រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បញ្ជាក់ពីឆន្ទៈក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម សេដ្ឋកិច្ចនិងចំណងការទូត ជាមួយប្រទេសជាសមាជិកអង្គការ OIF

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ពីឆន្ទៈក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម សេដ្ឋកិច្ច និងចំណងការទូត ជាមួយប្រទេសជាសមាជិកអង្គការ OIF ដែលកត្តាទាំងនេះ នឹងផ្តល់សារៈសំខាន់ដល់កម្ពុជា និងប្រទេសក្នុងតំបន់ ជាពិសេសចំណងសហប្រតិបត្តិការលើពហុវិស័យ រួមមាន វប្បធម៌ ទេសចរណ៍ សង្គមកិច្ច និងចូលរួមចំណែកស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីទទួលផលប៉ះពាល់ដោយជំងឺរាតត្បាតសកលកូវីដ-១៩ ។

ការបង្ហាញឆន្ទៈបែបនេះរបស់ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានធ្វើឡើងក្នុងពិធីអញ្ជើញជាអធិបតី ប្រកាសបើកកម្មវិធី ជំនួបសេដ្ឋកិច្ចហ្វ្រង់កូហ្វូន ដែលធ្វើឡើងនៅរាជធានីភ្នំពេញ ក្រោមកិច្ចសហការរៀបចំដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងអង្គការក្រុមប្រទេសនិយាយភាសារបារាំង (OIF) កាលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១។

ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍និងគាំទ្រដល់បេសកកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មហ្វ្រង់កូហ្វូនី ដែលត្រូវបានផ្តួចផ្តើមដោយអង្គការOIF ក្នុងគោលបំណងបង្កើតទំនាក់ទំនងសេដ្ឋកិច្ច រវាងប្រទេសប្រើប្រាស់ភាសាបារាំងនិងប្រទេសក្នុងតំបន់ ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តដល់ប្រតិបត្តិករសេដ្ឋកិច្ច និងវិនិយោគិន OIF មកពីគ្រប់ទ្វីបទាំងអស់ ឱ្យពិនិត្យពី សក្តានុពលពាណិជ្ជកម្មដែលកម្ពុជាមាន និងកាលានុវត្តភាពថ្មីៗ ហើយអាចជ្រើសរើសកម្ពុជា ជាទីតាំងសម្រាប់ពង្រីកសហប្រតិបត្តិការថ្មី ក្នុងតំបន់ និងចូលរួមក្នុងខ្សែច្រវាក់តម្លៃដែលកំពុងមានឧត្តមភាពរីកចម្រើន ។

គួរបញ្ជាក់ថា ប្រទេសជាសមាជិក និងប្រទេសអង្កេតការណ៍ទាំងអស់របស់អង្កការ OIF មានសរុបចំនួន ៨៨ ប្រទេស ហើយនៅឆ្នាំ២០២០ កម្ពុជាសម្រេចបានទំហំពាណិជកម្មសរុប ៩,៦ ប៊ីលានដុល្លារអាមេរិកជាមួយប្រទេស OIF ដោយក្នុងនោះកម្ពុជាបាននាំចេញ ៦,៥ ប៊ីលាន ដុល្លារអាមេរិក កើនឡើងប្រមាណ ៤ភាគរយ ធៀបនឹងឆ្នាំ២០១៩ ៕

អត្ថបទដែលជាប់ទាក់ទង