ជនអនាថា ចាស់ជរា ជនវិបល្លាសស្មារតី ជាង៤០០នាក់ រស់នៅមជ្ឈមណ្ឌលសំចតសង្គមកិច្ច ទទួលបានអាវរងា ភួយនិងក្រមា ពីសម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត
ភ្នំពេញ៖ លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ចនិង យុវនីតិសម្បទារាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០ ធ្នូ២០២១ នេះ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន និង សម្ដេច កិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលមានដូចជា អាវរងា ក្រមានិងភួយ ទៅប្រគល់ជូនបងប្អូនជនអនាថា ជនចាស់ជរា ជនវិបល្លាសស្មារតី ស្ត្រីរកស៊ីផ្លូវភេទ អ្នកផ្ទុកមេរោគអេដស៍ និងអ្នកកើតជំងឺរបេងរស់នៅក្នុងមជ្ឈមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ ចំនួនជាង៤០០នាក់ ដើម្បីធានាឱ្យមានភាពកក់ក្តៅ ខណៈរដូវរងារបានចូលមកដល់។
ចំណែកលោកស្រី សោម សេងហ៊ាង ប្រធានមជ្ឈមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ បានមានប្រសាសន៍ឱ្យដឹងថា ជនរងគ្រោះ និងងាយរងគ្រោះ ដែលស្នាក់នៅក្នុងមជ្ឈមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ ដែលទទួលអំណោយដ៏ថ្លៃ ថ្លារបស់សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហម កម្ពុជាមានចំនួន ៤០៨នាក់នេះ ក្នុងនោះមាន ៖ ជនអនាថាចំនួន ២៥២នាក់ (ស្រី៨៦នាក់) ជនចាស់ជរាចំនួន ៣១នាក់ (ស្រី ១៨នាក់) ជនវិបល្លាសសារតីចំនួន ៨៧នាក់ (ស្រី ៤៨នាក់) ស្ត្រីរកស៊ីផ្លូវភេទមានចំនួន ១៤នាក់ អ្នកផ្ទុកមេរោគអេដស៍មានចំនួន១៥នាក់ (ស្រី ១២នាក់) និងអ្នកកើតជំងឺរបេងចំនួន ៩នាក់ (ស្រី ៤នាក់) ដោយក្នុងម្នាក់ៗទទួលបាន អាវរងា១ ក្រមា១និងភួយ១។
ក្នុងឱកាសនោះលោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ចនិង យុវនីតិសម្បទារាជធានីភ្នំពេញបានមានប្រសាសន៍ថា៖ សម្ដេចតេជោ ហ៊ុនសែននិងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានយកចិត្តទុកដាក់ណាស់ចំពោះបងប្អូនប្រជាពលរដ្ឋ រងគ្រោះនិងងាយរងគ្រោះ នៅក្នុងមណ្ឌលសំចតសង្គមកិច្ច ។ជាក់ស្តែងសម្រាប់ពេលនេះ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យលោកស្រី នាំយកអំណោយរបស់សម្ដេចទាំងពីរ មកប្រគល់ជូនពួកគាត់ នៅក្នុងមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ(ព្រៃស្ពឺ)នេះ ។
លោកស្រីបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន តាមរយៈឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ចំពោះបងប្អូន ជនអនាថា ជនចាស់ជរា ជនវិបល្លាសសារតី ស្ត្រីរកស៊ីផ្លូវភេទ អ្នកផ្ទុកមេរោគអេដស៍ និងអ្នកកើតជំងឺរបេង រស់នៅទីនេះ ទាំងការហូបចុក ការស្លៀកពាក់ ការរស់នៅនិងយកចិត្តទុកដាក់ទៅលើបញ្ហាសុខុមាលភាពរបស់ពួកគាត់ផងដែរ។ ពួកគាត់ទាំងអស់ត្រូវបានចាក់វ៉ាក់សាំង ការពារកូវីដ-១៩ ដូសទី៣ រួចរាល់អស់ហើយ ។គិតមកដល់ថ្ងៃនេះ គឺមិនមាន បងប្អូនណាម្នាក់បានឆ្លងឬស្លាប់ដោយជំងឺកូវីដ-១៩នោះទេ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោកស្រីនៅតែអំពាវនាវឱ្យបងប្អូនរងគ្រោះនិងងាយរងគ្រោះរស់នៅក្នុងមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ (ព្រៃស្ពឺ)នេះ ត្រូវយកចិត្តទុកដាក់ក្នុងការបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ទាំងអស់គ្នា ពោលគឺត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន ៣កុំ និង ៣ការពារ របស់សម្ដេចតេជោហ៊ុនសែន។
លោកស្រី មុំ ចាន់ដានី ក៏បានបញ្ជាក់ផងដែរថា បងប្អូនរងគ្រោះនិងងាយរងគ្រោះទាំងជាង៤០០នាក់នេះ ភាគច្រើនពួកគាត់ត្រូវបាន ក្រុមគ្រួសារ សាច់ញាតិបោះបង់ចោល ហើយត្រូវបានអាជ្ញាធរតាមបណ្ដាខណ្ឌ បញ្ជូនមកមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ(ព្រៃស្ពឺ)នេះ ហើយខាងមណ្ឌលក្រោមការណែនាំពីឯកឧត្តម ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ពួកគាត់ត្រូវបានយកចិត្តទុកដាក់ និងថែទាំបានយ៉ាងល្អ ខណៈទីនេះហើយជាកន្លែងសុខដុមរមនាសម្រាប់ពួកគាត់ មុនត្រូវបញ្ជូនទៅលំនៅឋានវិញ៕