សម្ដេចតេជោ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់អង្ករ ១៤០តោនជូនរដ្ឋបាលរាជធានីដើម្បីចែកជូនទៅខណ្ឌទាំង១៤ បន្តចែកជូនពលរដ្ឋជួបការខ្វះខាត

ភ្នំពេញ៖ អំណោយជាអង្ករចំនួន ១៤០តោន របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានប្រគល់ជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីឲ្យរដ្ឋបាលរាជធានីភ្នំពេញបន្តចែកជូនទៅខណ្ឌទាំង១៤ ចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការចែកជូនបន្តទៅ​ឱ្យបងប្អូនប្រជាពលរដ្ឋជួបការលំបាកខ្វះខាតនៅក្នុងមូលដ្ឋានខណ្ឌនីមួយៗ ។


ពិធីប្រគល់និងទទួលអង្ករខាងលើនេះបានធ្វើឡើង នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ នៅកំពុងផែស្ងួត ទ្រី ភាព ដែលមានទីតាំង ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៥១ ក្នុងស្រុកឧត្តុងខេត្តកំពង់ស្ពឺ ក្រោមវត្តមានលោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញតំណាងឲ្យឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិង ឯកឧត្តម ផាន់ ចាន់ថុល អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងឱ្យអ្នកឧកញ៉ា ទ្រី ភាព និងលោកស្រី គៀង ស្រីនាង ។


ឯកឧត្តម ផាន់ ចាន់ថុល អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍លើកឡើងថា៖ អង្ករដែលបានប្រគល់ជូនមករដ្ឋបាលរាជធានីភ្នំពេញនាពេលនេះ មានចំនួន ១៤០តោន ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈអ្នកឧកញ៉ា ទ្រី ភាព និងលោកស្រី គៀង ស្រីនាង ដើម្បីឲ្យរដ្ឋបាលរាជធានីភ្នំពេញចាត់ចែងបន្ត។


ក្នុងឱកាសនោះលោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញបានមានប្រសាសន៍លើកឡើងថា ៖ អង្គរដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន ១៤០តោននេះ រដ្ឋបាលរាជធានីភ្នំពេញ បានប្រគល់បន្តទៅឲ្យអាជ្ញាធរខណ្ឌទាំង១៤ភ្លាមៗតែម្តង ដោយក្នុងមួយខណ្ឌៗ ទទួលបានអង្ករចំនួន ១០តោន ដើម្បីអោយអាជ្ញាធរខណ្ឌមានលទ្ធភាពបន្តយកទៅចែកប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅក្នុងមូលដ្ឋានរបស់ខ្លួនបន្តទៀត។


នៅក្នុងឱកាសនោះដែរ លោក មាន ចាន់យ៉ាដា តំណាងឲ្យឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាល​រាជធានីភ្នំពេញ ក៏បានថ្លែង នូវការអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្ដេចតេជោ ហ៊ុន សែននិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយសម្តេចទាំងទ្វេតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់​ប្រជាពលរដ្ឋ ដោយបានផ្ដល់នូវអំណោយជាបន្តបន្ទាប់ ជូនទៅបងប្អូនប្រជាពលរដ្ឋទីទ័លក្រនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ។

ជាក់ស្តែងសម្រាប់ពេលនេះ សម្ដេចទាំងទ្វេនៅបានប្រគល់ជូននូវអំណោយជាអង្កររហូតដល់ ១៤០
តោន ដើម្បីអោយរដ្ឋបាលរាជធានី បន្តយកទៅចែកជូនដល់បងប្អូនទាល់ក្រនៅក្នុងរាជធានីភ្នំពេញបន្តទៀត៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង