សម្តេចក្រឡាហោម ស ខេង ៖ កម្ពុជាលុបបំបាត់បានការសួរចម្លើយដោយធ្វើទារុណកម្មជនសង្ស័យ ឬអ្នកទោសនៅក្នុងពន្ធនាគារ
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា «កម្ពុជាបានលុបបំបាត់លើការធ្វើទារុណកម្ម សួរចម្លើយជនសង្ស័យ ឬអ្នកទោសនៅក្នុងពន្ធនាគារ»។ សម្តេចក្រឡាហោម មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការមណ្ឌលយុវនីតិសម្បទា ស្ថិតនៅភូមិបាគូរ ឃុំបាគូរ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលនៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០២១។
សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍លើកឡើងដែរថា មកដល់ពេលនេះកម្ពុជាក៏បានបង្កើតគណៈកម្មធិការជាតិប្រឆាំងការធ្វើទារុណកម្ម (គ.ជ.ប.ទ) ស្របតាមគោលការណ៍របស់អង្គការសហប្រជាជាតិ (អ.ស.ប) ដូច្នេះពុំអាចចាប់ជនសង្ស័យ ធ្វើទារុណកម្មដើម្បីសួរចម្លើយនោះទេ ជនសង្ស័យត្រូវផ្តល់ចម្លើយ ដោយស័្មគ្រស្មោះ ហើយបើទោះបីជា គាត់មានទោសទណ្ឌត្រូវដាក់ក្នុងពន្ធនាគារក្តី ក៏ពុំត្រូវធ្វើទារុណកម្មគាត់នោះដែរ ដោយសម្តេចក្រឡាហោម បានសង្កត់ធ្ងន់ថា «ទាំងមិនទាន់កាត់ទោស និងកាត់ទោសហើយក្តីគឺមិនអាចរំលោភបំពានទៅលើសិទ្ធិរបស់ពួកគេនោះទេ»។
សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍បន្ថែមថា អ្នកទោសនៅក្នុងពន្ធនាគារ បើទោះបីជាត្រូវកាត់បន្ថយសិទ្ធិសេរីភាពយ៉ាងណាក្តី ប៉ុន្តែពួកគេនៅតែមានសិទ្ធិជាច្រើនទៀត ដូចជា សិទ្ធិក្នុងការទទួលបានអាហារហូបចុក សិទ្ធិហាត់ប្រាណថែទាំសុខភាព សិទ្ធិក្នុងការមានទំនាក់ទំនងជាមួយក្រុមគ្រួសារ ដឹងព័ត៌មាន និងសិទ្ធិទទួលបានការអប់រំដើម្បីកែប្រែខ្លួនជាដើម៕