ឡើងកាត់ខ្សែភ្លើងដើម្បីយកស្ពាន់ ឆក់ជាប់នៅនឹងបង្គោល

ភ្នំពេញ៖ បុរសម្នាក់បានឡើងទៅលើបង្គោលហើយមានកាន់កន្ត្រៃទៅកាត់ខ្សែភ្លើងដើម្បីយកស្ពាន់ទៅលក់ បណ្ដាលឲ្យខុសច្ចេកទេសត្រូវបានឆក់ជាប់នៅខាងលើសន្លប់ស្ដូកស្ដឹងរងរបួសធ្ងន់។
ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលមួយនេះបានកើតឡើងកាលពីវេលាម៉ោង១១នឹង៣០នាទីព្រឹក ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ស្ថិតតាមបណ្ដោយលេច៣៧១ កែងនឹងសល់ផ្លូវឡា ត្រង់ចំណុចភូមិទ្រា១ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលហេតុការណ៍នេះបានកើតឡើង គេបានឃើញបុរសជាជនរងគ្រោះជិះកងបីឥណ្ឌាមកឈប់ហើយចុះពីកង់បីរួចដើរឡើងទៅលើបង្គោលភ្លើងរួចយកកន្រ្តៃមកកាត់ខ្សែភ្លើងដើម្បីយកស្ពាន់ទៅលក់អេតចាយ ក៏បានជួបសំណាងអាក្រក់ព្រោះកាត់ខុសបច្ចេកទេសទើបបណ្ដាលឲ្យឆ្លងចរន្តអគ្គិសនីឆក់សន្លប់ស្ដូកស្ដឹងនៅជាប់ខាងលើរងរបួសធ្ងន់បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរនោះក៏បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកត្រួតពិនិត្យមើល ហើយក៏បានទាក់ទងទៅដល់មន្ត្រីអគ្គិសនីកម្ពុជាដើម្បីបិទបរ៉េតភ្លើងរួចរាល់រួចឡើងទៅខាងលើដើម្បីដាក់ជនរងគ្រោះចុះមកដល់ដីហើយលើកដាក់ចូលទៅក្នុងរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ប្រាប់ឲ្យដឹងថាជនរងគ្រោះដែលត្រូវបានខ្សែភ្លើងឆក់ខាងលើនេះ មិនទាន់មាននរណាម្នាក់ស្គាល់អត្ដសញ្ញាណរបស់គាត់នៅឡើយទេ ហើយក៏មិនទាន់ដឹងច្បាស់ថា រូបគាត់ផ្នែកខាងជំនាញខ្សែកាប ឬក៏តខ្សែភ្លើងនោះទេ យ៉ាងណាសមត្ថកិច្ចនិងលម្អិតបញ្ជាក់នៅពេលក្រោយ ៕