កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្តាលប្រចាំឆ្នាំ២០២១និងលើកទិសដៅ ឆ្នាំ២០២២

ខេត្តកណ្តាល៖ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ រដ្ឋបាលខេត្តកណ្តាលបានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តក្រោមអធិបតីភាព ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល។ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីនឹងមន្រ្តី​មន្ទីរ ក្រុង ស្រុកទាំង១១ផងដែរ។

មានប្រសាសន៍ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តធ្វើឡើង ដើម្បីដាក់ផែនការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ និងពង្រឹងលើវិធានការបង្កាប និងទប់ស្កាត់អោយបានម៉ឹងម៉ាត់ចំពោះបទល្មើសនានាជាពិសេសបទល្មើសគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក តាមបណ្តាក្រុងស្រុកទាំងអស់ក្នុងខេត្តកណ្តាល។

ឯកឧត្តមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានលើកឡើងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រចាំឆ្នាំ២០២២ ក្នុងឱកាសនោះ ឯកឧត្តមប្រធាន ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់និងកិច្ចខិតខំប្រឹងប្រែងក្នុងការដោះស្រាយបញ្ហាប្រឈមនានាដែលកើតមានឡើងកន្លង​មក ទទួលបានលទ្ធផលល្អប្រសើរនាពេលកន្លងមក។

ឯកឧត្តមក៏បានជម្រុញនិងលើទឹកចិត្តបន្ថែមទៀតដល់​អាជ្ញាធរនិងកងកម្លាំងសមត្ថកិច្ច​គ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវ​បង្កើនការខិតខំ​យកចិត្តទុកដាក់បន្តទៀត លើការរក្សាសន្តិសុខ សណ្តាប់ធ្នាប់និងពង្រឹងការអនុវត្ត​គោលនយោបាយភូមិឃុំមានសុវត្ថិភាពអោយបានល្អប្រសើរ ដើម្បីអោយប្រជាពលរដ្ឋមានជំនឿទុកចិត្តមក​លើតួនាទី និងភារកិច្ចរបស់ខ្លួន តាមរយៈការបំពេញតួនាទីភារកិច្ចបំរើប្រជាពលរដ្ឋប្រកបដោយស្មារតីមនសិការវិជ្ជាជីវ ទទួលខុសត្រូវខ្ពស់ក្នុងការងារ ដែលថ្នាក់លើប្រគល់ជូន ត្រូវគិតផលប្រយោជន៍ជាតិ និងប្រជាជនជាធំ ខិតខំពង្រឹងសមត្ថភាព ចំណេះដឹង និងជំនាញជាប្រចាំដើម្បីប្រសិទ្ធភាពការងារ។ លើសពីនេះ  ឯកឧត្តមអភិបាលខេត្ត ក៏បានជម្រុញ ដល់ប្រធានមន្ទីរ-អង្គភាព អភិបាលក្រុងស្រុក ទាំងអស់ ត្រូវខិតខំបំពេញកាត្វកិច្ចរបស់ខ្លួន បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋអោយបានល្អប្រសើរកើនឡើងទ្វេរដង ជាពិសេសត្រូវដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋដែលនៅសេសសល់កន្លងមក អោយបានឆាប់រហ័ស និងទទួលយកសំណូមពរផងដែរ។ បើយោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្តាលប្រចាំឆ្នាំ២០២១ និងលើកទិសដៅ ឆ្នាំ២០២២ បានអោយដឹងថា៖ក្នុងឆ្នាំ២០២១នេះ បទល្មើសព្រហ្មទណ្ឌកើតឡើង៧៧៩/៦៣៤លើក កើន១៤៥លើក ស្មើ២៣% ក្នុង នោះឧក្រិដ្ឋ៨០/៧១លើក កើន៩លើក ស្មើ១៣% មជ្ឈិម៦៩៩/៥៦៣លើក កើន១៣៦លើក ស្មើ ២៤២៧១ បទល្មើសខាងលើបណ្តាលឲ្យស្លាប់ ២៤នាក់ របួស ៤២៦នាក់ រងគ្រោះ ៣៣០នាក់ បាត់ម៉ូតូ ៤៦គ្រឿង រថយន្ត ២គ្រឿង និងសម្ភារមាសប្រាក់មួយចំនួន។ បទល្មើសគ្រឿងញៀន៖ បង្ក្រាបបានចំនួន ៥៤៤/៥៧៩ករណី ឃាត់ខ្លួនជនសង្ស័យ៩១៣/៨៨១នាក់ ស្រី៥៩/៣៨នាក់ (ជួញដូរ២៣៥ករណី ឃាត់ខ្លួន ៤៤៨នាក់ ស្រី៣៤នាក់ រក្សាទុកសារធាតុញៀនខុសច្បាប់២១៤ករណី ឃាត់ខ្លួន ៣៥៥នាក់ ស្រី២១នាក់ ប្រើប្រាស់២១ករណី ឃាត់ខ្លួន៣៦នាក់ ប្រុស និងអនុវត្តតាមដីកា៧៤ករណី ឃាត់ខ្លួន ៧៤នាក់ ស្រី៤នាក់)។ បង្រ្កាបល្បែងស៊ីសងគ្រប់ប្រភេទចំនួន ១៨៩ករណី ឃាត់ខ្លួន១៨៥នាក់ ស្រី ៥១នាក់។គ្រោះថ្នាក់ចរាចរណ៍កើតឡើង១៨៨/១៦៦លើក ថយ ២២លើកស្មើ១៣ភាគរយ ស្លាប់ ១៤០/១២៥នាក់ កើន ១៥នាក់ ស្មើ ១២ភាគរយ របួសធ្ងន់ស្រាល ២០៧/៣០៨នាក់ ថយ ១០១នាក់ស្មើ៤៩ភាគរយ។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តបានស្នើដល់អាជ្ញាធរក្រុង ស្រុក ត្រូវអនុវត្តតាមសារាចររបស់រាជរដ្ឋាភិបាលលេខ០១សរ​ ស្ដីពីការជំរុញការចាក់វ៉ាក់សាំងកូវីដ១៩ និងការពង្រឹងការអនុវត្តវិធានការសុវត្ថិភាព ផ្នែកសុខាភិបាល ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង។

អត្ថបទដែលជាប់ទាក់ទង