មន្ត្រីរាជការនិងពលរដ្ឋ សម្រុកទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៤ យ៉ាងច្រើនសន្ធឹកសន្ធាប់ នៅព្រឹកថ្ងៃទី១៤ មករានេះ
ភ្នំពេញ៖ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៤ ជួន ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិក នៃរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ រដ្ឋបាលសង្កាត់ទាំង១០៥ មន្ទីរ-អង្គភាពជំនាញជុំវិញ រដ្ឋបាលរាជធានីភ្នំពេញ បុគ្គលិកសុខាភិបាលជួរមុខវិស័យឯកជន និងប្រជាពលរដ្ឋបានដំណើរការហើយ នាព្រឹកថ្ងៃទី១៤មករានេះ នៅតាមទីតាំងដែលបានរៀបចំរួចដោយរដ្ឋបាលរាជធានីភ្នំពេញ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី១៤មករាដែលជាថ្ងៃដំបូងនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៤នេះ គេបានឃើញនៅមន្ទីរពេទ្យបង្អែកដង្កោ មន្ទីរពេទ្យបង្អែកច្បារអំពៅ និងនៅតាមមន្ទីរពេទ្យបង្អែកមួយចំនួនទៀត មានថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិក នៃរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ រដ្ឋបាលសង្កាត់ទាំង១០៥ មន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ បុគ្គលិកសុខាភិបាលជួរមុខវិស័យឯកជន និងប្រជាពលរដ្ឋបានទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៤ យ៉ាងច្រើនសន្ធឹកសន្ធាប់ ទៅតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១២មករា មានន័យថា៖ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់លោក-លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង បុគ្គលិកនៃរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ រដ្ឋបាលសង្កាត់ទាំង១០៥ មន្ទីរ-អង្គភាពជំនាញជុំវិញ រដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងបុគ្គលិកសុខាភិបាលជួរមុខវិស័យឯកជន និងប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញមេត្តាជ្រាបថា ក្នុងគោលបំណងធានាការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ ប្រឆាំងនឹងជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្តគន្លឹះជាពិសេសការខិតខំ ខ្នះខ្នែងស្វែងរកវ៉ាក់សាំងការពារជំងឺកូវីដ-១៩និងការដាក់ចេញវិធានការជំរុញ និងបង្កើនល្បឿនការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ទាំងដូសមូលដ្ឋាននិងដូសជំរុញ ដើម្បីការពារអាយុជីវិតរបស់ប្រជាជន។
ក្នុងន័យនេះ ដោយទទួលបានការប្រគល់ភារកិច្ចពីគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុង ក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) និងអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចតេជោ នាយករដ្ឋមន្រ្តី អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងរាជធានីភ្នំពេញ និងដំណើរការការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៤ ជួនដល់លោក-លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិក នៃរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ រដ្ឋបាលសង្កាត់ទាំង១០៥មន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាល រាជធានីភ្នំពេញ ព្រមទាំងបុគ្គលិកសុខាភិបាលជួរមុខវិស័យឯកជន និងប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ-១៩ ដួសជំរុញ ឬដូសទី៣ ហើយមានគម្លាតចាប់ពី៤ខែឡើង បន្ទាប់ពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ។
ចាប់ពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ខាងមុខនេះ នៅទីតាំង ដែលបានកំណត់ជូនក្នុងតារាងឧបសម្ព័ន្ធ ស្របតាមកាលបរិច្ឆេទ។