ឯកឧត្តម សាយ សំអាល់៖ ការបង្រៀនសិស្សឱ្យមានចរិត និងចិត្តជាសហគ្រិនភាពក្នុងខ្លួន គឺជារឿងសំខាន់

ខេត្តព្រះសីហនុ៖ មានមតិសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ ក្នុងឱកាសអញ្ជើញចុះពិនិត្យសាលាបឋមសិក្សា និងអនុវិទ្យាល័យសាគូរ៉ា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានថ្លែងថា លោកគ្រូអ្នកគ្រូមិនត្រឹមតែបង្ហាត់បង្រៀនកូនសិស្សឱ្យក្លាយជាមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ ឬបុគ្គលិកក្រុមហ៊ុនឯកជនប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវបង្រៀនកូនសិស្សឱ្យចេះរកចំណូល ដោយបណ្តុះគំនិតកូនសិស្សឱ្យមានចរិត កាយវិកា និងចិត្តសហគ្រិនភាពក្នុងខ្លួន នេះគឺជារឿងសំខាន់។
ឯកឧត្តម សាយ សំអាល់ ឱ្យដឹងទៀតថា ដើម្បីឱ្យមានសហគ្រិនភាព ឯកឧត្តមនឹងជួយលើវិស័យសិក្សាមួយចំនួនដល់សិស្សានុសិស្សនៅខេត្តព្រះសីហនុ រួមមាន វិទ្យាសាស្ត្រ បច្ចេកវិទ្យា បច្ចេកទេស គណិតវិទ្យា ឬកម្មវិធីសាលាជំនាន់ថ្មី ដែលសិក្សាលើសិល្បៈ ប្រវត្តិសាស្ត្រ សង្គមជាដើម។
ឯកឧត្តមប្រធានក្រុមការងារបានគូសបញ្ជាក់ឱ្យដឹងទៀតថា ខេត្តព្រះសីហនុជាខេត្តសំខាន់ ជាខេត្តទេសចរណ៍ ជាតំបន់សេដ្ឋកិច្ចពិសេសដែលមានកំពង់ផែ និងអាកាសយានដ្ឋាន ដែលអាចចាត់ទុកថា ជាខេត្តរកចំណូលធំមួយសម្រាប់ប្រទេសកម្ពុជា ហេតុនេះ អ្នកខេត្តព្រះសីហនុត្រូវតែពូកែទាំងចំណេះ ជំនាញ ហើយអាចប្រើប្រាស់ភាសាយ៉ាង តិច២ភាសា ក្រៅពីភាសាខ្មែរជាភាសាកំណើត ក្នុងនោះភាសាអង់គ្លេសជាភាសាចំណេះដឹង និងភាសាចិនជាភាសាពាណិជ្ជកម្ម ដែលទាំងអស់នេះ គឺផ្តើមចេញពីការអប់រំ។
គួរបញ្ជាក់ឱ្យដឹងថា ការចុះពិនិត្យ និងជួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនៃសាលាបឋមសិក្សា និងអនុ វិទ្យាល័យសាគូរ៉ា ស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២​នេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ឈិន ចាន់ពណ៌ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន​ក្រុងព្រះសីហនុ ឯកឧត្តមអិបាលរងខេត្ត អភិបាលក្រុងព្រះសីហនុ ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ សមាជិកក្រុមប្រឹក្សាខេត្ត អង្គភាពជុំវិញខេត្ត រដ្ឋបាលសង្តាត់លេខ១ លោកគ្រូអ្នកគ្រូជាច្រើនរូបទៀត៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង