វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៥ លើកទី១ នៅសាលានគរបាលជាតិភូមិភាគ១

ខេត្តស្ទឹងត្រែង៖ ដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ទី២២ ខែមករា ឆ្នាំ២០២២ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន បានដឹកនាំមន្ត្រីនៃនាយកដ្ឋានបណ្តុះបណ្តាលមួយចំនួន ដើម្បីបើកវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវ:នគរបាល ជំនាន់ទី១៥ លើកទី១ ដែលមានសិស្សនគរបាលសរុបចំនួន១៦៨នាក់ ដែលកំពុងសិក្សានៅសាលានគរបាលជាតិភូមិភាគ១ ស្ថិតក្នងខេត្តស្ទឹងត្រែង។

ជាកិច្ចដំបូង ឯកឧត្តម នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន បានសម្តែងនូវការស្វាគមន៍ចំពោះថ្នាក់ដឹកនាំសាលា មន្ត្រីអមដំណើរ និងសិស្សនគរបាលទាំងអស់ ដែលកំពុងមានវត្តមានក្នុងឱកាសនោះ។
ជាបន្ទាប់មក ឯកឧត្តមប្រធានគណ:អធិបតី បានគូសបញ្ជាក់ថា ដោយអនុវត្តតាមគោលការណ៍ដែលមានចែងក្នុងព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិក:ដោយឡែកនៃក្របខណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា បេក្ខជនទាំងពីរភេទ ដែលបានប្រឡងជាប់ជាស្ថាពរទាំងអស់ ចាំបាច់ត្រូវតែឆ្លងកាត់វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវ:នគរបាល នៅបណ្ឌិត្យសភានគរបាលកម្ពុជា មុនចេញទៅបម្រើការងារនៅតាមអង្គភាពនានា ក្នុងទូទាំងប្រទេស។

ថ្លែងបន្តក្នុងឱកាសនោះ ឯកឧត្តមប្រធានបានលើកឡើងថា នេះគឺជាថ្ងៃប្រវត្តិសាស្ត្រសម្រាប់ជិវិតប្អូនៗម្នាក់ ដែលបានប្រែក្លាយខ្លួនពីជនស៊ីវិល មកជាសិស្សនគរបាល ហើយនឹងក្លាយជាកងកម្លាំងនគរបាលជាតិកម្ពុជាពេញលក្ខណ: បន្ទាប់ពីការបញ្ចប់វគ្គសិក្សានិងប្រឡងជាប់ជាស្ថាពរពីវគ្គបណ្តុះបណ្តាលនេះ។
ឯកឧត្តមបានថ្លែងបន្តថា ហេតុផលដែលប្អូនៗ ត្រូវឆ្លងកាត់វគ្គបណ្តុះបណ្តាលនេះ ពីព្រោះ÷
– មិនទាន់បានយល់ពីតួនាទី ភារកិច្ច កាតព្វកិច្ច និងបទប្បញ្ញត្តិនានាអំពីនគរបាល
– មិនបានយល់ដឹងអំពីវិជ្ជាជីវ:ជាកងកម្លាំងនគរបាល
– មិនបានយលល់ដឹងអំពីបទវិន័យកងកម្លាំងនគរបាល
– មិនបានយល់ដឹងអំពីលំហាត់របៀបនិងយុទ្ធវិធីនគរបាលល
– មិនទាន់ចេះប្រើប្រាស់អាវុធ តាមបច្ចេកទេសនិងមិនដឹងអំពីរបៀបរបបការងារនគរបាល។ល។
ឯកឧត្តម នាយឧត្តមសេនីយ៍ បានថ្លែងបន្តថា បណ្ឌិត្យសភាបានប្រកាន់ខ្ជាប់នូវគោលការណ៍បីយ៉ាងគឺ៖ ១- គោលការណ៍សមធម៌ ២- គោលការណ៍មិនលម្អៀង និង៣- វប្បធម៌គុណភាព។
– គោលការណ៍សមធម៌ គឺអ្នកដែលខិតខំយកចិត្ដទុកដាក់សិក្សារៀនសូត្រនិងគោរពវិន័យបានល្អ ពិតជាទទួលបានជោគជ័យនិងមានការលើកទឹកចិត្ដ។
– គោលការណ៍មិនលម្អៀង គឺមិនមានការយោគយល់ ឬមានការលើកលែង ឬអនុគ្រោះអ្វីទាំងអស់ ចំពោះអ្នកដែលមិនបានគោរពវិន័យនិងមិនបានបំពេញគ្រប់លក្ខខណ្ឌនានា ក្នុងការទទួលបានវិញ្ញាបនបត្រ។
– វប្បធម៌គុណភាព គឺវគ្គបណ្ដុះបណ្ដាលនីមួយៗ ផ្ដោតខ្លាំងទៅលើគុណភាព ពោលគឺ និស្សិត សិក្ខាកាម និងសិស្សទាំងអស់ ត្រូវរៀនឲ្យចេះ មិនមែនគ្រាន់តែរៀនឲ្យចប់នោះទេ ហើយគុណភាពមិនអាចសម្របសម្រួលបានទេ។

បន្ថែមលើនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ប្រធានគណៈអធិបតី បានដាសតឿនក្រើនរំលឹកដល់ថ្នាក់ដឹកនាំសាលានិងមន្ត្រីទាំងអស់ ត្រូវមានសាមគ្គីភាពផ្ទៃក្នុង ចេះធ្វើការជាក្រុម គោរពឋានានុក្រម យកចិត្តទុកដាក់ឱ្យបានខ្លាំងក្លាលើការគ្រប់គ្រងការងារ ថែរក្សាអនាម័យ បរិស្ថានក្នុងទីធ្លាសាលា កន្លែងស្នាក់នៅ កន្លែងធ្វើការ កន្លែងសិក្សា ។ល។ ពិសេស អនាម័យកន្លែងអាហារដ្ឋាន។

ជាចុងបញ្ចប់ ឯកឧត្តម នាយឧត្តមសេនីយ៍ បានជូនពរដល់ថ្នាក់ដឹកនាំសាលា មន្ត្រី និងសិស្សនគរបាលទាំងអស់មានសុខភាពល្អ និងចៀសឱ្យផុតពីជំងឺឆ្លងកូវីដ១៩និងអូមីក្រុង ដែលកំពុងរាតត្បាតដ៏អាក្រក់នេះ ដោយអនុវត្តតាមវិធានការ៣កុំនិង៣ការពារ ឱ្យបានខ្ជាប់ខ្ជួន៕ អត្ថបទនិងរូបភាព : នាយកដ្ឋានបណ្តុះបណ្តាល
