យុទ្ធនាការជាលើកទី៦ដាំដើមឈើ នៅក្នុងភូមិសាស្រ្តព្រៃលិចទឹកតំបន់ ៣បឹងទន្លេសាប ក្នុងស្រុកព្រះនេត្រព្រះ

ខេត្តបន្ទាយមានជ័យ៖ មានកូនឈើចម្រុះជាង ៣ ០៣០ដើម មានដើមឬស្សី រាំងទឹក និងគ្រាប់ត្នោត ត្រូវយុទ្ធនាការចុះដាំនៅក្នុងភូមិសាស្រ្តព្រៃលិចទឹក ក្នុងដែនជម្រកព្រៃពងកូន នៅចំណុចអូរតាឈិតនិងអូរចារភូមិកំពង់ក្រសាំងនិងភូមិក្របៅឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ កាលពីថ្ងៃទី ២៧ខែមករា ឆ្នាំ២០២២​ ។

លើកនេះយុទ្ធនាការដឹកនាំ ដោយ​ ឯកឧត្តម​ ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត និង​ឯកឧត្ដម​ អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ និង​មាន​ការ​ចូលរួម​ពី​មន្ត្រីគ្រប់ស្ថាប័នពាក់ព័ន្ធ និងកងកម្លាំង ទាំង៣ អង្គភាព រួមមាននគរបាល អាវុធហត្ថ និងយោធា យុវជន ចូលរួមចំនួន ៥៣៧នាក់ ។

សម្រាប់កូនឈឺ៣.០៣០ដើម/គ្រាប់នោះដែលត្រូវបានយកមកដាំរួមមាន៖ ១.ដើមឬស្សី ៥៦០ដើម ២.រាំងទឹក ៦៧០ដើម ៣.គ្រាប់ត្នោត១.៨០០គ្រាប់។ បើបូកនឹង៤លើកមកហើយ ការដាំកូនឈើ គ្រាប់ត្នោត បាន ៩.០០០ប្លាយដើម/គ្រាប់មកហើយ ។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ សូមអរគុណ ចំពោះការចូលរួមយ៉ាងសស្រាក់សស្រាំរបស់ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ មន្ទីរអង្គភាព កងកម្លាំងប្រដាប់អាវុធទាំងអស់ អាជ្ញាធរដែនដីគ្រប់ថ្នាក់ យុវជន ដើម្បីរួមចំណែកដាំឈើឡើងវិញការពារធនធានធម្មជាតិ ព្រៃលិចទឹកសាបរបស់យើង តាមអនុសាសន៍ណែនាំដ៍ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

អភិបាលខេត្តបន្ទាយមានជ័យ បន្តថា : ការដាំកូនឈើឡើងវិញនេះគឺដើម្បីបង្ហាញពីការចូលរួមទាំងអស់គ្នាក្នុងការចូលរួមទប់ស្កាត់ការកាប់ទន្ទ្រានខុសច្បាប់ដីតំបន់៣ ដីព្រៃលិចទឹកបឹងទន្លេសាប ៕

អត្ថបទដែលជាប់ទាក់ទង