ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញទទួលជួបសម្ដែងការគួរសមជាមួយឯកឧត្ដម Saud F.M AL Suwelim ឯកអគ្គរាជទូត អារ៉ាប៊ីសាអ៊ូឌីតប្រចាំនៅទីក្រុងហាណូយ
ភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញទទួលជួបសម្ដែងការគួរសមជាមួយឯកឧត្ដម Saud F.M AL Suwelim ឯកអគ្គរាជទូត អារ៉ាប៊ីសាអ៊ូឌីតប្រចាំនៅទីក្រុងហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរ លើវិស័យទេសចរណ៍ វប្បធម៌ និងប្រពៃណីទំនៀមទម្លាប់ សេដ្ឋកិច្ច ពាណិជ្ជកម្មរវាងប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងរាជធានីភ្នំពេញនិយាយដោយឡែក និយាយជារួមសម្រាប់ព្រះរាជាណាចក្រកម្ពុជាទាំងមូល។
ក្នុងជំនួបនេះផងដែរ ឯកឧត្ដមអភិបាលរាជធានីរាជធានី ថ្លែងអំណរគុណដល់ឯកឧត្ដម ឯកអគ្គរាជទូតដែលមានគម្រោងផ្ដល់ជំនួយឥណទានជូនដល់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនក្នុងរាជធានីភ្នំពេញ។
ឯកឧត្ដមឯកអគ្គរាជទូត ក៏បានថ្លែងអំណរគុណដល់ឯកឧត្ដមអភិបាលរាជធានីភ្នំពេញ និងថ្នាក់ដឹកនាំកំពូលរបស់ព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ដល់នូវសិទ្ធិរស់រានស្មើៗគ្នា មិនថាជាជនជាតិអ្វី កាន់សាសនាអ្វីឡើយ មានសិទ្ធិគោរពប្រតិបត្តិសាសនារៀងៗខ្លួន និងជាប្រទេសដែលគោរពសិទ្ធិមនុស្សបានយ៉ាងល្អ៕ អរគុណសន្តិភាព