សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីការបរទេសថៃ

ភ្នំពេញ៖ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ដន ប្រាម៉ាត់វី​ណៃ រដ្ឋមន្រ្តីការបរទេសថៃ ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ដន ប្រាម៉ាត់វីណៃ បានគោរពពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តម នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ជូនចំពោះសម្តេចតេជោ ហើយបានសម្ដែងការអបអរសាទរជូនចំពោះ សម្តេចតេជោ ដែលនឹងក្លាយជាប្រធានអាស៊ាននៅឆ្នាំក្រោយនេះ នឹងបានគោរពជូនពរសម្ដេចតេជោ ដឹកនាំអាស៊ាន ទទួលបានជោគជ័យនៅឆ្នាំ២០២២ ខាងមុខ។ ឯកឧត្តម ដន ប្រាម៉ាត់វីណៃ ក៏បានសំដែងនូវការអបអរសាទរជូនចំពោះសម្តេចតេជោ ដែលបានទប់ស្កាត់ការរីករាលដាលជំងឺ Covid-19 បានយ៉ាងជោគជ័យ ជាពិសេស បានចាក់ស្រោចវ៉ាកសាំងជូនដល់ប្រជាជនកម្ពុជាបានជាង ៩០ភាគរយ ។
ជាមួយគ្នានេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានសំដែងនូវការអបអរសាទរផងដែរ ជូនចំពោះសម្តេចតេជោ ដែលបានអភិវឌ្ឍន៍កម្ពុជាយ៉ាងឆាប់រហ័ស។ ជាមួយគ្នានេះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ដន ប្រាម៉ាត់វីណៃ បានគោរពសូមស្វែងយល់ពីសម្ដេចតេជោ អំពីគោលដៅនៃការដឹកនាំអាស៊ាន នាឆ្នាំ ២០២២ ខាងមុខ ។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះ ឯកឧត្តម ដន ប្រាម៉ាត់វីណៃ ដែលបានពាំនាំនូវសាររបស់ ឯកឧត្តមនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ជូនចំពោះសម្ដេច។ សម្ដេចក៏បានជម្រាបជូនឯកឧត្តមផងដែរ អំពីគោលដៅសំខាន់ដែលត្រូវធ្វើក្នុងនាមជាប្រធានអាស៊ាន នោះគឺ ៖
ទី១) ប្រយុទ្ធប្រឆាំងជំងឺកូវីដ ធ្វើយ៉ាងណាបើកសេដ្ឋកិច្ច សង្គមកិច្ច និងតភ្ជាប់រវាងប្រជាជននិងប្រជាជននៅអាស៊ានរបស់យើង
ទី២) ពង្រឹងមិត្តភាព សាមគ្គីភាព និងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសអាស៊ាន
ទី៣) សម្ដេចតេជោនាយករដ្ឋមន្ត្រី បានជម្រាបជូនឯកឧត្តមផងដែរនូវជំហររបស់កម្ពុជា ពាក់ព័ន្ធនឹងសមុទ្រចិនខាងត្បូង នោះគឺជំរុញការអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាម DOC និងឲ្យប្រទេសដែលមានពាក់ព័ន្ធ ធ្វើការចរចាគ្នា និងខំប្រឹងប្រែងធ្វើយ៉ាងណា សម្រេច COC ឲ្យបាន៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង