ការកកស្ទះទំនិញនៅព្រំដែនចិន-វៀតណាម មិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ការនាំចេញពីកម្ពុជាទៅចិននោះទេ នេះបើតាមការឲ្យដឹងពីមន្រ្តី និងអ្នកជំនាញ
ភ្នំពេញ៖ មកទល់នឹងបច្ចុប្បន្ននេះ ការដឹកទំនិញពីវៀតណាមនាំចេញទៅប្រទេសចិន នៅតែមានការកកស្ទះ អ្នកមន្រ្តីជំនាញអះអាងថា ពេលនេះធុរជន ដែលនាំទំនិញពីកម្ពុជាទៅចិន តាមប្រទេសវៀតណាម មិនទាន់រងការខាតបង់ខ្លាំងនោះទេ ខណៈអ្នកនាំចេញមួយចំនួន បានបញ្ចៀសមកនាំចេញ តាមផ្លូវទឹកវិញ។
ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១២ ខែមករានេះថា មកទល់នឹងពេលនេះ រថយន្តដឹកទំនិញពីវៀតណាម ទៅចិនប្រមាណ៦ពាន់កុងតឺន័រ ហើយរថយន្តដឹកទំនិញដែលនាំចេញពីប្រទេសចិនមកវៀតណាម និងកម្ពុជា មានប្រមាណ៨ពាន់កុងតឺន័រ នៅតែកក់ស្ទះដដែល។ ប៉ុន្តែតាមព័ត៌មានទទួលបានចុងក្រោយនេះ កុងតឺន័រដែលដឹកទំនិញពីចិនមកវិញ ត្រូវបានអនុញ្ញាតឱ្យចេញមកបានខ្លះជាបណ្តើរៗហើយ លើកលែងតែកុងតឺន័រ ដែលដឹកចេញពីវៀតណាមចូលទៅប្រទេសចិន ដែលក្នុងនោះក៏មានកុងតឺន័រដឹកទំនិញពីកម្ពុជា ទៅចិនតាមច្រកវៀតណាមផងដែរ។
តែយ៉ាងណាក្តី លោកបញ្ជាក់ថា ទំនិញពីកម្ពុជាដែលដឹកជញ្ជូន ទៅប្រទេសចិនតាមច្រកវៀតណាម មានចំនួនតិចតួចប៉ុណ្ណោះ ខណៈបច្ចុប្បន្ននេះ កម្ពុជាបញ្ចៀសមកដឹកជញ្ជូនផ្លូវទឹក តាមកំពង់ផែខេត្តព្រះហនុវិញ។
លោកបញ្ជាក់ថា ការដឹកជញ្ជូនទំនិញពីកម្ពុជា ទៅប្រទេសចិនតាមផ្លូវទឹកគ្មានបញ្ហារាំងស្ទះអ្វីនោះទេ ដោយសារកម្ពុជា បានរៀបចំឯកសារតាម ការតម្រូវរបស់អ្នកបញ្ជាទិញ ។«ចំពោះការទៅតាមផ្លូវទឹក ដូចអត់មានបញ្ហាស្ទះគរអីទេ គ្រាន់តែទំនិញខ្លះ យើងព្យាយាមចេញតាមកំពង់ផែកំពង់សោមក៏នៅតែលំបាក ជាពិសេសទំនិញកសិកម្មយើង នៅប៉ែកខាងជើងនៃប្រទេស ដល់ពេលយើងដឹកតាមផ្លូវគោកមកកំពង់ផែវាឆ្ងាយ ចំងាយ៤០០ ទៅ៥០០គីឡូម៉ែត្រ វាលំបាកដែរ ចំណាយថ្លៃដើមច្រើន ហេតុដូច្នេះហើយ យើងនៅតែចង់ប្រើការឆ្លងកាត់ប្រទេសវៀតណាមនោះ វាចំណាយផ្លូវជិត។ ប៉ុន្តែឥលូវនេះ ជាជម្រើសរបស់យើង គឺយើងប្រើប្រាស់កំពង់ផែក្រុងព្រះសីនុរបស់យើង ដើម្បីជៀសវាងកកស្ទះតាមព្រំដែនគោក របស់ចិន និងវៀតណាម» នេះបើតាមលោកឧកញ៉ា ស៊ិន ចន្ធី បញ្ជាក់បន្ថែម។
ដោយសារតែវិធានការរឹតបន្ដឹងកូវីដ១៩ តឹងរ៉ឹងពីសំណាក់រដ្ឋាភិបាលចិន បានធ្វើឲ្យការដឹកជញ្ជូនទំនិញតាមច្រកព្រំដែនគោករវាងវៀតណាមនិងចិន មានការកកស្ទះយ៉ាងខ្លាំង ដោយមានឡានកុងតឺន័រ ដឹកជញ្ជូនទំនិញរាប់ពាន់គ្រឿងកកស្ទះ នៅតាមព្រំដែនវៀតណាម ជាពិសេសនៅច្រកទ្វារព្រំដែន ខេត្ត Lan Son និងខេត្ត Quang Ninh។
