រដ្ឋបាលខេត្តរតនគិរី បើកកិច្ចប្រជុំសាមញ្ញលើកទី៣១ របស់ក្រុមប្រឹក្សាខេត្ត

ខេត្តរតនគិរី៖ នាព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ រដ្ឋបាលខេត្តរតនគិរី បានបើកកិច្ចប្រជុំសាមញ្ញលើកទី​៣១ របស់ក្រុមប្រឹក្សាខេត្ត នៅសាលប្រជុំក្រុមប្រឹក្សាអាគារA ក្រោមអធិបតីភាពឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្ត និងមានវត្តមានឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ឯកឧត្តមលោកជំទាវជាអភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាព មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត។

កិច្ចប្រជុំនេះមានរបៀបវារៈដូចខាងក្រោម ៖
១. បើកកិច្ចប្រជុំ
២. ពិនិត្យកូរ៉ុម
៣. ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្ដីព្រាង កំណត់ហេតុកិច្ចប្រជុំសាមញ្ញ លើកទី៣០ របស់ក្រុមប្រឹក្សាខេត្ត
៤. ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្ដីព្រាងរបាយការណ៍ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត ប្រចាំខែធ្នូ ឆ្នាំ២០២១ និងលើកទិសដៅការងារ ប្រចាំខែមករា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត
៥. ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្ដីព្រាងស្ដីពីការបង្កើតគណៈកម្មាធិការលទ្ធកម្មរបស់រដ្ឋបាលខេត្ត -ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្ដីព្រាងស្ដីពីការទទួលស្គាល់ ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសក្រុមប្រឹក្សាខេត្តរតនគិរី
៦. ផ្សេងៗ
៧. បូកសរុបលទ្ធផល និងបិទអង្គប្រជុំ។
ថ្លែងនៅក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត បានវាយតម្លៃខ្ពស់ និង​កោត​សរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់​អាជ្ញាធរ​ពាក់ព័ន្ធ ក្នុងការចូលរួម ថែរក្សាសន្តិសុខសណ្តាប់​ធ្នាប់ក្នុងខេត្ត បានល្អប្រសើរ ការចូលរួមទប់ស្កាត់បាននូវការរីករាលដាលនូវជំងឺកូវីដ១៩​ជាមួយរាជរដ្ឋា​ភិបាល ព្រមទាំងបានអនុវត្ត ការងារសម្រេចជោគជ័យទៅតាមទិសដៅផែនការដែល​រដ្ឋបាលខេត្ត​បានដាក់ចេញ តាមខែនីមួយៗ។
ជាមួយគ្នានេះឯកឧត្តមប្រធាន​បានស្នើដល់ឯកឧត្តម លោកជំទាវ មន្រ្ដីរាជការ និងអាជ្ញាធរ​ជំនាញពាក់ព័ន្ធ សូមបន្ដផ្សព្វផ្សាយនិងណែនាំអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ មកទទួលការចាក់វ៉ាក់សាំងដូសទី៣ ឬ​ដូសជំរុញ នៅតាមទីតាំងដែលរដ្ឋបាលខេត្តបានរៀបចំ ដើម្បីការពារខ្លួនកាន់តែប្រសើរពីជំងឺកូវីដ-១៩ ពិសេសជំងឺកូវីដ១៩បំប្លែងថ្មី។
ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានមានប្រសាសន៍កោតសរសើរចំពោះដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដជូនប្រជាពលរដ្ឋសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ និងលើសពីផែនការដែលបានគ្រោងទុក។ ឯកឧត្តមក៏បានក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋានក្រុង ស្រុក និងកងកម្លាំងទាំងបីប្រភេទ មន្ទីរពាក់ព័ន្ធ សូមបន្តខិតខំប្រឹងប្រែងចូលរួម ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅមូលដ្ឋាន ឲ្យបានល្អប្រសើរបន្ថែមទៀត ជាពិសេសត្រូវបន្តសកម្មភាពបង្ក្រាប និងទប់ស្កាត់រាល់បទល្មើស ដែលកំពុងតែកើតមានឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង