ជនអនាថា ចាស់ជរា ជនវិបល្លាសស្មារតី ជាង៤០០នាក់ រស់នៅមជ្ឈមណ្ឌលសំចតសង្គមកិច្ច ទទួលបានអាវរងា ភួយនិងក្រមា
ភ្នំពេញ៖ បងប្អូន ជនអនាថា ជនចាស់ជរា ជនវិបល្លាសស្មារតី ស្រីរកស៊ីផ្លូវភេទ អ្នកផ្ទុកមេរោគអេដស៍ និងអ្នកកើតជំងឺរបេងរស់នៅក្នុងមជ្ឈមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ ចំនួនជាង៤០០នាក់នៅព្រឹកថ្ងៃទី១០ ធ្នូ២០២១ ត្រូវបានលោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ចនិង យុវនីតិសម្បទារាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលមានដូចជា អាវរងា ក្រមានិងភួយ១ មកប្រគល់ជូន ខណៈដែលរដូវរងាបានមកដល់។
ចំណែកលោកស្រី សោម សេងហ៊ាង ប្រធានមជ្ឈមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ បានមានប្រសាសន៍អោយដឹងថា ជនរងគ្រោះ និងងាយរងគ្រោះ ដែលស្នាក់នៅក្នុងមជ្ឈមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ ដែលទទួលដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាមានចំនួន ៤០៨នាក់ (ស្រី ១៨២នាក់) ក្នុងនោះមាន ៖ ជនអនាថាចំនួន ២៥២នាក់ (ស្រី ៨៦នាក់) ជនចាស់ជរាចំនួន ៣១នាក់ (ស្រី ១៨នាក់) ជនវិបល្លាសសារតី ចំនួន ៨៧នាក់ (ស្រី ៤៨នាក់) ស្រីរកស៊ីផ្លូវភេទ មានចំនួន ១៤នាក់ អ្នកផ្ទុកមេរោគអេដស៍មានចំនួន ១៥នាក់ (ស្រី ១២នាក់) និងអ្នកកើតជំងឺរបេងចំនួន ៩នាក់ (ស្រី ៤នាក់) ។ ដោយក្នុងម្នាក់ៗទទួលបាន អាវរងា១ ក្រមា១និងភួយ១។
ក្នុងឱកាសនោះលោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ចនិង យុវនីតិសម្បទារាជធានីភ្នំពេញបានមានប្រសាសន៍ថា៖ សម្ដេចតេជោហ៊ុនសែននិងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានយកចិត្តទុកដាក់ណាស់ចំពោះបងប្អូនប្រជាពលរដ្ឋ រងគ្រោះនិងងាយរងគ្រោះនៅក្នុងមណ្ឌលសំចតសង្គមកិច្ច ។
ជាក់ស្តែងសម្រាប់ពេលនេះ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឲ្យលោកស្រី នាំយកអំណោយរបស់សម្ដេចទាំងពីរ មកប្រគល់ជូនពួកគាត់នៅក្នុងមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ(ព្រៃស្ពឺ)នេះ ។
លោកស្រីបញ្ជាក់ថា សម្ដេចតេជោហ៊ុនសែនតាមរយៈលោកឃួងស្រេងអភិបាលរាជធានីភ្នំពេញបងប្អូន ជនអនាថា ជនចាស់ជរា ជនវិបល្លាសសារតី ស្រីរកស៊ីផ្លូវភេទ អ្នកផ្ទុកមេរោគអេដស៍ និងអ្នកកើតជំងឺរបេងរស់នៅទីនេះត្រូវបានយកចិត្តទុកដាក់ ទាំងការហូបចុកការស្លៀកពាក់ ការរស់នៅនិងយកចិត្តទុកដាក់ទៅលើបញ្ហាសុខមាលភាពរបស់ពួកគាត់ផងដែរ ដោយពួកគាត់ទាំងអស់ត្រូវបានចាក់សាក់វ៉ាក់សាំងការពារកូវីដ-១៩ ដូសទី៣ រួចរាល់អស់ហើយ ។
គិតមកដល់ថ្ងៃនេះ គឺមិនមាន បងប្អូនណាម្នាក់បានឆ្លងឬស្លាប់ដោយជម្ងឺកូវីដ-១៩នោះទេ ។
ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោកស្រីនៅតែអំពាវនាវអោយបងប្អូនរងគ្រោះនិងងាយរងគ្រោះរស់នៅក្នុងមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ(ព្រៃស្ពឺ)នេះត្រូវយកចិត្តទុកដាក់ក្នុងការបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ទាំងគ្នា ពោលគឺត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន ៣កុំនិង៣ការពាររបស់សម្ដេចតេជោហ៊ុនសែន។
លោកស្រី មុំ ចាន់ដានី ក៏បានបញ្ជាក់ផងដែរថាបងប្អូនរងគ្រោះនិងងាយរងគ្រោះទាំងជាង៤០០នាក់នេះ ភាគច្រើនពួកគាត់ត្រូវបានក្រុមគ្រួសារ សាច់ញាតិបោះបង់ចោល ហើយត្រូវបានអាជ្ញាធរតាមបណ្ដាខណ្ឌ បញ្ជូនមកមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ(ព្រៃស្ពឺ)នេះ ហើយខាងមណ្ឌលក្រោមការណែនាំពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ពួកគាត់ត្រូបបានយកចិត្តទុកដាក់ និងថែទាំបានយ៉ាងល្អ ។
ទីនេះហើយកន្លែងសុខដុមរមនាពួកគាត់មុនត្រូវបញ្ជូនទៅលំនៅដ្ឋានវិញ៕ អរគុណសន្តិភាព