Detail Top Banner

សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនអ្នកនយោបាយចាស់វស្សាដែលខ្វះ ភាពក្លាហានក្នុងការ ទទួលខុសត្រូវ ចំពោះការមាក់ងាយសញ្ញាបត្រកូនប្រុសច្បងរបស់សម្ដេច

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្ញើសារដល់អ្នកនយោបាយចាស់វស្សា ប៉ុន្តែខ្វះភាពក្លាហានក្នុងការទទួលខុសត្រូវ ចំពោះការមាក់ងាយសញ្ញាបត្រកូនប្រុសច្បងរបស់សម្ដេច គឺឯកឧត្ដម ហ៊ុន ម៉ាណែត ថា ជាសញ្ញា បត្រប្រភេទ២ ឬ សញ្ញាបត្រយោគយល់នោះ។

នៅលើផេកផ្លូវការ នាថ្ងៃទី២៨ ខែធ្នូឆ្នាំ២០២១ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានសរសេរថា ស្តាប់ក្មេងប្រដៅចាស់ពាល។ ល្អម្យ៉ាងដែរ ប្រៀបដូចជាយកកូនក្របីជល់ជាមួយក្របីចាស់។ បើខឹងកុំលេងបើលេងកុំខឹង(sic) ផ្ញើសារជូនអ្នកនយោបាយចាស់វស្សា ប៉ុន្តែខ្វះភាពក្លាហានក្នុងការទទួលខុសត្រូវ។ សម្ដេចតេជោបានញ្ចេញសាររបស់ ឯកឧត្តម ហ៊ុន ម៉ាណែត បេក្ខជននាយករដ្ឋមន្ត្រីនាពេលអនាគត របស់គណបក្ស ប្រជាជនកម្ពុជាថា ផ្ញើជូនលោក សម រង្សី អ្នកនយោបាយចាស់វស្សាថា « កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩ នៅទីក្រុងឡុងប៊ិច លោកសមរង្ស៊ី ធ្លាប់បាននិយាយមើលងាយថា សញ្ញាបត្ររបស់ខ្ញុំពីសាលាបណ្ឌិតសភាយោធាអាម៉េរិក (United States Military Academy ឬហៅកាត់ថា West Point) ជាសញ្ញាបត្រកម្រិត២ ដែលផ្ដល់ឱ្យជាកិត្តិយសសម្រាប់និស្សិតនាយទាហានបរទេសដែលរៀនក្រោមស្តង់ដារ។ ដើម្បីការពារនូវកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ខ្ញុំ ក៏ដូចជារបស់និស្សិតនាយទាហានខ្មែរជាច្រើនរូបដែលកំពុងសិក្សានិងដែលបានបញ្ចប់ការសិក្សានៅសាលា West Point និងសាលាបណ្ឌិត្យសភាផ្សេងទៀតរបស់សហរដ្ឋអាមេរិក និងនៅតាមប្រទេសនានាលើសកលលោក ខ្ញុំបានទាមទារឱ្យលោក សម រង្ស៊ី ធ្វើការបង្ហាញនូវភស្តុតាង ដើម្បីការពារនូវពាក្យសំដីក្នុងចេតនាមាក់ងាយរបស់គាត់ តាមរយៈការភ្នាល់គ្នា។

