្រព័ន្ធអាវុធអាមេរិក ក៏បានចាញ់សង្រ្គាមនៅអាហ្គានីស្ថាន។ ខ្ញុំមានជំនឿលើភាពក្លាហាន ព្រមទាំងស្មារតី និងទឹកចិត្តប្រយុទ្ធរបស់យុទ្ធជនក្នុងសមរភូមិ ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា ជាជាងលើអាវុធតែមួយមុខ។

ជាថ្មីម្តងទៀតខ្ញុំសូមអរគុណសហរដ្ឋអាមេរិក ដែលបានជួយបញ្ជាក់ថាការសម្រេចចិត្ត របស់ខ្ញុំមិនយល់ព្រមទិញអាវុធពីអាមេរិកពិតជាត្រឹមត្រូវសម្រាប់នយោបាយការពារជាតិរបស់កម្ពុជាហើយវាក៍ជាសារ ព្រមានមួយប្រាប់ទៅខ្មែរដែលគ្រប់គ្រង រាជរដ្ឋាភិបាលជំនាន់ក្រោយឱយបានជ្រាបថាបើចង់មានឯករាជ្យភាពលើវិស័យ ការពារជាតិសូមកុំប្រើប្រាស់អាវុធរបស់ អាមេរិក»៕

អត្ថបទដែលជាប់ទាក់ទង