សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិ អ្នកស្ម័គ្រចិត្ត ក្រោមប្រធានបទ “ស្ម័គ្រចិត្តពេលនេះ ដើម្បីអនាគតរបស់យើងទាំងអស់គ្នា បន្តធ្វើសកម្មភាពដោយមិនឈប់ឈរឡើយ”
ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម លូ គឹមឈន់ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ អញ្ជើញចូលរួមក្នុងពិធីអបអរសាទរទិវាអន្តរជាតិ អ្នកស្ម័គ្រចិត្តក្រោម ប្រធានបទ “ស្ម័គ្រចិត្តពេលនេះ ដើម្បីអនាគតរបស់យើងទាំងអស់គ្នា បន្តធ្វើសកម្មភាពដោយ មិនឈប់ឈរឡើយ” ដោយមានការចូលរួមពីអ្នកស្ម័គ្រអនុសាខាកាកបាទក្រហមមកពីក្រុង ស្រុកទាំង៥ ចំនួន ២៦៧នាក់ នៅពិភពមង្គល ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ។
ឯកឧត្តម លូ គឹមឈន់ បានធ្វើការសំណេះសំណាល និងថ្លែងអំណរគុណអ្នកស្ម័គ្រ ចិត្តទាំងអស់ដែលបានចូលរួមថ្ងៃនេះ ដើម្បីបង្ហាញពីអ្នកស្ម័គ្រចិត្តដែលបានចូលរួម ដើម្បីទាំង អស់គ្នា និងដើម្បីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព កាត់បន្ថយវិសមភាពនៅក្នុងប្រទេស និងរវាងប្រទេសនានា។
ក្នុងឱកាសនោះ ឯកឧត្តមក៏បានជម្រាបជូនពីប្រវត្តិកំណើតទិវាអន្តរជាតិ នៃអ្នកស្ម័គ្រ ចិត្ត ដែលពិភពលោកកំពុងអបអរសាទរ និងរៀបចំរហូតមកដល់សព្វថ្ងៃនេះ ទិវាអន្តរជាតិអ្នក ស្ម័ចិត្តបានបង្កើតឡើងដោយអង្គការសហប្រជាជាតិ តាមរយៈសេចក្តីសម្រេចលេខ ៤០/២១២ របស់មហាសន្និបាតនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ១៩៨៥។
រដ្ឋាភិបាល នៃប្រទេសជាសមាជិករបស់ អង្គការសហប្រជាជាតិ និងចលនាអន្តរជាតិ កាកបាទក្រហម អឌ្ឍចន្ទក្រហមបានកំណត់ យកថ្ងៃទី ៥ធ្នូ រៀបចំទិវាអន្តរជាតិ នៃអ្នកស្ម័គ្រចិត្ត ក្រោមប្រធានបទ “ស្ម័គ្រចិត្តពេលនេះ ដើម្បីអនាគតរបស់យើងទាំងអស់គ្នា បន្តធ្វើសកម្មភាពដោយមិនឈប់ឈរឡើយ” ដើម្បីចូល រួមសកម្មភាពមនុស្សធម៌ជាមួយរាជរដ្ឋាភិបាល កាត់បន្ថយភាគក្រីក្រ។ អ្នកស្ម័គ្រចិត្តបាន ធ្វើការឆ្លើយតបទៅនឹងគ្រោះមហន្តនរាយ ទោះបីមានបញ្ហាប្រឈមខ្លះក៏ដោយ ក៏ពួកគេនៅ តែចូលរួមជានិច្ច។
ឯកឧត្តមបានថ្លែងថា បច្ចុប្បន្នមាន អ្នកស្ម័គ្រចិត្តនៅទូទាំងពិភពលោកមានចំនួន ១៤លាននាក់ ក្នុងនោះកម្ពុជាមានអ្នកស្ម័គ្រចិត្តចំនួន ២៣,២៨០នាក់ ស្រី ១៨,០២២នាក់ ដោយឡែកខេត្តព្រះសីហនុ មានអ្នកស្ម័គ្រចិត្តចំនួន ២៦៧នាក់ ស្រី ១២៤នាក់។ ឆ្នាំ២០២១ នេះ អ្នកស្ម័គ្រចិត្តតាមអនុសាខាក្រុង ស្រុកទាំង៥ បានចូលរួមយ៉ាង សកម្មក្នុង ការងារផ្សព្វ ផ្សាយ ទប់ស្កាត់ការរីករាយដាលនៃជំងឺកូវីដ-១៩ និងការចែកអំណោយរបស់ រាជរដ្ឋាភិបាល ជូនដល់ប្រជាពលរដ្ឋ ស្ថិតក្នុងតំបន់បិទខ្ទប់ក្នុងក្រុង ស្រុកទាំង៥ ដោយឈរលើគោលការណ៍ គ្រឹះទី៥ នៃគោលការណ៍គ្រឹះទាំង៧ របស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម បានចែងថា “សមាគមជាតិ គឺជាអង្គការសង្គ្រោះដោយស្ម័គ្រចិត្ត មិនមែនធ្វើសកម្មភាព ដោយសារចង់បានផលចំណេញនោះឡើយ” អ្នកស្ម័គ្រចិត្តបានពង្រឹងពង្រីកជាបន្តបន្ទាប់ ដោយផ្តល់វគ្គសង្គ្រោះបឋមមួយឆ្នាំម្តង ដើម្បីជួយសង្គ្រោះបឋមដល់ប្រជា ពលរដ្ឋក្នុង សហគមន៍។
ឯកឧត្តមបន្តថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អ្នកស្ម័គ្រចិត្ត គឺជាឆ្អឹងខ្នងរបស់ចលនា និងសហគមន៍ ហើយក៏ជាទ្រព្យធនដ៏មានតម្លៃ ជាកម្លាំងប្រតិ បត្តិករចាំបាច់បំផុតនៅក្នុង មូលដ្ឋាន។ ជាភ្នាក់ងាររបស់កាកបាទក្រហមកម្ពុជា ជាតំណាងប្រជាពលរដ្ឋងាយរងគ្រោះនៅ ក្នុងសហគមន៍ខ្លួន និងជាអ្នកក្តាប់បានមុនគេពីភាពងាយរងគ្រោះរបស់មូលដ្ឋាន និងស្វែងរក ដំណោះស្រាយ ហើយជាអ្នកមានវត្តមានមុនគេពេលមានគ្រោះមហន្តរាយកើតឡើង។ អ្នកស្ម័គ្រចិត្តជួយបង្កើតឱ្យមានស្មារតីធ្វើការរួមគ្នានៅក្នុងសហគមន៍។ ជាដៃគូអភិវឌ្ឍរបស់ សហគមន៍ ដោយអ្នកស្ម័គ្រចិត្ត។ អ្នកស្ម័គ្រចិត្តជួយលើកកម្ពស់ការយល់ដឹង និងឈ្វេងយល់ អំពីបញ្ហានានានៅក្នុងសហគមន៍។ ជាធនធាន កម្លាំងដ៏សំខាន់ និងប្រតិបត្តិករចាំបាច់បំផុត នៅថ្នាក់មូលដ្ឋានផ្តោតសំខាន់លើជំនាញដ៏ប៉ិនប្រសប់ រួមមានការងារគ្រប់គ្រងគ្រោះ មហន្តរាយ ការងារអប់រំសុខភាពនៅតាមសហគមន៍ វិជ្ជាសង្គ្រោះបឋម ការអប់រំកាត់បន្ថយ គ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទះជាដើម។
ឯកឧត្តមបានបញ្ជាក់ថា អ្នកស្ម័គ្រចិត្ត គឺជាអ្នកដែលគិតគូរដំបូងគេនៅក្នុងសហគមន៍ មូលដ្ឋានផ្ទាល់ ទោះក្នុងកាលៈទេសៈណាក៏ដោយ ទឹកចិត្តគោលបំណង និងទិសដៅ របស់អ្នកស្ម័គ្រចិត្តចូលរួមកាត់បន្ថយទុក្ខលំបាករបស់ប្រជាពលរដ្ឋ។ អ្នកស្ម័គ្រចិត្តបាន បំពេញការងារមនុស្សធម៌យ៉ាងសកម្ម និងការងារសង្គមផ្សេងៗទៀតជាមួយអាជ្ញាធរ មូលដ្ឋានបានទាន់ពេលវេលា។
សូមបញ្ជាក់ថា ក្នុងពិធីនោះ ក៏បាននាំអំណោយមកចែកជូនអ្នកស្ម័គ្រចិត្តមកពីក្រុង ស្រុកទាំង៥ មានចំនួន២៦៧នាក់ ដោយក្នុងម្នាក់ៗទទួលបាន អង្ករ២៥គីឡូក្រាម កន្ទេល១ ត្រីខ១យួរ ទឹកត្រី១យួរ មី១២កំប៉ុង ទឹកសុទ្ធ១កេស ទឹកក្រូច ១កេស ម៉ាស១ដុំ ជែល១ដប ឃីតមួយកញ្ចប់ (មុង១ ភួយ១ ក្រមា១ សារុង១) និងថវិកា ១០ម៉ឺនរៀល៕