អភិបាលខេត្តកំពង់ធំ អញ្ជើញជាអធិបតីបើកកញ្ចប់វិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ចំនួន១០ មណ្ឌល ក្នុងឆ្នាំសិក្សា២០២០-២០២១
(រដ្ឋបាលខេត្តកំពង់ធំ)៖ នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងថ្នាក់ដឹកនាំជាច្រើនរូបផ្សេងទៀត អញ្ជើញចូលរួមក្នុងពិធីបើកកញ្ចប់វិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ក្នុងឆ្នាំសិក្សា២០២០-២០២១ នៅមណ្ឌលប្រឡងចំនួន ១០ មណ្ឌល ស្មើរ១៩៥បន្ទប់ មានបេក្ខជនបេក្ខនារីចំនួន ៤,៨០០នាក់ នៅទូទាំងខេត្តកំពង់ធំ។
នៅក្នុងឱកាសអញ្ជើញជាអធិបតីកាត់ និងបើកវិញ្ញាសាសម្រាប់ការប្រឡងបាក់ឌុបថ្ងៃនេះ ឯកឧត្តម ងួន រតនៈ បានលើកទឹកចិត្តដល់ក្មួយៗ មកប្រឡង សូមខិតខំប្រឹងប្រែងបញ្ចេញសមត្ថភាព និងចំណេះដឹងចេះចាំក្នុងខ្លួន ដើម្បីដណ្តើមជ័យលាភីឲ្យបានជាប់និទ្ទេស A និងប្រឡងជាប់ឲ្យបានគ្រប់គ្នា។ ទន្ទឹមនឹងនោះ ក៏ត្រូវរក្សាសុវត្ថិភាពផ្ទាល់ខ្លួននៅពេលកំពុងប្រឡង ហើយការធ្វើដំណើរទៅមកក្នុងពេលប្រឡង ត្រូវពាក់មួកសុវត្ថិភាព និងគោរពច្បាប់ចរាចរណ៍។
សូមបញ្ជាក់ផងដែរថា ដើម្បីទប់ស្កាត់ការចម្លងកូវីដ១៩ មន្ទីរអប់រំខេត្តកំពង់ធំ រួមជាមួយអាជ្ញាធរពាក់ព័ន្ធ បានរៀបចំបេក្ខជនក្នុងមួយបន្ទប់ប្រឡងយ៉ាងច្រើនបំផុតចំនួន២៥នាក់ ដោយរក្សាគម្លាតពីម្នាក់ទៅម្នាក់ទៀតយ៉ាងហោចណាស់ ១,៥ម៉ែត្រ និងបានត្រៀមការឧបករណ៍អនាម័យ មានអាល់កុល ម៉ាស់ ឬជែលគ្រប់បន្ទប់ ហើយមណ្ឌលប្រឡងទាំងអស់ ក៏បានត្រៀមក្រុមគ្រួពេទ្យសម្រាប់ធ្វើតេស្តរហ័ស ដល់បេក្ខជនដែលមានអាការៈសង្ស័យមានរោគសញ្ញាវិជ្ជមានកូវីដ១៩ផងដែរ។