«សិក្ខាសាលាថ្នាក់តំបន់ ស្តីពី ការផ្តល់បច្ចេកទេសអនុវត្តមុខងារលើវិស័យបរិស្ថានដល់រដ្ឋបាលថ្នាក់ក្រោមជាតិ»


ខេត្តកំពង់ស្ពឺ៖ «សិក្ខាសាលាថ្នាក់តំបន់ ស្តីពី ការផ្តល់បច្ចេកទេសអនុវត្តមុខងារលើវិស័យបរិស្ថានដល់រដ្ឋបាលថ្នាក់ក្រោមជាតិ» រៀបចំដោយក្រសួងបរិស្ថានត្រូវបានប្រារព្ធពិធីបើកជាផ្លូវការកាលពីល្ងាចថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ នៅរដ្ឋបាលសាលាខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ តំណាងឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងដោយមានការអញ្ជើញចូលរួមពី តំណាងក្រសួងមហាផ្ទៃ ក្រសួងមុខងារសាធារណៈ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ ព្រមទាំងតំណាងរដ្ឋបាលខេត្តមន្ត្រីរាជការនៃមន្ទីរ និងរដ្ឋបាលស្រុកមកពីខេត្ត៤ ចូលរួម ដែលរួមមានខេត្តកំពង់ស្ពឺជាម្ចាស់ផ្ទះ ខេត្តកណ្តាល ខេត្ត កំពង់ឆ្នាំង និងខេត្តកោះកុង។ សិក្ខាសាលារយៈពេល ៣ថ្ងៃនេះត្រូវបានឯកឧត្តមរដ្ឋលេខាធិការ នេត្រ ភក្ត្រា គូសបញ្ជាក់ថា ផ្តោតសំខាន់លើកកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ជាពិសេសកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ ក៏ដូចជាស្របតាមចក្ខុវិស័យរបស់ក្រសួងបរិស្ថានក្នុងការកសាងរដ្ឋបាលទំនើប ដើម្បីធានាបាននូវកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍប្រកបដោយចីរភាព។ រូបថតដោយ ឆែម ចាន់ធឿន
















