អង្គភាពប្រឆាំងអំពើពុករលួយ(ACU) បាននាំខ្លួនមន្រ្តីនគរបាលផ្កាយ ម្នាក់ និងស័ក្ដិ៥ ម្នាក់ ទៅធ្វើការសាកសួរ

ខេត្តកំពង់ឆ្នាំង៖ អង្គភាពប្រឆាំងអំពើពុករលួយ(ACU) បាននាំខ្លួនទៅធ្វើការសាកសួរ ចំពោះមន្រ្តីនគរបាលផ្កាយ ម្នាក់ និងស័ក្ដិ៥ ម្នាក់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដែលពាក់ព័ន្ធទៅនឹងការទន្ទ្រានយកដីព្រៃលិចទឹកក្នុងបឹងទន្លេសា បក្នុងស្រុកកំពង់លែង។

អ្នកនាំពាក្យអង្គភាពប្រឆាំងពុករលួយ បានឱ្យអ្នកសារព័ត៌មានយើងដឹង នៅវេលាម៉ោង ១០ព្រឹក កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ថា លោកផ្កាយ១ ស៊ុំ សុជាតិ ស្នងការងខេត្តកំពង់ឆ្នាំង និងលោកស័ក្ដិ៥ កែវ ណារុន ប្រធានការិយាល័យអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ អញ្ជើញមកបំភ្លឺនិងស្ដាប់ចម្លើយ ពាក់ព័ន្ធនឹងដីព្រៃលិចទឹកតំបន់៣ ឋិតក្នុងទីតាំងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

អាជ្ញាធរថ្នាក់មូលដ្ឋានក្នុងខេត្តទាំង៦នៅជាប់បឹងទន្លេសាប និងថ្នាក់ជាតិ បានចាត់វិធានការជាបន្តបន្ទាប់ លើអ្នកពាក់ព័ន្ធទៅនឹងបទល្មើសរំលោភវាទយកដីព្រៃលិចទឹករាប់ម៉ឺនហិកតា នៅលើផ្ទៃបឹងទន្លេសាប ក្រោយពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់បទបញ្ជាឱ្យបង្ក្រាបបទល្មើសទាំងនោះ កាលពីចុងខែវិច្ឆិកាកន្លងមក។

ក្រោយពីធ្វើការដកហូតដី ហើយមន្រ្តីពាក់ព័ន្ធ ក៏បាននិងកំពុងតែធ្វើការយុទ្ធនាការដាំឡើងវិញនូវគ្រាប់ត្នោត កូនឈើផ្សេងៗ មាន កូនឫស្សី សណ្តាន់ រាំង ខ្ទុំ ជាបន្តបន្ទាប់ទៀតនៅក្នុងតំបន់ទាំងនោះ និងបោះបង្គោលព្រំឡើងវិញ នៅកន្លែងដែលត្រូវបានគេកាប់ទន្រ្ទានឡើងវិញ ៕ Bong KO

