Detail Top Banner

ឃើញតម្រុយហើយ!!! ករណីផ្ទុះអាវុធ៣គ្រាប់នៅចំណុចស្តុបស្ពានដែកចំការដូង​ តាមបណ្ដោយផ្លូវ៣៧១​ កែងផ្លូវ២១៧ ​បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ធ្ងរ

​ភ្នំពេញ​៖​ បុរសម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ​ បន្ទាប់ពីជិះម៉ូតូឌុបប្រពន្ធកូន២នាក់វាក់អ៊ើនិងម៉ូតូមួយគ្រឿងទៀតមិនទាន់ប៉ះគ្នាផង​ ត្រូវជនដៃដល់ម្នាក់ខឹងដកកាំភ្លេីងខ្លីបាញ់ចំនួន៣គ្រាប់​ទាំងប្រពន្ធនិងកូន​នៅក្បែរ បង្កការភ្ញាក់ផ្អេីលជាខ្លាំងនៅចំណុចស្តុបស្ពានដែកចំការដូង​ តាមបណ្ដោយផ្លូវ៣៧១​ កែងផ្លូវ២១៧​ ក្នុងសង្កាត់ស្ទឹងមានជ័យទី២​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។

​បុរសរងគ្រោះមានឈ្មោះ​ ឡាយ​ សៀកឡេង​ អាយុ៣២ឆ្នាំ​ ស្នាក់នៅផ្ទះលេខ៣៥៧ ផ្លូវជាតិលេខ៥​ ភូមិមិត្តភាព​ សង្កាត់ឫស្សីកែវ​ ខណ្ឌរស្សីកែវ​ រីឯប្រពន្ធនិងកូន២នាក់ទៀតមិនស្គាល់អត្តសញ្ញាណនោះទេ​ ។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុនោះគឺ​ គេឃេីញបុរសជាជនរងគ្រោះ​បានជិះម៉ូតូមួយគ្រឿងម៉ាក​ហុងដាស្កុបពី​ ពណ៌ខៀវ​ ពាក់ស្លាកលេខភ្នំពេញ​ 1IV-5692 បានដឹកប្រពន្ធនិងកូន២នាក់​ធ្វេីដំណេីរតាមបណ្ដោយផ្លូវ៣៧១​ ទិសដៅពីកេីតមកលិច​ ខណៈមកដល់ស្តុប ម្តុំចំ​ណុច​កេីតហេតុស្រាប់តែមានបុរសម្នាក់ជាជនដៃដល់​ ជិះម៉ូតូមួយគ្រឿងម៉ាក​ ហុងដាស្កុបពី​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ​ 1GU-9897 ធ្វេីដំណេីរតាមបណ្ដោយផ្លូវ២១៧​ ទិសដៅពីជេីងមកត្បូង​និងបំណងបត់ទៅផ្លូវ៣៧១វិញ​ ក៏ស្រាប់តែវាក់អ៊ើគ្នាបន្តិច​ តែមិនបានបុក​ ឬប៉ះគ្នានោះទេ​ ។

 

ប្រភពដដែលបានបន្តថា​ ក្នុងអំឡុងពេលនោះក៏មានការប៉ះសម្ដីគ្នាបន្តិចបន្តួចផងដែរ​ ទេីបធ្វេីឲ្យជនដៃដល់ដកកាំភ្លេីងខ្លីបាញ់ទៅលេីបុរសរងគ្រោះទាំងប្រពន្ធកូននៅក្បែរចំនួន៣គ្រាប់​ត្រូវចំពោះ​ និងដៃ​ រងរបួសយ៉ាងធ្ងន់ធ្ងរ​ ។ ភ្លាមៗជនដៃដល់បានជិះម៉ូតូគេចចេញពីកន្លែងកេីតហេតុដល់ផ្លូវបេតុង​ ក្នុងបុរីលឹមឈាងហាក់​ នៃសង្កាត់ស្ទឹងមានជ័យទី៣​ ខណ្ឌមានជ័យ​ ក៍ដួលម៉ូតូរួចទុកចោលហើយរត់គេចខ្លួនបាត់ស្រមោល​ ។

​ក្រោយកេីតហេតុ​ ជនរងគ្រោះដែលត្រូវគ្រាប់កាំភ្លេីងរងរបួសធ្ងន់នោះ​ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះអាយុជីវិតភ្លាមៗ​ផងដែរ​ ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋាន​ និងផ្នែកជំនាញបានចុះមកប្រមូលវត្ថុ​តាង​ដែលពាក់ព័ន្ធទៅរក្សាទុក​ ដេីម្បីធ្វេីការស្រាវជ្រាវ​តាមចាប់ជនដៃដល់យកមកផ្ដន្ទាទោសតាមច្បាប់​ ៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង