ឯកឧត្តមបណ្ឌិត មាស សារិន វាយតម្លៃខ្ពស់ចំពោះវគ្គ អាជ្ញាកណ្តាល-ចៅក្រមសីដក់ ថ្នាក់ជាតិប្រចាំឆ្នាំ២០២១
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត មាស សារិន ប្រធានសហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រឹងរៀបចំវគ្គបណ្តុះបណ្តុះបណ្តាល ក៏ដូចជាសិក្ខកាម ដែលជាមន្ត្រីអាជ្ញាកណ្តាល-ចៅក្រម ដែលចូលរួមខិតខំក្រេបជញ្ជក់ចំណេះដឹង ដើម្បីយកទៅអភិវឌ្ឍវិស័យកីឡាសីដក់ និងឈិនឡូនកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
ឯកឧត្តមប្រធានសហព័ន្ធចាត់ទុកថា វគ្គបណ្តុះបណ្តាល ក្រោមការគាំទ្រថវិកា របស់ក្រសួងអប់រំ យុវជន និងកីឡា នាពេលនេះ គឺជាសមិទ្ធផលថ្មី១ចុងក្រោយ ប្រចាំឆ្នាំ២០២១នេះ។ ឯកឧត្តមបន្ថែមថា ការអភិវឌ្ឍកម្រិតសមត្ថភាពឱ្យកាន់តែខ្ពស់បាន គឺត្រូវតែសិក្សាលើទ្រឹស្តីហើយត្រូវភ្ជាប់ជាមួយនឹងការអនុវត្តជាក់ស្តែងផងដែរ។
ឯកឧត្តមបណ្ឌិត មាស សារិន គូសបញ្ជាក់ថា មុនការប្រកួតនានា សហព័ន្ធ តែងតែបើកវគ្គបណ្តុះបណ្តាលជាមុនសិន ដើម្បីពង្រឹងសមត្ថភាពមន្ត្រីបច្ចេកទេសឱ្យកាន់ តែល្អប្រសើរបន្ថែម។ នៅពេលខាងមុខឆាប់ៗនេះ សហព័ន្ធកីឡាសីដក់ និងឈិនឡូន កម្ពុជានឹងរៀបចំការប្រកួតជើងឯកថ្នាក់ជាតិរបស់ខ្លួន ប្រចាំឆ្នាំ២០២១ នៅខេត្តកណ្តាល។
លោក ទី លីឈ័ង អគ្គលេខាធិការរង សហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា បញ្ជាក់ថា យោងតាមផែនការកសាងធនធានមនុស្សរបស់សហព័ន្ធកីឡាសីដក់ និងឈិនឡូន កម្ពុជា និងដោយមានការអនុញ្ញាតជាគោលការណ៍របស់ ឯកឧត្តមប្រធាន សហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា គណៈកម្មធិការប្រតិបត្តិរបស់សហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំបើក វគ្គបណ្តុះបណ្តាលអាជ្ញាកណ្ដាល-ចៅក្រម កីឡាសីដក់ថ្នាក់ជាតិ ចាប់ពីថ្ងៃទី៥-១០ ខែធ្នូ ឆ្នាំ២០២១ ដោយមានសិក្ខាកាម ចំនួន៣១នាក់។ ចំពោះការវាយតម្លៃនៃការសិក្សារួមមាន៖ និទ្ទេសល្អណាស់ ៣២.២៥ភាគរយ, ល្អ ២៥.៨០ភាគរយ, ល្អបង្គួរ ១២.៩០ភាគរយ និងនិទ្ទេសមធ្យម ២៩.៣០ភាគរយ។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល-ចៅក្រមថ្នាក់ជាតិ ឆ្នាំ២០២១នេះ ផ្តោតសំខាន់ការសិក្សាលើលក្ខន្តិកៈរបស់សហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា ការបង្កើតអង្គការកីឡា តួនាទី ភារកិច្ចរបស់អាជ្ញាកណ្ដាល-ចៅក្រម (បានអនុវត្តន៍ផ្ទាល់នៅ លើទីលាន) សិក្សាអំពីបទបញ្ជានៃល្បែងកីឡាសីដក់ និងការរៀបចំព្រឹត្តិការណ៍ កីឡាផងដែរ៕