រដ្ឋ​​អាជ្ញា​ហូឡង់​​អំពាវនាវ​​ឱ្យ​​កាត់​ទោស​ដាក់​ពន្ធនាគារ​អស់​ ១ ជីវិត​ ជុំ​វិញ​ការ​បាញ់​ទម្លាក់​​​​យន្តហោះ​ម៉ាឡេស៊ី​ MH17​

ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ​រាយការណ៍​ថា រដ្ឋ​​​អាជ្ញាហូ​ឡង់​​កំពុង​អំពាវ​នាវ​ឱ្យ​មាន​ការ​កាត់​ទោសដោយ​​ដាក់​ពន្ធនាគារ​អស់​ ១ ​ជីវិត​ចំពោះ​ជន​ជាតិ​រុស្ស៊ីចំនួន ​​៣ នាក់​ និង​ជនជា​តិអ៊ុ​យក្រែន​ម្នាក់​ដែល​រង​ការ​ចោទ​ប្រកាន់​ពី​បទ​មនុស្ស​ឃាត​ជុំវិញ​ការ​ធ្លាក់​យន្តហោះ​ MH17 ​របស់​ម៉ាឡេស៊ី​ដែល​សម្លាប់​មនុស្ស​ចំ​នួន​ ២៩៨ ​នាក់​កាល​ពី​ឆ្នាំ​ ២០១៤​។​

តាម​រយៈ​ការ​អំពាវ​នាវ​កាល​ពី​ថ្ងៃ​ពុធ​ លោក​រដ្ឋ​អាជ្ញា ​Manon Ridderbeks ​និយាយ​ថា​ ជន​ជាប់​ចោទ ​៤ ​នាក់ ​រួម​មាន​លោក ​Igor Girkin ​លោក​ Sergey Dubinsky ​លោក ​Oleg Pulatov ​និង​លោក ​Leonid Kharchenko ​​មាន​ទំនាក់​ទំនង​ជាមួយ​ក្រុម​ឧទ្ទាម​គាំទ្រ​ដោយ​រុស្ស៊ី​នៅ​ភាគ​ខាង​កើត​អ៊ុយក្រែន​ ហើយ​​ដើរ​តួ​យ៉ាង​សំខាន់​​ក្នុង​ព្រឹត្តិការណ៍​​ធ្លាក់​យន្តហោះ​។​

ក្រុម​អ្នក​ស៊ើប​អង្កេត​អន្តរជាតិ​មួយ​ក្រុម​​សន្និដ្ឋាន​នៅ​ក្នុង​ខែ​ឧសភា​ ឆ្នាំ ​២០១៨ ​ថា​ បុរស​ទាំង ៤ ​នាក់ ​មាន​ឧបករណ៍​បាញ់​បង្ហោះ​ដែល​ជាក​ម្មសិទ្ធិ​របស់​កងពល​តូច​មីស៊ីល​ប្រឆាំង​យន្តហោះ​ទី​៥៣​ របស់​រុស្ស៊ី​ដែល​ប្រើ​ដើម្បី​​​​បាញ់​ទម្លាក់​យន្តហោះ​ MH17 ​ដែល​កំពុង​ធ្វើ​ដំណើរ​ពី​រដ្ឋ​ធានី​អាំស្ទ៊ែរដាំ​ទៅ​កាន់​រដ្ឋធានី​គូឡាឡាំពួ​។​ ​

ព្រះរាជ​អាជ្ញា​​បន្ថែម​ថា​ ក្រុម​នេះ​​ [​ជន​ជាប់​ចោទ​]​ធ្វើ​ការ​រួម​គ្នា​ដើម្បី​ទទួល​បាន​មីស៊ីល ​Buk ​ពី​​រុស្ស៊ី​ទៅ​កាន់​ភាគ​ខាង​កើត​អ៊ុយក្រែន ​ដើម្បី​ពង្រឹង​ក្រុម​បំបែក​ខ្លួន​ ដែល​​បាញ់​មីស៊ីល​​លើ​​ MH17 ​ដោយ​គិត​ថា ​វា​ជា​យន្តហោះ​យោធា​អ៊ុយក្រែន​ក្នុង​ឆ្នាំ ​២០១៤​​​។​​

ជន​ជាប់​ចោទ​ទាំង ​៤ នាក់​​​ បដិសេធ​ការ​ជាប់​ពាក់​ព័ន្ធ​ក្នុង​ឧបទ្ទវហេតុ​នេះ​ ដោយ​លោក ​Dubinsky ​​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ហូឡង់​ថា​ ការ​ស្នើ​សុំ​ការ​កាត់​ទោស ​១ ជីវិត​ពី​ព្រះរាជ​អាជ្ញា​ គឺ​អាច​ទស្សន៍​ទាយ​បាន​ទាំង​ស្រុង​។​ លោក​និយាយ​ថា​៖ ​​«​​កំហុស​របស់​យើង​ត្រូវ​បាន​កំណត់​រួច​ហើយ​»​។​

លោក​ Pulatov ​ដែល​ជា​ចុង​ចោទ​ម្នាក់​ទៀត​ក្នុង​សំណុំ​រឿង​​​បាន​បញ្ជូន​មេធាវី​ឱ្យតំ​ណាង​លោក​ក្នុង​សំណុំ​រឿង​នេះ​ ខណៈ​ដែល​ចុង​ចោទ​ផ្សេង​ទៀត​មិន​បាន​សហការ​ និង​កំពុង​រង​ការ​កាត់​ទោស​ដោយ​កំបាំង​មុខ​៕BY The Phnom Penh Post.

អត្ថបទដែលជាប់ទាក់ទង