ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ហាយ៉ាហ្សី យ៉ូហ្ស៊ីម៉ាសា រដ្ឋមន្ត្រីការបរទេសជប៉ុន តាមទូរស័ព្ទ

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ហាយ៉ាហ្សី យ៉ូហ្ស៊ីម៉ាសា រដ្ឋមន្ត្រីការបរទេសជប៉ុន តាមទូរស័ព្ទកាលពីម្សិលមិញទៅលើប្រធានបទជាច្រើន។ ជាថ្មីម្តងទៀត ឯកឧត្តមក៏បានថ្លែងនូវអំណរគុណដល់ប្រទេសជប៉ុនចំពោះការគាំទ្រជាហូរហែដល់ការអភិវឌ្ឍប្រទេសកម្ពុជា ក៏ដូចជាការធ្វើជាប្រធានអាស៊ាននៅឆ្នាំនេះ។
ឯកឧត្តម ហាយ៉ាហ្សី យ៉ូហ្ស៊ីម៉ាសា រដ្ឋមន្ត្រីការបរទេសជប៉ុន ក៏បានកត់សម្គាល់ពីវឌ្ឍនភាពមួយចំនួនក្រោយដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីទៅកាន់ប្រទេសមីយ៉ាន់ម៉ា ហើយបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការជួយមីយ៉ាន់ម៉ា ដោះស្រាយបញ្ហារបស់ខ្លួន។ យើងបានឯកភាពគ្នាថាការអនុវត្តពេញលេញនៃកិច្ចព្រមព្រៀងជាឯកច្ឆ័ន្ទ៥ចំណុច គឺជាកត្តាស្នូលដើម្បីសម្រេចការងារនេះ។ ឯកឧត្តមក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយលោកបណ្ឌិត យ៉ូហេ សាសាកាវ៉ា ដែលជាប្រេសិតពិសេសរបស់ជប៉ុនសម្រាប់ការផ្សះផ្សាជាតិនៅមីយ៉ាន់ម៉ា។
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស បានសង្ឃឹមថានឹងបានទទួលឯកឧត្តមនៅកម្ពុជាក្នុងពេលឆាប់ៗនេះ នៅពេលដែលស្ថានភាពជំងឺកូវីដ-១៩ មានភាពធូរស្បើយ ៕