រដ្ឋបាលខេត្តរតនគិរី បើកកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាអំពីការរៀបចំប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ រដ្ឋបាលខេត្តរតនគិរី បានរៀបចំកិច្ចប្រជុំ ដើម្បីពិនិត្យ និងពិភាក្សាអំពីការរៀបចំប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្តអាគារB ក្រោមអធិបតីភាពឯកឧត្តម គិត ទ្រី អភិបាលរងខេត្ត តំណាងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត ។កិច្ចប្រជុំមានការអញ្ជើញចូលរួមពី លោកនាយករងរដ្ឋបាលខេត្ត ប្រធានមន្ទីរអប់រំ ប្រធានមន្ទីរសុខាភិបាល អភិបាលក្រុងស្រុក តំណាងស្នងការនគរបាល អាវុធហត្ថ និងមន្រ្ដីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ។
ថ្លែងក្នុងឱកាសបើកកិច្ចប្រជុំនាឱកាសនេះ ឯកឧត្តម គិត ទ្រី អភិបាលរងខេត្ត បានមានប្រសាសន៍ថា កិច្ចប្រជុំនាឱកាសនេះគឺដើម្បីពិនិត្យពិភាក្សាការងារចាំបាច់នានា ពិសេសលើផ្នែក សណ្ដាប់ធ្នាប់ សុវត្ថិភាពសុខាភិបាល ដើម្បីអោយសិស្សានុសិស្សទាំងអស់អាចប្រឡងបានដោយសុវត្ថិភាព និងដំណើរការបានជោគជ័យ និងមិនមានការរំខានពីជំងឺកូវីដ-១៩។
ឯកឧត្តមក៏បានសំណូមពរដល់ភាគីអង្គភាពជំនាញពាក់ព័ន្ធ ត្រូវចូលរួមអនុវត្តនូវបទដ្ឋានគតិយុត្តនានា និងយន្ដការកិច្ចការប្រឡង និងមានការពិនិត្យគាំទ្រជាប្រចាំ លើកិច្ចការគ្រប់គ្រងបច្ចេកទេស និងចុះពិនិត្យវាយតម្លៃដល់ទីតាំងមណ្ឌលប្រឡងផ្ទាល់ដើម្បីពង្រឹងវិធានការអនាម័យ សុវត្ថិភាព សង្ឃឹមថាដំណើរការសំណេរខាងមុខ នឹងទទួលបានសុវត្ថិភាព សុខាមាលភាព តម្លាភាព យុត្តិធម៌ និងលទ្ធផលអាចទទួលយកបាន។
លោក ខាត់ សាម៉ាល់ ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត បានលើកឡើងថាដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជាសម្រាប់ខេត្តរតនគិរី ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ មានចំនួន ២មណ្ឌលប្រឡង ដែលក្នុងនោះ មណ្ឌលប្រឡងសាលាបឋមសិក្សា ប៊ូ ថង ទេសអន្លុង ស្ថិតក្នុងក្រុងបានលុង ថ្នាក់វិទ្យាសាស្រ្ដពិត មានចំនួន១១បន្ទប់ មានបេក្ខជនសរុប២៧២នាក់ ស្រី១៥១នាក់។ និងមណ្ឌលវិទ្យាល័យសម្ដេចឪ សម្ដេចម៉ែ ស្ថិតក្នុងក្រុងបានលុង ថ្នាក់វិទ្យាសាស្រ្ដសង្គម ចំនួន៤២បន្ទប់ មានបេក្ខជនសរុប១០៣៧នាក់ ស្រី៤៦០នាក់។ ដែលសរុបជារួមមានចំនួនបេក្ខជនសរុប ១,៣០៩ ស្រី៦១១នាក់ (ក្នុងនោះរួមមានប្អូនៗជនជាតិដើមភាគតិចចំនួន ៥២៩នាក់ ស្រី២២៣នាក់)។
សូមបញ្ជាក់ផងដែរថាការប្រឡងឆ្នាំសិក្សា២០២០-២០២១ នេះ នឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺថ្ងៃទី២៧ និង២៨ខែធ្នូ ឆ្នាំ២០២១ លើ០៧មុខវិជ្ជា ក្នុងនោះភាសាបរទេសជាវិញ្ញាសាស្ម័គ្រ (បេក្ខជនទាំងអស់បានជ្រើសរើសភាសាអង់គ្លេស)។ ថ្នាក់វិទ្យាសាស្រ្ដ មានវិញ្ញាសា ប្រវត្តិវិទ្យា ជីវវិទ្យា គីមីវិទ្យា ភាសាបរទេស អក្សរសាស្រ្ដខ្មែរ រូបវិទ្យា គណិតវិទ្យា។ ថ្នាក់វិទ្យាសាស្រ្ដសង្គម មានវិញ្ញាសា ផែនដី និងបរិស្ថានវិទ្យា ប្រវត្តិវិទ្យា ភូមិវិទ្យា ភាសាបរទេស គណិតវិទ្យា សីលធម៌ពលរដ្ឋវិជ្ជា អក្សរសាស្រ្ដខ្មែរ៕