ឯកឧត្តម ហង់ជួន ណារ៉ុន បានដឹកនាំកិច្ចប្រជុំណែនាំបច្ចេកទេសជូនដល់គណៈកម្មការអប្បមាទទូទាំងប្រទេស និងប្រធាន អនុប្រធានមណ្ឌលទាំងអស់ សម្រាប់ត្រៀមដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជានាចន្ទទី ២៧ ធ្នូនេះ
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ហង់ជួន ណារ៉ុន បានដឹកនាំកិច្ចប្រជុំណែនាំបច្ចេកទេសជូនដល់គណៈកម្មការអប្បមាទទូទាំងប្រទេស និងប្រធាន អនុប្រធានមណ្ឌលទាំងអស់ សម្រាប់ត្រៀមដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជានាចន្ទទី ២៧ ធ្នូនេះ។
ក្រសួងអប់រំ យុវជន និងកីឡាបានបញ្ជាក់នៅថ្ងៃសៅរ៍ទី ២៥ ខែធ្នូនេះថាកិច្ចប្រជុំនេះគឺ «ដើម្បីណែនាំបច្ចេកទេសក្នុងដំណើរការប្រឡងដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលបាន ព្រមទាំងបង្ហាញពីវិធានការសុខភាព និងសុវត្ថិភាពសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដើម្បីចូលរួមក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩»។ កិច្ចប្រជុំនេះបានប្រព្រឹត្ត ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ លោក លោកស្រី អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដែលនឹងចូលរួមសហការគ្នាដើម្បីឱ្យដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០២១ នេះប្រព្រឹត្តទៅដោយរលូន។
បន្ថែមពីនេះ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំក៏បានដឹកនាំប្រជុំគណៈមេប្រយោគទូទាំងប្រទេសប្រចាំការនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិផងដែរ។
ក្រសួងបានឱ្យដឹងថា គណៈមេប្រយោគប្រចាំការមានតួនាទីទំនាក់ទំនងជាមួយគណៈមេប្រយោគទូទាំងប្រទេសប្រចាំមណ្ឌលរាជធានី ខេត្ត ដើម្បីប្រមូលព័ត៌មាន ឆ្លើយតបសំណួរ និងដោះស្រាយបញ្ហាបច្ចេកទេស ព្រមទាំងផ្សព្វផ្សាយព័ត៌មាននានាអំពីដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឱ្យទាន់ពេលវេលាតាមរយៈគេហទំព័រ និងបណ្ដាញសង្គមផ្លូវការក្រសួងអប់រំ៕