ឯកឧត្តម ជុំ កុសល ៖ អ្នកសន្តិភាពនិយម ធ្វើការដើម្បីសន្តិភាពពិភពលោក គេចាត់ទុកបេសកកម្មរបស់មេដឹកនាំកម្ពុជាទៅកាន់ប្រទេសមីយ៉ាន់ម៉ាគឺជា « បេសកកម្មដើម្បីសន្តិភាព »
ឯកឧត្តម ជុំ កុសល បានសរសេរនៅមុននេះ ៥០នាទី តាមបណ្តាញសង្គមថា ៖ “អ្នកសន្តិភាពនិយម ធ្វើការដើម្បីសន្តិភាពពិភពលោក គេចាត់ទុកបេសកកម្មរបស់មេដឹកនាំកម្ពុជាទៅកាន់ប្រទេសមីយ៉ាន់ម៉ាគឺជា « បេសកកម្មដើម្បីសន្តិភាព » ក្នុងក្របខណ្ឌតំបន់ក៏ដូចជាចំណែកនៃពិភពលោក ដែលមានចរិតផ្ទុយគ្នាស្រឡះពីអ្នកសង្គ្រាមនិយម និងជម្លោះនិយម ។
ពួកអ្នកសង្គ្រាម និង ជម្លោះនិយមគេពិតជាចង់ឃើញស្ថានការណ៍នៅមីយ៉ាន់ម៉ារអិលធ្លាក់កាន់តែជ្រៅទៅក្នុងអន្លង់នៃសង្គ្រាមសុីវិល អំពើហិង្សា និងគ្រោះទុរភិក្សងើបមិនរួច ទើបគេមានទស្សនផ្ទុយ និងប្រឆាំងដំណើរទស្សនកិច្ចរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាទៅកាន់មីយ៉ាន់ម៉ា ។
ក្នុងនាមជាសន្តិកររបស់កម្ពុជា និងក្នុងតួនាទីជាប្រធានអាស៊ានប្តូរវេនក្នុងឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែនត្រូវដើរតួនាទីសំខាន់ក្នុងកិច្ចការសម្របសម្រួលស្របតាមធម្មនុញ្ញអាស៊ាន មិនមែនទៅរុញច្រានមីយ៉ាន់ម៉ាឲ្យកាន់តែឯកោ ឬ បន្ថែមទម្ងន់បញ្ហាឲ្យកាន់ធ្ងន់ថែមទៀតនោះទេ ។ មានអ្នកសើចចំអកថា មីយ៉ាន់ម៉ា មិនទុកមុខឲ្យលោក ហ៊ុន សែន ក្រោយពីយល់ព្រមទទួលយកបទឈប់បាញ់មិនទាន់បានប៉ុន្មានថ្ងៃផង បែរជា មីង អ៊ុងឡាំង បើកការវាយបន្តទៀត ។
ត្រង់ចំណុចនេះ ប្រហែលជាពួកគេនឹកមិនឃើញ កាលដែលភាគិខ្មែរក្រហមដើរចេញពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ នៅបន្តសង្គ្រាម ហើយកិច្ចព្រមព្រៀងនោះក្រោមក្រសែភ្នែកជាសាក្សីនៃអង្គការសហប្រជាជាតិផង ម៉េចក៏ពួកគេមិននាំគ្នានិយាយថា ខ្មែរក្រហមមិនទុកមុខឲ្យអង្គការសហប្រជាជាតិផងទៅ ? ។
ក្នុងបេសកកម្មជាប្រវត្តិសាស្ត្រ នៃដំណើរការផ្សះផ្សាបង្រួមបង្រួមជាតិខ្មែរនិងខ្មែរគ្នាឯងរវាង សម្តេចព្រះនរោត្តមសីហនុ និងឯកឧត្តម ហ៊ុន សែន ផង ត្រូវប្រើពេលអស់៤ឆ្នាំ ទើបឈានមកចុះហត្ថលេខាទល់មុខគ្នាបាន ។
ក្រោយចុះហត្ថលេខាហើយ មាន១ភាគីដើរចេញពីកិច្ចព្រមព្រៀង ក៏អង្គការសហប្រជាជាតិធ្វើអីមិនកើត ! ចុះ ត្រឹមដំណើរទស្សនកិច្ចរយ:ពេល២ថ្ងៃទៅកាន់មីយ៉ាន់ម៉ារបស់មេដឹកនាំកម្ពុជា ហើយទទួលបានលទ្ធផលប៉ុណ្ណេះ គឺជាកូនសោគន្លឺះដ៏សំខាន់ណាស់ ប៉ុន្តែពួកសង្គ្រាមនិយមគេមិនសប្បាយចិត្តឡើយ ៕”