រដ្ឋមន្ដ្រីក្រសួងអប់រំ៖បានអះអាងថាដំណើការ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងថ្ងៃដំបូងនៃឆ្នាំនេះបានប្រព្រឹត្តទៅជាប្រក្រតី
ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំយុវជន និងកីឡា បានអះអាងថាដំណើការ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងថ្ងៃដំបូងនៃឆ្នាំនេះបានប្រព្រឹត្តទៅជាប្រក្រតី ខណៈសិស្សដែលមានវិជ្ជមានជំងឺកូវីដ ១៩ នឹងត្រូវអនុញ្ញាតឱ្យប្រឡងនៅក្នុងលក្ខខណ្ឌពិសេសតាមអនុសាសន៍របស់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្ដី នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា
ឯកឧត្ដម រដ្ឋមន្ដ្រី បានបញ្ជាក់បែបនេះ ក្នុងពេលធ្វើជាអធិបតីភាពបើកហឹបវិញ្ញាសានៅតាមបន្ទប់ប្រឡងសម្រាប់ព្រឹកថ្ងៃទី១នៃដំណើរការសំណេរ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡងថ្ងៃទី ២៧ ធ្នូ ២០២១ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ។
ឯកឧត្ដម រដ្ឋមន្រ្តីបានថ្លែងថា ដោយសារតែការគ្រប់គ្រងជំងឺកូវីដ១៩ បានល្អក្រោមការដឹកនាំរបស់ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ដោយបានផ្ដល់អាទិភាពដល់គ្រូបង្រៀន បានចាក់វ៉ាក់សាំងស្ទើរតែ១០០ភាគរយ និងសិស្សានុសិស្សមានអាយុចន្លោះពី៥ឆ្នាំ រហូតដល់១៨ឆ្នាំ ក៏បានចាក់វ៉ាក់សាំង ១០០ភាគរយដែរ លើកលែងអ្នកមានជំងឺប្រចាំកាយ។
ឯកឧត្ដម រដ្ឋមន្រ្តីថ្លែងថា៖«យើងឃើញថាអ្វីដែលជាការព្រួយបារម្ភដំបូងរបស់ក្រសួងគឺជំងឺកូវីដ១៩ ក៏ប៉ុន្ដែយើងឃើញថានាពេលបច្ចុប្បន្ននេះគឺដោយសារយើងអាចគ្រប់គ្រងជំងឺកូវីដ១៩បាន ដូច្នេះការដំណើការការប្រឡងនេះគឺដំណើការដូចប្រក្រតីស្ទើរតែដូចកាលពីពេលមុនមានជំងឺកូវីដ១៩។ ក៏ប៉ុន្ដែក្រសួងនៅតែតម្រូវឱ្យបុគ្គលិកអប់រំ និងសិស្សានុសិស្ស ត្រូវគោរពតាមបទដ្ឋានរបស់ក្រសួងសុខាភិបាលនិងបទប្បញ្ញត្ដិដែលក្រសួងអប់រំ យុវជន និងកីឡាបានដាក់ចេញ ជាពិសេសគឺវិធានការ ដែលសម្ដេចតេជោលោកបានដាក់ចេញ គឺ៣កុំ ៣ការពារ»។
ឯកឧត្ដម រដ្ឋមន្រ្តីបញ្ជាក់ថា៖«យើងឃើញថា ដំណើការប្រឡងមានដំណើការល្អដូចប្រក្រតី ដោយសិស្សមុនចូលបន្ទប់ប្រឡងមានការវាស់កម្ដៅ ហើយមើលទៅមិនមានសញ្ញាអ្វីដែលគួរឱ្យព្រួយបារម្ភឡើយ ក៏ប៉ុន្ដែយើងត្រូវតែប្រុងប្រយ័ត្ន មានន័យថា ក្រសួងបានចាត់ចែងឱ្យចែកម៉ាស់នៅតាមមណ្ឌលឱ្យសិស្ស ក៏ដូចជាបុគ្គលិកអប់រំ ត្រូវតែពាក់ម៉ាស់»។
បើតាមឯកឧត្ដម រដ្ឋមន្រ្តី ហង់ជួន ណារ៉ុន ដោយអនុវត្ដតាមអនុសាសន៍ របស់សម្តេចតាជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងអប់រំ យុវជននិងកីឡា អនុញ្ញាតឱ្យកីឡាករ ២រូប ដែលមានវិជ្ជមានជំងឺកូវីដ១៩ ប្រឡងបាក់ឌុបថ្ងៃ ២៧-២៨ ធ្នូ ២០២១ នៅមណ្ឌលព្យាបាលកូវីដ១៩។ ចំណែកអ្នកមានវិជ្ជមានផ្សេងទៀតក្រសួងនឹងរៀបចំលក្ខខណ្ឌពិសេសឱ្យប្រឡងផងដែរ។
ឯកឧត្ដម រដ្ឋមន្រ្តីថ្លែងថា៖«ជារួមសម្ដេចនាយករដ្ឋមន្រ្តីលោកក៏បានដាក់ចេញជាបទប្បញ្ញត្តិបន្ថែមដោយសារតែ…យើងដឹងហើយថា យើងត្រូវថ្លឹងថ្លែងរវាងការការពារនិងអនាគតរបស់សិស្ស។អ៊ីចឹងបើសិនឱ្យអ្នកមានជំងឺកូវីដ១៩ចូលមកប្រឡងនឹងគេឯងដែរ អាចធ្វើឱ្យមានការភ័យខ្លាច ឧទាហរណ៍ថា យើងកំពុងតែធ្វើលំហាត់ ស្រាប់តែភ័យភ្លេចមេរៀនអស់។អ៊ីចឹង ការភ័យខ្លាចនេះរឿងឈឺនេះធ្វើឱ្យយើងភ្លេចហើយក៏ធ្វើឱ្យគ្រូនិងអនុរក្សគាត់ភ័យខ្លាចដែរមិនអាចធ្វើការបានពេញដៃពេញជើងទេ។ ដូច្នេះហើយបានជាយើងត្រូវប្រយ័ត្នថាមិនត្រូវឱ្យអ្នកជំងឺដែលឈឺមកចូលប្រឡងដូចគេដូចឯងទេ»៕