Detail Top Banner

រថយន្តបែនដឹកដីខ្នាតធំពាក់ផ្លាកលេខ ខ.ម បើកបុកគូទគោយន្តកន្ត្រៃ ប៉ើងធ្លាក់ចិញ្ចើមផ្លូវ ស្លាប់និងរបួសគួរឲ្យអាណោចអាធ័ម

ខេត្តស្ទឹងត្រែង៖ រថយន្តបែនដឹកដីមួយគ្រឿងខ្នាតធំពាក់ស្លាកលេខ ខ ម 3-2210 បានបើកបរទៅបុក គូទ ចំពីក្រោយ​គោយន្តកន្ត្រៃ ដែលកំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើអុសនៅលើផ្លូវជាតិលេខ៧ ខណៈបើកបរក្នុងទិសដៅស្របទិសគ្នា ដោយគោយន្តត្រៃបានប៉ើងធ្លាក់ពីលើចិញ្ចើមផ្លូវចូលក្នុងព្រៃ បណ្ដាលឱ្យយុវជនម្នាក់បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងនិងរងរបួសធ្ងន់ស្រាលចំនួន២ ហេតុការណ៍គ្រោះថ្នាក់ចរាចរដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង១៧និង២៥នាទីល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ស្ថិតនៅលើកំណត់លេខជាតិ​លេខ​​៧ អាស៊ានកម្ពុជាឡាវ នៅក្នុងភូមិគីឡូលេខ៨ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទី១ឈ្មោះ ឌឿន បែន អាយុ១៤ឆ្នាំ បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ ជនរងគ្រោះទី២ ឈ្មោះ ផាន់ ឌឿន អាយុ២៥ឆ្នាំ មុខរបរកសិករ រងរបួសធ្ងន់និងជនរងគ្រោះទី៣ ឈ្មោះ សន ឆក អាយុ៣៥ឆ្នាំ មានមុខរបរកសិកររងរបួសស្រាលរស់នៅចំណុចស្រែតាប៉ាន ភូមិគីឡូលេខ៨ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា រថយន្តបែនដឹកដីដែលមានផ្លាកលេខ ខ ម 3.2210 ពណ៌ត្រេអ៊ី និងគោយន្តកន្ត្រៃបានបើកបរនៅលើផ្លូវជាតិលេខ៧ ដោយបើកបរមានទិសដៅស្របគ្នា ធ្វើដំណើរពីទិសកើតទៅលិច លុះបើកមកដល់ចំណុចកើតហេតុខាងលើ រថយន្តបែនដឹកដីបានបើកបុកគូទគោយន្តកន្ត្រៃចំពីក្រោយពេញទំហឹង បណ្ដាលឲ្យគោយន្តធ្លាក់ចេញពីផ្លូវចូលក្នុងព្រៃ ជ្រុះអុសរាយប៉ាយពេញផ្លូវ បណ្តាលឲ្យមនុស្សស្លាប់ម្នាក់ភ្លាមៗនៅកន្លែងនិងរងរបួសធ្ងន់ស្រាល ២នាក់។

ចំណែករថយន្តខូចខាតផ្នែកខាងក្បាលតែប៉ុណ្ណោះ រីឯតៃកុងឡានបានរត់គេចខ្លួនបាត់ស្រមោល ក្រោយពេល​កើតហេតុប្រជាពលរដ្ឋបាននាំជនរងគ្រោះដែលរងរបួសធ្ងន់និងស្រាលទៅកាន់គ្លីនិកឯកជននៅភូមិគីឡូលេខ 8ដើម្បីជួយសង្គ្រោះ ដោយឡែកសាកសពរបស់យុវជនដែលបានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យរន្ធត់ខាងលើនោះ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលជំនាញប្រគល់ជូនទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

បច្ចុប្បន្នកម្លាំងប៉ូលីសចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងបានធ្វើការវាស់វែងបាញ់គំនូស ដោយនាំយករថយន្តបែនដឹកដីខ្នាតធំរួមនិងគោយន្តកន្ត្រៃទៅកាន់ស្នងការដ្ឋាននគរបាលខេត្តស្ទឹង​ត្រែង ដើម្បីរងចាំធ្វើការដោះស្រាយនៅពេលក្រោយតាមនីតិវិធីច្បាប់។

ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តបែនដឹកដីខ្នាតធំដែលបង្កគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះជារបស់ម្ចាស់ឈ្មោះ ដា ជាកូនរបស់លោក ដែន ភារម្យ (ហៅឡុំ) សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹង​ត្រែង ដោយរថយន្តនេះបានដឹកដីធ្វើផ្លូវ ចូលទៅភូមិហ៊ានខូ បានស្ថិតនៅក្នុងសង្កាត់សាមគ្គី ក្រុងស្ទឹង​ត្រែង ៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង