រដ្ឋមន្ត្រីអប់រំ បញ្ជាក់ថាសញ្ញាបត្របាក់ឌុបឆ្នាំនេះ មានតម្លៃដូចសញ្ញាបត្រឆ្នាំមុនៗ

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី២៧ ខែធ្នូ បានប្រព្រឹត្ដទៅដោយរលូន ដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងទុកចិត្តបាន ដើម្បីឱ្យលទ្ធផលសញ្ញាបត្របាក់ឌុបឆ្នាំនេះ មានតម្លៃដូចសញ្ញាបត្រឆ្នាំមុនៗ។

ក្នុងឱកាសអញ្ជើញកាត់បើកកញ្ចប់វិញ្ញាសាប្រឡង នៅវិទ្យាល័យព្រះស៊ីសុវត្តិ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២១ ឯកឧត្តមបណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ដើម្បីធានាបានថា ការប្រឡងប្រព្រឹត្តទៅដោយរលូន ក្រសួងអប់រំ បានពង្រឹងកិច្ចសហការយ៉ាងស្អិតល្មួតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលមានដូចជា ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល កងរាជអាវុធហត្ថ អង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា អគ្គិសនីកម្ពុជា និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ។

ឯកឧត្តម បន្ដថា សម្រាប់កម្រិតវិញ្ញាសាប្រឡង គឺមានស្ដង់ដារដូចទៅនឹងវិញ្ញាសាឆ្នាំមុនៗកន្លងទៅដែរ ដូច្នេះតម្លៃសញ្ញាបត្របាក់ឌុបឆ្នាំ២០២១នេះ គឺមានតម្លៃដូចគ្នានឹងសញ្ញាបត្រឆ្នាំប្រឡងមុនដែរ គឺមិនមែនជាសញ្ញាបត្រអន់ ឬជាសញ្ញាបត្រកូវីដនោះទេ។

 «នៅពេលក្រសួងអប់រំបានបើកឱ្យដំណើរការឡើងវិញក្នុងរយៈពេលបីបួនខែនេះក៏យើងផ្ដល់អាទិភាពឱ្យសិស្សថ្នាក់ទី ៩ ទី១២ ជាចម្បងដែរ បើដូច្នេះសិស្សថ្នាក់ទី ៩ ថ្នាក់ទី ១២ គឺគាត់មានឱកាសច្រើននៅក្នុងការរៀនឡើងវិញ។ ហើយយើងមិនចង់បង្កើតឱ្យសិស្សថ្នាក់ទី១២ ដែលប្រឡងឆ្នាំនេះ មានភាពតូចចិត្តថា គេបង្អាប់គាត់ថា សញ្ញាបត្រកូវីដឡើយ គឺមិនចង់ឱ្យមានការរើសអើង ឬក៏អារម្មណ៍ថាឆ្នាំនេះ អន់ជាងឆ្នាំមុនៗជាដើម។ ដូច្នេះក្រសួងមានគោលដៅថា សិស្សឆ្នាំនេះត្រូវតែបង្កលក្ខណៈឱ្យគាត់ ដោយសារតែគាត់ជួបប្រទះនូវបញ្ហាជីវភាព ទាំងការលំបាកលើការរៀនសូត្ររួចមកហើយ ដូច្នេះបើមានបន្ទុកមួយទៀតគេបង្អាប់គាត់ថា សញ្ញាបត្រឆ្នាំនេះអន់ សញ្ញាបត្រកូវីដ ធ្វើឱ្យសិស្សកាន់តែបាក់ទឹកចិត្ត យើងមិនចង់បង្កើតជាចិត្តសាស្ត្រមួយ ដើម្បីឱ្យគាត់បាក់ទឹកចិត្តទេ ដូច្នេះសញ្ញាបត្រឆ្នាំនេះក៏ដូចជាសញ្ញាបត្រឆ្នាំមុនៗដែរ គឺជាសញ្ញាបត្រមួយដែលមានតម្លៃ គោរពទៅតាមគោលការណ៍របស់ក្រសួង គឺគោលការណ៍ ច្បាប់ យុត្តិធម៌ តម្លាភាព និងគួរឱ្យទុកចិត្តបាន ដើម្បីកុំឱ្យម្ចាស់ក្រុមហ៊ុនក្តី ឬសាលាដែលត្រូវជ្រើសរើស ក្នុងការរៀនបន្តក្តីមានការរើសអើង កុំឱ្យមានអារម្មណ៍អន់ចិត្ត»។

សូមបញ្ជាក់ថា ក្នុងឆ្នាំសិក្សា ២០២០-២០២១ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១១៤ ១៨៣នាក់ ស្រី ៦០ ៣៩៧នាក់ ដោយមណ្ឌលប្រឡងមានចំនួនសរុប ២០៤ មណ្ឌលត្រូវជា ៤ ៦១៦ បន្ទប់ ដោយក្នុងមួយបន្ទប់ មានបេក្ខជនចំនួន២៥នាក់៕

អត្ថបទដែលជាប់ទាក់ទង