ឆ្នាំ២០២១ ទោះបីស្ថិតក្នុងគ្រាដ៏លំបាកដោយសារការរីករាលដាលនៃជំងឺកូវីដ.១៩ ក៏រដ្ឋបាលរាជធានីបានបន្តការងារស្តារ ប្រឡាយជាច្រើនខ្សែនៅក្នុងនិងក្រៅក្រុង ដើម្បីរំដោះការលិចលង់ភូមិដ្ឋានប្រជាពលរដ្ឋ

ភ្នំពេញ៖ ក្នុងឆ្នាំ២០២១ដោយមានការណែនាំនិងចង្អុលបង្ហាញពីឯកឧត្តម ឃួង ស្រេង​ អភិបាលរាជធានីភ្នំពេញ មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​ បានសហការជាមួយអាជ្ញាធរដែនដី មួយចំនួនទោះបីស្ថិតក្នុងគ្រាដ៏លំបាកដោយសារការរីករាលដាលនៃជំងំកូវីដ១៩ យ៉ាងណាក៏ដោយក៏ក្រុមជំនាញនៅតែបន្តធ្វើសកម្មភាពស្តារ ប្រឡាយជាច្រើនខ្សែនៅក្នុងរាជធានីភ្នំពេញ ដើម្បីរំដោះការលិចលង់ភូមិដ្ឋានប្រជាពលរដ្ឋ។

ជាក់ស្ដែងពាក់ព័ន្ធការងារនេះលោក ម៉ែន សុខខេន ប្រធានអង្គភាពលូទឹក បូមទឹកនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានអោយដឹងថា ៖ ក្នុងនោះប្រឡាយទឹកដែលក្រុមការងារបានស្តារក្នុងឆ្នាំ២០២១ ដែលជាឆ្នាំញាំញីដោយជំងឺកូវីដ.១៩នោះ អង្គភាពលូទឹកនិងបូមទឹក បានស្តារប្រឡាយទួលពង្រ១ ជាប្រឡាយបេតុងនេះ មានទទឹង ៨ម៉ែត្រ ជម្រៅ២ម៉ែត្រ បណ្ដោយ ៤៥៤៥ម៉ែត្រ ចាប់ពីភូមិព្រៃព្រីងខាងត្បូងដល់បុរីជីបម៉ុង។

ក្នុងនោះមានកាតដាក់លូប្រអប់ទំហំ ២,៦៥ម៉ែត្រគុណនឹង២,៦៥ម៉ែត្រ មានចំនួន៣ជួរប្រវែង៤៤៥ម៉ែត្រ ចាប់ពីបុរីជីពម៉ុងដល់ប្រឡាយបឹងហា។

ដាក់លូប្រអប់ស្របតាមផ្លូវជាតិលេខ៣ ទំហំ ៦ម៉ែត្រគុណនឹង២ ម៉ែត្រប្រវែង១២២០ម៉ែត្រ ចាប់ពីបូរី Green Vill ដល់ដើមប្រឡាយទួលពង្រ និងដាក់លូជ្រុងចំណុចផ្លូវឆ្លងកាត់មានចំនួន៧កន្លែងផងដែរ ។

លោកប្រធានបន្តថា៖ប្រឡាយ ទួលពង្រទី២ ស្ថិតនៅភូមិសាស្រ្តសង្កាត់ចោមចៅ២និងចោមចៅទី១ ខណ្ឌពោធិសែនជយ័ ស្តារភក់ល្បប់ប្រឡាយទួលពង្រ២ បានប្រវែង ៦ ១០០ម៉ែត្រ។ ស្តារភក់ល្បប់ ប្រឡាយ​លូ៥ បានប្រវែង ៩៥០ម៉ែត្រ ដែលជាប្រឡាយដែលគេទទួលស្គាល់ថា ជាប្រឡាយដ៏សំខាន់ ក្នុងការរំដោះទឹកក្នុងមូលដ្ឋានខណ្ឌពោធិសែនជ័យ ខណ្ឌសែនសុខ និងខណ្ឌមានជ័យ ទំលាក់ទៅប្រឡាយម័ល និងបន្តចុះទៅជើងឯក ។

លោកបន្តទៀតថា៖ការស្តារប្រឡាយស្ទឹងមានជ័យ ជាមួយនិងការបុកសុីផាយបេតុងជញ្ជាំងប្រឡាយ ប្រឡាយនេះ អាចបង្ហូរទឹកហូរបានយ៉ាងល្អ ។ ការងារស្តារស្មៅ និងសំរាមប្រឡាយបឹងទំពុន ប្រវែង ៥០០ម៉ែត្រ ទទឹង៣០ម៉ែត្រ ។

ប្រឡាយនេះមានតួនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹកពីប្រឡាយដើមស្លែង ប្រឡាយបារាំង ពិសេសរំដោះទឹកពីក្នុងខណ្ឌ ពោធិសែន ជ័យ ខណ្ឌសែន សុខ ខណ្ឌទួលគោកនិង១ផ្នែកខ្លះក្នុងខណ្ឌចំការមន និងខណ្ឌ៧មករា។ ជាមួយគ្នានោះដែរលោកប្រធានបានអះអាងទៀតថា៖ការស្តារប្រឡាយបឹងត្របែកវិញដោយចាប់ផ្ដើម​អនុវត្តន៍​ការងារកាលពីថ្ងៃទី១០មិនា ២០២១ និងបានបញ្ចប់ថ្ងៃទី៣១ មិនា​២០២១​កន្លងមក៕

អត្ថបទដែលជាប់ទាក់ទង