ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា បានដឹកនាំកិច្ចប្រជុំ ផ្ទៃក្នុងគណៈកម្មការ
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា បានដឹកនាំកិច្ចប្រជុំ ផ្ទៃក្នុងគណៈកម្មការជាមួយឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា ដើម្បីពិនិត្យ និងពិភាក្សាលើកិច្ចការងារដែលបានអនុវត្តកន្លងមក ការដាក់ទិសដៅការងារទៅមុខ និងប្រជុំប្រមូលជាធាតុចូលក្នុងការត្រៀមរៀបចំកិច្ចប្រជុំរវាងគណៈកម្មការ និងក្រសួងនៃវិស័យទេសចរណ៍ និងវិស័យអប់រំ យុវជន កីឡា នាពេលខាងមុខ។
ក្នុងកិច្ចប្រជុំនេះ សមាជិក សមាជិកា អង្គប្រជុំ ក៏បានចែករំលែកនូវព័ត៌មានអំពីស្ថានការណ៍ការរីករាលដាល និងការគ្រប់គ្រងវិបត្តិកូវីដ១៩ ស្ថានភាពវិស័យទេសចរណ៍ និងបញ្ហាប្រឈមមួយចំនួនដែលបាននឹងកំពុងជួបប្រទះក្នុងមូលដ្ឋានរបស់ខ្លួន។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមប្រធានគណៈកម្មការ បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះឯកឧត្តម លោកជំទាវ សមាជិក សមាជិកានៃគណៈកម្មការទី៧ ទាំងអស់ ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការបំពេញការងារ ក្នុងនាមជាសមាជិកគណៈកម្មការផ្ទាល់ ក៏ដូចជាក្នុងនាមតំណាងរាស្ត្រ ដើម្បីបម្រើប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ជាពិសេសក្នុងដំណាក់កាលវិបត្តិកូវីដ១៩នេះ តាមរយៈការចូលរួមផ្សព្វផ្សាយពីស្ថានការណ៍វិវត្តនៃវិបត្តិកូវីដ១៩ និងចំណាត់ការដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ការជួយជ្រោមជ្រែងសម្រួលទុក្ខលំបាកប្រជាពលរដ្ឋដែលរងគ្រោះ និងការជំរុញការរស់នៅ និងបំពេញការងារស្របតាមគន្លងប្រក្រតីភាពថ្មី នៅតាមមូលដ្ឋានរៀងៗខ្លួន៕ អរគុណសន្តិភាព