Detail Top Banner

ភ្នំពេញកក្រើកទៀតហើយ ជនសង្ស័យ​មួយក្រុម​មាន​គ្នា​ជិត​២០​នាក់ ជិះ​ម៉ូតូ​ជិត១០​គ្រឿង​ បាន​ដេញ​វាយ​យុវជន​ពីរ​នាក់​កាច់​យក​ស្លាក​លេខ​ម៉ូតូ តែ​មិនបាន​សម្រេច

ភ្នំពេញ៖ ជនសង្ស័យ​មួយក្រុម​មាន​គ្នា​ជិត​២០​នាក់ ជិះ​ម៉ូតូ​ជិត១០​គ្រឿង​បាន​ដេញ​វាយ​យុវជន​ពីរ​នាក់​បណ្ដាល​ឲ្យ​ជនរងគ្រោះ​ភ័យ​ស្លន់ស្លោផ្តួល​ម៉ូតូ​ចោល​រត់​ឲ្យ​គេ​ជួយ ហើយ​ជនសង្ស័យ​បាន​កាច់​យក​ស្លាក​លេខ​ម៉ូតូ តែ​មិនបាន​សម្រេច បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ស​ម​ត្ថកិច្ច​ចុះ​អន្តរាគមន៍​កាលពី​វេលា​ម៉ោង​១និង​១៥នាទី​យប់​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១៣ ខែធ្នូ ​ឆ្នាំ២០២១ នៅ​ចំណុច​មុខដេប៉ូប្រេងឥន្ធនៈ​សូគីម៉ិច តាម​បណ្តោយ​ផ្លូវ​ភ្នំពេញ​ហាណូយ ក្នុង​សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

តាម​ការរៀបរាប់​ពី​ជនរងគ្រោះ​បាន​ប្រាប់​ឲ្យ​ដឹងថា​ មុន​កើតហេតុ​រូបគេ​ជិះ​ម៉ូតូ​និច​មួយគ្រឿង​ពណ៌​ស​ពាក់​ស្លាក​លេខ ​ភ្នំពេញ ​1FV-5820 ​ទើបនឹង​ចេញមក​ពី​លេង​បាល់ គោលបំណង​ត្រឡប់​ទៅ​កន្លែង​ស្នាក់នៅ​ម្ដុំ​ចោមចៅ ដោយ​ធ្វើដំណើរ​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ ស្រាប់តែ​លេចមុខ​ជនសង្ស័យ​មួយក្រុម​ជិះ​ម៉ូតូប្រមាណ​ជិត១០គ្រឿង ​ប្រដាប់​ដោយ​ខ្សែក្រវាត់ ​ដំបង​ និង​ដាវ​ បាន​ជិះ​ដេញ​វាយ​រូបគេ ធ្វើ​ឲ្យ​រូបគេ​ភ័យ​ស្លន់ស្លោរ ក៏ផ្តួល​ម៉ូតូ​រត់​យករួចខ្លួន​ហើយ​ស្រែក​អោយគេ​ជួយ ភ្លាមនោះ​ក្រុម​ជនសង្ស័យ​បាន​កាច់​ស្លាក​លេខ​ម៉ូតូ​ជនរងគ្រោះ​តែ​មិនបាន​សម្រេច​ទើប​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល រួច​ក្រុម​ជនសង្ស័យ​ទាំងនោះ​បាននាំគ្នា​ជិះ​ម៉ូតូ​គេចខ្លួន​បាត់អស់​។

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះមក​ដល់​បាន​នាំ​ជនរងគ្រោះ​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទឹកថ្លា ​ដើម្បីងាយ​ស្រួល​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​រកមុខ​ជនសង្ស័យ​យកមក​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់​៕

អត្ថបទដែលជាប់ទាក់ទង