សហរដ្ឋអាមេរិកនឹងបង្កើនទំនាក់ទំនងជាមួយអាស៊ានដល់កម្រិតមួយដែលមិនធ្លាប់មានពីមុនមក
ភ្នំពេញ៖ លោក Daniel Kritenbrink ជំនួយការរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បាននិយាយកាលពីថ្ងៃទី៨ ខែធ្នូថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ប្តេជ្ញាលើកកម្ពស់ទំនាក់ទំនងរបស់ប្រទេសនេះជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ឱ្យដល់កម្រិតមួយដែលមិនធ្លាប់មានពីមុនមក។
សេចក្តីប្រកាសនេះត្រូវបានធ្វើឡើងនៅមុនដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken ទៅកាន់តំបន់អាស៊ីអាគ្នេយ៍ដែលគ្រោងនឹងធ្វើឡើងពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែធ្នូ។
លោក Kritenbrink បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា លោក Blinken នឹងពិភាក្សាជាមួយបណ្តាមន្ត្រីអាស៊ីអាគ្នេយ៍ទៅលើបញ្ហាជាច្រើន ដែលរួមមានទាំងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធសន្តិសុខក្នុងតំបន់ផងដែរ។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកត្រូវបានគេរំពឹងថានឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងថៃ។ ក្រុមអ្នកសង្កេតការណ៍បាននិយាយថា ដំណើរទស្សនកិច្ចនេះ គឺសំដៅបញ្ជាក់អំពីអាទិភាពនៃគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកឆ្ពោះទៅកាន់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក៕ (ប្រភព VNA) by AKP