មន្ទីរបរិស្ថានបើកកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារប្រចាំឆ្នាំ២០២១និងលើកទិសដៅអនុវត្តការងារបន្តឆ្នាំ២០២២

កំពង់ឆ្នាំងៈនាព្រឹកថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២១ នៅសាលប្រជុំមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង មានបើកកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២២ បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្ដម អម សុភា អភិបាលរងខេត្ត តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ព្រមទាំងមានការចូលរួមរបស់លោក ម៉ន ផល្លា ប្រធានមន្ទីរបរិស្ថានខេត្ត និង លោក លោកស្រីអនុប្រធានមន្ទី ប្រធានការិយាល័យនិងមន្រ្តីរាជការមន្ទីបរិស្ថានខេត្តផងដែរ ។

បន្ទាប់ពីលោក ម៉ន ផល្លា ឡើងអានរបាយការណ៍ស្តីពីវឌ្ឍនភាពការងារប្រចាំឆ្នាំ២០២១ និងការលើកទិសដៅសម្រាប់អនុវត្តការងារឆ្នាំ២០២២រួចមក ។

ឯកឧត្តម អម សុភា បានមានប្រសាសន៍ថ្លែងនូវការកោត
សរសើរនិងវាយតម្លៃតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង
របស់ថ្នាក់ដឹកនាំនិងមន្រ្តីរាជការមន្ទីរបរិស្ថានខេត្ត សម្រេចបានលទ្ធផលល្អរយះពេលមួយឆ្នាំកន្លងមក និងរាល់លទ្ធសម្រេចបាននៅពេលនេះចូលរួមពិភាក្សាផ្តល់បទពិសោធន៍និងគំនិតផ្តួចផ្តើមថ្មីៗអោយគ្នាទៅវិញទៅមក សម្រាប់ជាធាតុចូលក្នុងការរិះរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានាលើវិស័យបរិស្ថាន ដើម្បីសម្រេចទិសដៅការងារដែលបានដាក់ចេញឆ្នាំ២០២២ សំដៅលើកកម្ពស់កិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។

ក្នុងឱកាសនោះ ឯកឧត្តម សាបូ អូហ្សាណូ មានប្រសាសន៍ថា តាមរយៈកិច្ចប្រជុំបូកសរុបប្រចាំឆ្នាំនាពេលនេះ យើងទាំងអស់
គ្នានឹងមានឱកាសពេញលេញ ក្នុងការចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ ពាក់ព័ន្ធនឹងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព ដែលជាកិច្ចការចម្បងរបស់យើងទាំងអស់គ្នា ក្នុងការចូលរួម និងរិះរកដំណោះស្រាយសមស្របចំពោះបញ្ហានានា ឱ្យបានកាន់តែប្រសើរឡើងថែមទៀត។

ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ដែរថា ក្រសួងបរិស្ថាន និងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានត្រៀមខ្លួនរួចជាស្រេចដើម្បីសហការជាមួយក្រសួង ស្ថាបន និងដៃគូអភិវឌ្ឍន៍ទាំងអស់ ប្រែក្លាយអនុសាសន៍ ដែលកើតចេញពីអង្គប្រជុំនេះ ទៅជាគំនិតផ្តួចផ្តើមគោលនយោបាយ ផែនការសកម្មភាព គម្រោង និងវិធានការជាក់ស្តែងនានា សំដៅធានាបាននូវកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ ព្រមទាំងការអភិវឌ្ឍនិងការរស់នៅដោយចីរភាព សម្រាប់ប្រជាជនកម្ពុជាគ្រប់រូប និងគ្រប់ជំនាន់។

ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងនូវការកោត សរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងប្រកបដោយមនសិការ និងការទទួលខុសត្រូវខ្ពស់របស់ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ជាពិសេសមន្ត្រីឧទ្យានុរក្សទាំងអស់ ដែលបានលះបង់កម្លាំងកាយ និងកម្លាំងចិត្តដោយឥតរុញរាក្នុងការបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តមនេះ។ ទន្ទឹមនឹងនេះ ឯកឧត្តមបានថ្លែងអំណរគុណ ដោយស្មោះ
ចំពោះក្រសួង ស្ថាប័ន ពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងដៃគូទាំងអស់ ដែល បាន ផ្តល់កិច្ចសហការល្អ និងចូលរួមចំណែកក្នុងការ សម្រេច បានសមិទ្ធផលការងារក្នុងបុព្វហេតុវិស័យបរិស្ថាន។
ចុងបញ្ចប់ឯកឧត្តមគណៈអធិបតីក៍បានប្រគល់ជូនប័ណ្ណសសើរដល់មន្រ្តីដែលមានស្នាដៃនិងព្រះសង្ឃដែលមានវត្តរៀបចំបរិស្ថានល្អផងដែរ ។

អត្ថបទដែលជាប់ទាក់ទង