អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) បានឱ្យដឹងថា ក្រុមការងារចំហអង្គភាពប្រឆាំងអំពើពុករលួយដែលបានចូលរួមសង្កេតការណ៍ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
ភ្នំពេញៈ អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) បានឱ្យដឹងថា ក្រុមការងារចំហអង្គភាពប្រឆាំងអំពើពុករលួយដែលបានចូលរួមសង្កេតការណ៍ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៧ ធ្នូ ២០២១ បានចូលរួមសង្កេតការណ៍ ដំណើរការដឹកប្រធានវិញ្ញាសាទៅកាន់រាជធានី ខេត្តកាលពីថ្ងៃទី ២៤ ខែធ្នូនេះ។ ក្រុមការងារបានចូលរួមតាំងពីដំណាក់កាលរៀបចំដឹកជញ្ជូនចេញពីក្រសួងអប់រំ យុវជន និងកីឡា (វិទ្យាស្ថានជាតិអប់រំ) រហូតដល់សាលារាជធានី ខេត្ត ដែលជាទីតាំងរក្សាទុកប្រធានវិញ្ញាសាប្រឡង។
អង្គភាពនេះបានបន្តថា ក្នុងដំណើរការនៃការដឹកជញ្ជូនប្រធានវិញ្ញាសាសរុប ៨៧៣ ហឹប អ.ប.ព. កត់សម្គាល់ឃើញថាគ្រប់ភាគីពាក់ព័ន្ធ រួមមាន គណៈមេប្រយោគទូទាំងប្រទេសប្រចាំរាជធានីខេត្ត គណៈកម្មការអប្បមាទទូទាំងប្រទេសប្រចាំរាជធានីខេត្ត អាជ្ញាធរដែនដី (អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត, កងកម្លាំងនគរបាល, កងរាជអាវុធហត្ថ) បានយកចិត្តទុកដាក់ខ្ពស់ អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនលើកិច្ចការនេះ ស្របទៅតាមបទប្បញ្ញត្តិពាក់ព័ន្ធ។
អ.ប.ព បានសរសេរនៅក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃសុក្រទី ២៤ ខែធ្នូនេះថា៖ «នៅក្នុងដំណើរការនៃការរៀបចំប្រគល់ទទួល និងដឹកជញ្ចូនហឹបវិញ្ញាសាចេញពីវិទ្យាស្ថានជាតិអប់រំ គឺមានការចូលរួមពិនិត្យយ៉ាងហ្មត់ចត់លើស្រោមវិញ្ញាសាដែលបានបិទជិតយ៉ាងគត់មត់មិនមានការរហែក ផ្ទៀងផ្ទាត់ចំនួនយ៉ាងត្រឹមត្រូវ រួចទើបបញ្ចូលទៅក្នុងហឹបប្រធានវិញ្ញាសា និងចាក់សោដោយបិទភ្ជិតក្រដាស (Sceller) លើរន្ធ សោទើបដាក់បញ្ចូលទៅក្នុងរថយន្ត ដឹកជញ្ជូនទៅកាន់គោលដៅ»។ ក្រៅពីនោះ ក្នុងការធ្វើដំណើរទៅកាន់ទីតាំងរក្សាទុកហឹប នៅតាមរាជធានី ខេត្ត មានការរក្សា ការពារ ធានាសុវត្ថិភាពក្នុងការដឹកជញ្ជូន មិនឱ្យមានការរំខាន ការធ្វើឱ្យបាត់បង់ ឬប៉ះពាល់ធ្វើឱ្យរហែកក្រដាសបិទភ្ជិត (Sceller) លើរន្ធសោរបស់ហឹបប្រធានវិញ្ញាសាឡើយ។
អ.ប.ព. បានបញ្ជាក់ថាហឹបប្រធានវិញ្ញាសាបានដឹកដល់គោលដៅ ដោយបានរួមគ្នាត្រួតពិនិត្យហើយឃើញថារក្សាបាននូវសភាពដើម ទើបអាជ្ញាធរដែនដីរៀបចំទទួលរក្សាទុកនៅទីតាំងមានការចាក់សោត្រឹមត្រូវ និងមានកម្លាំងយាមកាម ២៤ ម៉ោង ដើម្បីធានាសុវត្ថិភាពហឹបប្រធានវិញ្ញាសា រហូតដល់ការបញ្ជូនបន្តទៅមណ្ឌលប្រឡងតាមការកំណត់។
អ.ប.ព សង្កេតឃើញថា ដំណើរការដឹកជញ្ជូនហឹបប្រធានវិញ្ញសារប្រឡង ប្រព្រឹត្តទៅរលូន ប្រកបដោយសុវត្ថិភាព និងគោរពទៅតាមបទប្បញ្ញត្តិ ដែលបានដាក់ចេញដោយក្រសួងអប់រំ យុវជន និងកីឡា ជាពិសេសមានការចូលរួមគាំទ្រដល់ដំណើរការការងារដោយអាជ្ញាធរដែនដីយ៉ាងសកម្មផងដែរ។
ក្រសួងអប់រំ យុវជន និងកីឡាបានប្រកាសថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០២១ នេះមានមណ្ឌលប្រឡងសរុប ២០៤ មណ្ឌល ត្រូវជា ៤៦១៦ បន្ទប់ បេក្ខជនចុះឈ្មោះប្រឡងសរុប ១១៤ ១៨៣ ស្រី ៦០ ៣៩៧ នាក់ គណៈមេប្រយោគ និងគណៈកម្មការនានាចូលរួមក្នុងដំណើរការប្រឡងមានចំនួន ៣១ ៤៣២ នាក់៕