ស្ត្រីទើបសម្រាលកូនដែលមានជីវភាពខ្វះខាត បានទទួលអំណោយមនុស្សធម៌ពីក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិនៅសាខាកាកបាទក្រហមកម្ពុជាខេត្ត
ខេត្តកំពត៖ នារសៀលថ្ងៃអាទិត្យ ៨កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ យោងប្រសាសន៍ណែនាំរបស់លោកជំទាវ យូ សុគន្ធ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត បានចាត់ឱ្យលោក មុំ ក្រឹង នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត និងសហការី ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ផ្តល់ជូនគ្រួសារស្ត្រីដែលមានជីវភាពខ្វះខាតទើបសម្រាលកូន ឈ្មោះ សេង សាអែម អាយុ១៨ឆ្នាំ រស់នៅក្នុងភូមិឫស្សី ឃុំស្រែជាខាងត្បូង ស្រុកដងទង់ ខេត្តកំពត (មកសម្រាកសម្រាលកូននៅមណ្ឌលសុខភាពដំណាក់កន្ទួត) ។
ក្នុងឱកាសនោះដែរ លោកនាយកប្រតិបត្តិសាខា បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ឯកឧត្តម ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខា និងពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តីនិងកុមារ ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ជនងាយរងគ្រោះ និងជនរងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ហើយខិតខំថែរក្សាសុខភាពឲ្យបានល្អដោយប្រកាន់យកនូវអនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងយកកូនទៅចាក់ថ្នាំបង្ការឲ្យបានគ្រប់ចំនួនតាមការណាត់របស់គ្រូពេទ្យ និងសូមអនុវត្តនូវវិធានការការពារពីការឆ្លងជំងឺកូវីដ-១៩ ដូចខាងក្រោម ៖ ៣ការពារ ( ១.ពាក់ម៉ាស ២.លាងសម្អាតដៃឲ្យបានញឹកញាប់ ៣.គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ចាប់ពី១ម៉ែត្រកន្លះឡើងទៅ ) ៣កុំ (១.កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប្រើម៉ាស៊ីនត្រជាក់ច្រើនពេក ២.កុំទៅកន្លែងមានមនុស្សច្រើនកុះករ ៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម ) ។
អំណោយផ្តល់ជូនរួមមាន ៖ អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ទឹកត្រី១យួរ ទឹកដោះគោឆៅ១ឡូ ម៉ាស១ដុំ អាល់កុល១ដប ឃីតទារកមួយកញ្ចប់ និងថវិកា៥ម៉ឺនរៀលផងដែរ ៕ អរគុណសន្តិភាព