អភិបាលរាជធានី ជំរុញឱ្យកងកម្លាំងនិងអាជ្ញាធរខណ្ឌទាំង១៤ ពង្រឹងសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្រោយពីរាជរដ្ឋាភិបាលបានប្រកាសដាក់ប្រទេសជាប្រក្រតីឡើងវិញ

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យកងកម្លាំងប៉ូលីសដូចជាកងកម្លាំងកងរាជអាវុធហត្ថនិងអាជ្ញាធរខណ្ឌទាំង១៤ ត្រូវពង្រឹងសន្តិសុខ សុវត្ថិភាព និងសណ្ដាប់​ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋ ក្រោយពីរាជរដ្ឋាភិបាលបានប្រកាសដាក់ប្រទេសទាំងមូលជាប្រក្រតីឡើងវិញ ពិសេសកងកម្លាំងនិងអាជ្ញាធរត្រូវរក្សាឲ្យបាននូវសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងឱកាសពិធីបុណ្យ christmas និងបុណ្យចូលឆ្នាំសកលដែលនឹងឈានចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ។

ការជំរុញរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញខាងលើនេះបានធ្វើឡើងនា ល្ងាចថ្ងៃទី២០ ខែធ្នូឆ្នាំ២០២១នេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញតាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) ជាមួយនឹងកងកម្លាំងទាំងពីរប្រភេទ មន្ទីរពាក់ព័ន្ធនិងអាជ្ញាធរខណ្ឌទាំង១៤ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន បានប្រកាសរួចហើយ ក្នុងការបិទបញ្ចប់ព្រឹត្តិការណ៍២០កុម្ភៈ និងបានបើកប្រទេសឱ្យដំណើរជាប្រក្រតីភាពឡើងវិញ ។

ដូច្នេះរាល់សកម្មភាពនានា វានឹងកើតឡើងវិញ ទាំងបទល្មើសផ្សេង ទាំងល្បែងស៊ីសងគ្រប់ប្រភេទទាំងបញ្ហាសណ្ដាប់ធ្នាប់សាធារណៈ ។

ដូច្នេះឯកឧត្តមជំរុញឲ្យកម្លាំងមានសមត្ថកិច្ចទាំងពីរប្រភេទនិងអាជ្ញាធរខណ្ឌទាំងអស់ត្រូវពង្រឹងឡើងវិញ ពិសេសបង្ក្រាបឲ្យបាននូវបទល្មើសផ្សេងៗ ដូចជាបទល្មើស លួច ឆក់ប្លន់ គ្រឿងញៀន និងល្បែងស៊ីសងជាដើម ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋរបស់យើង។

ឯកឧត្តមបន្តថា ពាក់ព័ន្ធនិងបុណ្យចូលឆ្នាំសកលដែលនឹងឈានចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ អាជ្ញាធរខណ្ឌក៏ដូចជាមន្ទីរសាធារណការរាជធានីភ្នំពេញ ត្រូវរាយការណ៍ពីគោលដៅកកស្ទះនៅក្នុងមូល​ដ្ឋានរបស់ខ្លួន បើយើងដោះមិនចេញត្រូវរាយការណ៍មកអាជ្ញាធររាជធានីភ្នំពេញ ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នេះ។

ពិធីបុណ្យចូលឆ្នាំសកលនេះ បងប្អូនប្រជាពលរដ្ឋនិងសម្រុកចាកចេញពីលំនៅដ្ឋាន ដើម្បីឆ្លងឆ្នាំ ដែលវានឹងធ្វើឲ្យតំបន់ប្រឈមមួយចំនួនមានការកកស្ទះចរាចរ ដូច្នេះក្នុងនាមជាអាជ្ញាធរកម្លាំងមានសមត្ថកិច្ចត្រូវសម្រួលសារាចរជូនបងប្អូនប្រជាពរដ្ឋដើម្បីឲ្យពួកគាត់បានសប្បាយរីករាយនៅក្នុងពិធីបុណ្យឆ្លងឆ្នាំនេះ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានមានប្រសាសន៍បញ្ជាក់ឲ្យដឹងដែរថា នៅក្នុងឱកាសបុណ្យចូលឆ្នាំសកលឆ្នាំនេះ សមត្ថកិច្ចរបស់លោកនឹងប្រើប្រាស់កម្លាំងចំនួន ១១៦៥នាក់ ដើម្បីការពារសន្តិសុខ សុវត្ថិភាពនិងសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ បានសប្បាយក្អាកក្អាយ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ស ថេត ក៏បានសម្តែងនូវការកោតសរសើរយ៉ាងខ្លាំងផងដែរចំពោះ ឯកឧត្តម ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដែលតែងតែយកចិត្តទុកដាក់ ក្នុងកិច្ចការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ដោយលោកតែងបានចុះផ្ទាល់លើការត្រួតពិនិត្យកងកម្លាំងដែលត្រូវប្រចាំនៅតាមគោលដៅនានានៅក្នុងរាជធានីភ្នំពេញ ដែលនេះបង្ហាញឲ្យឃើញពីភាពខ្លាំងនៃការដឹកនាំរបស់ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ៕

អត្ថបទដែលជាប់ទាក់ទង