ថ្លែងប្រាប់បណ្តាញព័ត៌មាននៅថ្ងៃទី១២ ខែមករានេះ លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានជំរុញឱ្យអ្នកនាំចេញបង្វែផ្លូវនាំចេញទំនិញពីកម្ពុជាទៅចិន តាមផ្លូវទឹកវិញ ដូចជាតាមកំពង់ផែក្រុងព្រះសីហនុ និងតាមរយៈកំពង់ផែក្រុងភ្នំពេញ ដែលឆ្លងកាត់តាមកំពង់ផែហូជីមិញ និងកំពង់ផែកៃឡាក់របស់វៀតណាមវិញ ហើយសម្រាប់ទំនិញ ដែលត្រូវនាំចេញបន្ទាន់ គួរដឹកតាមផ្លូវអាកាសវិញ ដើម្បីបញ្ចៀសបាននូវការកកស្ទះ ដែលនាំឱ្យមានផលប៉ះពាល់កាន់តែខ្លាំង។
លោកបានឱ្យដឹងយ៉ាងដូច្នេះទៀតថា «ក្នុងប៉ុន្មានថ្ងៃក្នុងសប្តាហ៍នេះ យើងអត់ឃើញមានការជូនដំណឹងអីផ្សេងទៀតទេ ហើយយើងក៏កំពុងពិនិត្យតាមដានថាតើការកកស្ទះនេះ ខាងភាគីចិនគាត់មានវិធានការយ៉ាងម៉េច ហើយកំពុងតែចាត់ចែងដូចម្តេច សម្រាប់បន្ថយ ឬបញ្ចៀសនូវបញ្ហាដែលជាឧបសគ្គ ដល់ការធ្វើពាណិជ្ជកម្មនេះ ហើយយើងសង្ឃឹមថា ភាគីចិនក៏ពិតជាកំពុងតែរកមធ្យោបាយដែរ ភាគីវៀតណាម ក៏ដូចគ្នា ហើយចំពោះយើងការប្រើប្រាស់ផ្លូវផ្សេងៗ គឺជាជម្រើសល្អបំផុត សម្រាប់កាលៈទេសៈបច្ចុប្បន្នក្រោយពីមានការជូនដំណឹងរបៀបនេះ។ ប៉ុន្តែចំពោះយើង កន្លងមកធុរជនមួយចំនួន ក៏បានយកចិត្តទុកដាក់ និងអនុវត្តទៅតាមអ្វីដែលជាការស្នើ ឬក៏ជាការជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មដែរ នេះជាអ្វីដែលយើងចង់ជម្រាបជូន ពីព្រោះកន្លែងស្ទះហ្នឹង គឺវាកើតនៅព្រំដែនចិន និងវៀតណាម មកដល់ពេលនេះយើងអត់ទាន់លឺសូរ ភាគីខាងយើងជាពិសេសរោងចក្រកាត់ដេរ សមាជិកសមាគមផ្សេង ដែលធ្វើការជិតស្និតជាមួយក្រសួងពាណិជ្ជកម្ម ជូនដំណឹងថា រងប៉ះពាល់ដោយសារការបិទនេះនោះទេ»។ លោកបញ្ជាក់បន្ថែមផងដែរថា ទោះបីជាវៀតណាមពិបាកចេញទំនិញទៅប្រទេសចិនក្តី ជាពិសេសទំនិញកសិកម្ម ប៉ុន្តែការទិញទំនិញកសិកម្មរបស់កម្ពុជា ពីសំណាក់ឈ្មួញវៀតណាម មិនភាពប្រែប្រួលនោះទេ ដោយឈ្មួញវៀតណាមនៅបន្តមកទិញកសិផលកម្ពុជា ដោយតម្លៃក៏មិនមានការធ្លាក់ចុះដែរ។
លោកបានបញ្ជាក់បន្ថែមថា «ក្នុងមួយរយៈនេះ យើងសង្កេតសន្ទុះនៃការទទួលទិញទំនិញ ពីយើងពីសំណាក់ឈ្មួញវៀតណាម គឺនៅមានដដែល គឺអត់មានការប្រែប្រួលអីធំដុំ ដែលជាការគួរឲ្យកត់សម្គាល់ថា មកពីបញ្ហាការបិទការព្រំដែននេះទេ ពីព្រោះការទិញផលិតផលកសិកម្មដូចជា ស្វាយចន្ទី។ល។ គឺនៅតែបន្តទិញដោយឈ្មួញវៀតណាមដើរទិញដំឡូង ចំណិតដំឡូងមី នៅតែបន្តទិញ ហើយក៏អត់មានបញ្ចុះតម្លៃ ឬក៏ការវាយតម្លៃទាប ទៅតាមព័ត៌មានដែលយើងទទួលបានពី មន្ទីរពាណិជ្ជកម្មនៅតាមព្រំដែន ជាពិសេសនៅតាមព្រំដែនវៀតណាម ដែលកន្លងមកធ្លាប់មានការលក់ទំនិញជាកសិផល ដូចជាចំណិតដំឡូង គ្រាប់ស្វាយចន្ទី ស្រូវ ដែលទំនិញទាំងនេះខ្លះ ដូចជាចំណិតដំឡូងត្រូវនាំចេញបន្តទៅចិន»៕ by fn