ជាការឆ្លើយតបនៅពេលនោះ លោក សម រង្ស៊ី មិនត្រឹមតែមិនហ៊ានធ្វើការភ្នាល់នោះទេ ប៉ុន្តែបែរជាបង្វែរប្រធានបទ ហើយព្រមទាំងលើកឡើងថា “មិនចាំបាច់ទៅស្បថស្បែ ឬភ្នាល់គ្នាដូចកូនក្មេងទេ” (sic)។ អ្វីដែលខ្ញុំស្មានមិនដល់ គឺអ្នកនយោបាយចាស់វស្សាម្នាក់នេះ មិនត្រឹមតែខ្វះភាពក្លាហានដើម្បីការពារអំណះអំណាងរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែបែរជាគាត់ នៅតែបន្តវាយប្រហារខ្ញុំរឿងសញ្ញាបត្រ “ប្រភេទ២” ឬ “សញ្ញាបត្រយោគយល់” ដដែលៗ ហើយព្រមទាំងវាយប្រហារ មាក់ងាយ ទៅលើនិស្សិតខ្មែរជាច្រើននាក់ទៀតដែលរៀននៅក្រៅប្រទេស ដោយថាសាកលវិទ្យាល័យបរទេសផ្ដល់សញ្ញាបត្រក្លែងក្លាយ ឬសញ្ញាបត្រយោគយល់ ឱ្យនិស្សិតទាំងនោះ។ ប្រហែលជាបងប្អូននិស្សិតខ្មែរដែលធ្លាប់បានសិក្សា ឬកំពុងសិក្សានៅក្រៅប្រទេសទាំងអស់យល់ច្បាស់ហើយថា តើបងប្អូនត្រូវខិតខំប្រឹងប្រែងយ៉ាងណាខ្លះ ទម្រាំបានទទួលសញ្ញាបត្របញ្ចប់ការសិក្សាពីបណ្តាសាលានៅក្រៅប្រទេស។ជាថ្មីម្ដងទៀតដើម្បីជាការការពារកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ខ្ញុំក្នុងនាមជានិស្សិតម្នាក់ដែលបានបញ្ចប់ការសិក្សានៅក្រៅប្រទេស (និងដើម្បីជាតំណាងឱ្យនិស្សិតខ្មែរទាំងអស់ដែលរៀននៅក្រៅប្រទេសដែលត្រូវលោក សម រង្សី មើលងាយ) ខ្ញុំសូមបបួលលោក សម រង្ស៊ី ធ្វើការភ្នាល់គ្នាម្ដងទៀត ហើយសង្ឃឹមថាលោក សម រង្ស៊ី នឹងមិនប្រើយុទ្ធសាស្ត្រមាន់ត្រចៀកសម្ដងទៀតទេ (មាន់ត្រចៀកស គឺវាយគេពីក្រោយខ្នង ដល់គេបកមកវាយតបវិញ រត់គេចបាត់។ ដល់ពេលគេដើរចេញ គឺវាចាប់ផ្តើមដេញវាយគេពីក្រោយខ្នងទៀត)។ លក្ខណ្ឌនៃការភ្នាល់៖ ខ្ញុំបានរៀននៅបណ្ឌិតសភាយោធាអាម៉េរិក (West Point) ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យញូវយ៉ក (New York University) ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និង នៅសាកលវិទ្យាល័យប្រ៊ីសស្តុល (Bristol University) នៅចក្រភពអង់គ្លេស ថ្នាក់បណ្ឌិតផ្នែកសេដ្ឋកិច្ច។ បើសិនជាលោក សម រង្ស៊ី អាចឱ្យសាលាទាំងបីនេះបញ្ជាក់ថា ហ៊ុន ម៉ាណែត កាលនៅរៀនទីនោះគឺគ្មានសមត្ថភាព ឬរៀនក្រោមស្តង់ដាររបស់សាលា ហើយសាលាបានផ្ដល់សញ្ញាបត្រឱ្យ ហ៊ុន ម៉ាណែត ដែលជាសញ្ញាបត្រប្រភេទ២ ឬសញ្ញាបត្រយោគយល់ ខ្ញុំនឹងលាលែងពីបេក្ខភាពជានាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជន។ ផ្ទុយទៅវិញបើលោក សម រង្ស៊ី មិនអាចឱ្យសាលាបញ្ជាក់ជាផ្លូវការថា សញ្ញាបត្រដែលសាលាទាំងនោះផ្តល់ឱ្យ ហ៊ុន ម៉ាណែត ជាសញ្ញាបត្រប្រភេទ២ ឬសញ្ញាបត្រយោគយល់ទេនោះ សូមលោកសម រង្ស៊ី លាឈប់ពីឆាកនយោបាយចាប់ពីពេលនេះតទៅ។ ករណីលោក សម រង្ស៊ី ឯកភាព ដើម្បីឱ្យមានតម្លាភាពក្នុងការបញ្ជាក់នេះ យើងអាចរៀបចំក្រុមការងារចម្រុះមួយ ដែលរួមមានភាគីខាងលោក សម រង្ស៊ី និងភាគីខាងខ្ញុំ ដើម្បីទំនាក់ទំនងសុំការបំភ្លឺពីសាលាទាំងបីដែលខ្ញុំធ្លាប់រៀន។ បន្ថែមលើនេះ យើងក៏អាចឱ្យក្រុមការងាររបស់វិទ្យុអាស៊ីសេរី VOA RFI,…,។ល។ ទៅយកព័ត៌មានផ្ទាល់តែម្តង កុំឱ្យលោកបារម្ភថា រាជរដ្ឋាភិបាលកម្ពុជាដាក់សម្ពាធទៅលើសាលាទាំងបីនោះមិនឱ្យបញ្ជាក់ការពិត។ តើលោក សម រង្ស៊ី ហ៊ានភ្នាល់ជាមួយខ្ញុំទេ? ខ្ញុំសង្ឃឹមថាលោក សម រង្សី នឹងមិនចេញសារដូចលើកមុន ដែលសុំមិនចាំបាច់ទៅស្បថស្បែ ឬភ្នាល់គ្នាដូចកូនក្មេង។ ព្រោះកូនក្មេងម្នាក់នេះលែងជឿអ្នកនយោបាយចាស់វស្សាដែលនិយាយបាតដៃខ្នងដៃ ឬប្រើយុទ្ធសាស្ត្រមាន់ត្រចៀកសទៀតហើយ។ ខ្ញុំសង្ឃឹមថាអ្នកនយោបាយចាស់វស្សាដូចលោក សម រង្ស៊ី ប្រាកដជាមានភាពក្លាហាន ក្នុងការការពារនូវអំណះអំណាងរបស់ខ្លួន ដែលបានលើកឡើងជាសាធារណៈម្តងហើយ ម្តងទៀត ដើម្បីវាយប្រហារក្មេងជំនាន់ក្រោយដូចជារូបខ្ញុំ។ លោក សម រង្ស៊ី បានវាយប្រហារឪពុករបស់ខ្ញុំជាច្រើនទស្សវត្សរ៍ហើយ ប៉ុន្តែទៅមុខមិនរួច។ ឥឡូវបែរមកវាយប្រហារលើខ្ញុំដែលជាក្មេងជំនាន់ក្រោយទៅវិញ។ បើលោកជ្រុលជាធ្វើអីចឹងទៅហើយ សូមលោកបង្ហាញភាពក្លាហានផងទៅ កុំឱ្យក្មេងមើលស្រាលថាមនុស្សចាស់វស្សាតែគ្មានភាពក្លាហានក្នុងការទទួលខុសត្រូវ ចំពោះអ្វីដែលខ្លួនបាននិយាយឬធ្វើ។ ណាមួយលោកមានអាយុច្រើនជាងឪពុកខ្ញុំផង គួរកុំឱ្យខូចឈ្មោះនៅចំពោះមុខក្មេងជំនាន់ក្រោយ។

ជាសីលធម៌និងគុណធម៌ក្នុងការរស់នៅ ខ្ញុំតែងតែគោរពមនុស្សចាស់ទុំ។ ប៉ុន្តែបើមនុស្សដែលមានវ័យចំណាស់ អាងតែមានអាយុច្រើនហើយ ធ្វើការងារគ្មានការទទួលខុសត្រូវ ជាពិសេសធ្វើការវាយប្រហារដោយគ្មានមូលដ្ឋានមកលើរូបខ្ញុំនោះ ខ្ញុំគ្មានជម្រើសអ្វីក្រៅពីការការពារកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ខ្ញុំទេ។ សូមកុំចោទថាខ្ញុំមិនស្គាល់ចាស់ទុំ៕

អត្ថបទដែលជាប់ទាក់ទង