ក្រសួងមហាផ្ទៃ ដាក់បំរាមមិនឱ្យជនជាតិអាមេរិកឈ្មោះ ចារិត ជិនស័រ ( GENSER JARED) ចូលកម្ពុជាជារៀងរហូត ក្រោយល្មើសច្បាប់អន្តោប្រវេសន៍ និងបំពានដែនយុត្តាធិការតុលាការកម្ពុជា
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់អ្នកព័ត៌មាន ឱ្យដឹងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២នេះថា ក្រសួងមហាផ្ទៃ បានចាត់វិធានការដាក់ ជនជាតិអាមេរិកឈ្មោះ ចារិត ជិនស័រ (GENSER JARED Matthew) ទៅក្នុងប្រព័ន្ធមុខសញ្ញាអន្តោប្រវេសន៍ នៅគ្រប់បណ្តាប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិទាំងអស់ ដោយហាមចូលប្រទេសកម្ពុជាជារៀងរហូត។
លោក ចារិត ជិនស័រ (GENSER JARED) បានធ្វើដំណើរចូលមកប្រទេសកម្ពុជា នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ ដោយប្រើប្រាស់ទិដ្ឋាការទេសចរ ផ្ដល់ដោយស្ថានទូតខ្មែរប្រចាំសហរដ្ឋអាមេរិក និងបានធ្វើដំណើរចេញពីប្រទេសកម្ពុជា នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង២១.៥៨នាទីយប់ តាមជើងយន្តហោះ 0Z740 ឆ្ពោះទៅកាន់ទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់ដូច្នេះថា៖ «ក្រៅពីជាប់ពាក់ព័ន្ធនឹងសកម្មភាពបំពានដែនយុត្តាធិការកម្ពុជា ក្នុងគោលដៅគំរាមកំហែងដល់ឯករាជ្យភាពតុលាការកម្ពុជា ជនជាតិអាមេរិកឈ្មោះ លោក ចារិត ជិនស័រ ក៏បានល្មើសនឹងច្បាប់ស្តីពីអន្តោប្រវេសន៍ ដោយបានប្រើប្រាស់ទិដ្ឋាការខុសពីគោលបំណងស្នើសុំចូលមកកម្ពុជាដើម្បីទេសចរ ប៉ុន្តែបានធ្វើសកម្មភាពផ្ទុយពីប្រភេទទិដ្ឋាការដែលបានអនុញ្ញាត»។
កាលពីពេលថ្មីៗនេះ បន្ទាប់ពីមកដល់ប្រទេសកម្ពុជា លោក ចារិត ជិនស័រ បានតាំងខ្លួនជាមេធាវីអន្តរជាតិ ដោយចូលរួមឃ្លាំមើលដំណើរការសវនាការលើជនជាប់ចោទឈ្មោះ សេង ធាវី និងបានផ្ដល់បទសម្ភាសន៍ លើបណ្តាញសារព័ត៌មាន នៅមុខសាលាដំបូងរាជធានីភ្នំពេញ ដោយបានហៅសវនាការនោះថាជា «សវនាការឆាកល្ខោន»។ លើសពីនេះ បុគ្គលខាងលើ បានព្រមានរាជរដ្ឋាភិបាលថា នឹងមានបញ្ហា បើហ៊ានឲ្យកញ្ញា សេង ធាវី ជាប់ទោសជាដើម។ល។
ជាមួយនឹងការដាក់វិធានការចំពោះជនជាតិអាមេរិករូបនេះ ក្រសួងមហាផ្ទៃ ក៏បានស្នើសុំគោលការណ៍ អនុញ្ញាតឲ្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ផ្សព្វផ្សាយដល់គ្រប់ស្ថានទូតស្ថានបេសសកម្ម និងស្ថានកុងស៊ុលរបស់កម្ពុជានៅបរទេសមិនអនុញ្ញាតផ្តល់ទិដ្ឋាការចូលដល់ជនជាតិអាមេរិកឈ្មោះ GENSER JARED MATTHEW ចូលកម្ពុជាផងដែរ។ នេះបើតាមនាយឧត្តមសេនីយ៍ ខៀវ សុភ័គ៕